Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍បោះជំរំអន្តរជាតិ បានជំរុញឱ្យសិស្ស-និស្សិតកម្ពុជាចេះស្រឡាញ់ជាតិ និងធ្វើការជាក្រុម

បានផុស

នៅ


កម្មវិធីបោះជំរំអន្តរជាតិ (IYF) លើកទី ១២ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ជំរុញឱ្យសិស្ស-និស្សិត ធ្វើការងារជាក្រុម ចែករំលែកបទពិសោធន៍ និងក្លាយជាអ្នកដឹកនាំគំរូចេះស្រឡាញ់ជាតិមាតុភូមិ ត្រូវបានរៀបចំឡើងនៅកម្ពុជាចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីជំរំអន្តរជាតិ ត្រូវបានរៀបចំពិធីបើកជាផ្លូវការ នៅថ្ងៃទី​០១ ខែឧសភា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក សេរី ជំនះ រដ្ឋលេខាធិការ តំណាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ការបោះជំរំអន្តរជាតិឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ការអប់រំចិត្តយុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌” ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF និងលោក លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកនៃប៊ែលធីគ្រុប ព្រមទាំងអ្នកចូលរួម សិស្ស និស្សិត ចំនួនជាង ២០០០នាក់។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា កម្មវិធីបោះជំរំអន្តរជាតិ មានគោលបំណងសំខាន់ៗ ក្នុងនោះ ផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា បានយល់ដឹងបន្ថែមអំពីការអប់រំចិត្តឱ្យចេះស្រឡាញ់ជាតិមាតុភូមិ គ្រួសារ និងខ្លួនឯង ចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ និងសាសនាជាដើម។ ជំរុញឱ្យសិស្ស-និស្សិតកម្ពុជា ចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម (Teamwork) និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក និងមានឱកាសស្តាប់វាគ្មិនកិត្តិយសជាតិ-អន្តរជាតិសំខាន់ៗ ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែម។
តាមរយៈកម្មវិធីនេះ នឹងជួយពង្រឹងយុវជនកម្ពុជាចេះហាត់ពត់ខ្លួនឯង ឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ នាពេលអនាគត (រៀនធ្វើជាអ្នកដឹកនាំ មុនពេលក្លាយខ្លួនជាអ្នកដឹកនាំ)។

សូមជម្រាបជូនថា អង្គការយុវជនអន្តរជាតិ (IYF) បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅឆ្នាំ២០០៤ ដើម្បីអនុវត្តការងារបណ្តុះបណ្តាលអភិវឌ្ឍស្មារតី និងចិត្តគំនិតយុវជន តាមរយៈកម្មវិធីជាច្រើន។ ក្នុងនោះរួមមាន កម្មវិធីស្ម័គ្រចិត្តបម្រើការនៅក្រៅប្រទេស កម្មវិធីបង្រៀនភាសាបរទេស វគ្គបណ្តុះបណ្តាលជំនាញខ្លីៗ កម្មវិធីសិក្ខាសាលាយុវជន កម្មវិធីបោះជំរំភាសាកូរ៉េ កម្មវិធីបោះជំរំភាសាអង់គ្លេស កម្មវិធីវប្បធម៌ពិភពលោក និងកម្មវិធីបោះជំរំអន្តរជាតិ។


គិតចាប់តាំងពីបានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១០ និងភាពជាដៃគូជាមួយ ប៊ែលធីគ្រុប គឺអង្គការយុវជនអន្តរជាតិ បានរៀបចំកម្មវិធីបោះជំរំអន្តរជាតិ (IYF World Camp) បានចំនួន១២លើក នៅរាជធានីភ្នំពេញ តាមរយៈសកម្មភាពដ៏សម្បូរបែបជាច្រើនមានដូចជា ការពិភាក្សាក្រុម ការឡើងធ្វើបទបង្ហាញ ការបង្រៀនអំពីការអភិវឌ្ឍផ្នែកស្មារតី ការបង្រៀនអំពីការអប់រំផ្លូវចិត្ត សិក្ខាសាលាអភិវឌ្ឍជំនាញ ការសម្តែងតន្រ្តី ការបង្ហាញទស្សនីយភាពសិល្បៈ វប្បធម៌ និងសកម្មភាពកីឡា ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម