Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន​អាកាសចរណ៍ ៣១ ត្រៀមផ្ទេរទៅអា​កាស​យានដ្ឋានអន្តរជាតិតេជោ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍នៅអាកាសអន្តរជាតិភ្នំពេញ (ពោធិ៍ចិតុង) ចំនួន ៣១ ត្រៀម​ផ្ទេរ​​ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈមន្រ្តីជំនាញបានចុះវាយតម្លៃចុងក្រោយនៅដើមខែឧសភានេះ ដោយត្រៀម​លទ្ធ​ភាព​បើកដំណើរការនៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០២៥ បើកស្វាគមន៍ភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិ​មកពីក្នុងតំបន់ និងសកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំ​ពេញ​មានចំនួនសរុប ៣១ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៥ នឹងផ្ទេរប្រតិបត្តិការអា​ជីវកម្មមកអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់ បន្ទាប់ពីគម្រោងសាងសង់​អាកាសយាន​ដ្ឋាន​ថ្មីនេះចប់សព្វគ្រាប់។

លោកបានឱ្យដឹងទៀតថា វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ​ស្ទើតែរួចរាល់ទាំងស្រុង ប៉ុន្តែអ្វីដែលយើងនៅ​បន្ត​ពិនិត្យពាក់ព័ន្ធនឹងដំណើរការ​លើលក្ខខណ្ឌ​បច្ចេក​ទេសនៃការផ្ដល់វិញ្ញាបនបត្រ និងលក្ខខណ្ឌ ​នៃការបើកប្រតិបត្តិការ។

លោក សយ សុខាន់ បញ្ជាក់ថា លក្ខខណ្ឌទាំងពីរខាងលើគឺលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋម​ន្ត្រី​​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្ដល់ភារកិច្ចនេះ មកគណៈកម្មការ​ដើម្បីវាយ​តម្លៃលើលក្ខខណ្ឌបច្ចេកទេសឱ្យបានច្បាស់លាស់ ហើយនឹងឆ្លើយតបនៅពីរសប្ដាហ៍ក្រោយថា ប្រ​តិ​​​បត្តិការជាក់លាក់ពេលណា។

លោកបានថ្លែងបញ្ជាក់ថា៖ «ឥឡូវនេះ យើងនៅតែឈរលើគោលការណ៍ថ្ងៃ ១០ ខែកក្កដា ដែលយើងបានគ្រោងទុក ក៏ប៉ុន្តែយើងប្រជុំមួយព្រឹកនេះ គឺយើងស្ដាប់របាយការណ៍ យើងឃើញ​ថា ថ្ងៃ ១០ មិនទាន់ច្បាស់លាស់ទេ អញ្ចឹងរដ្ឋម​ន្ត្រី​​បញ្ជាក់ថា លោក នឹងចុះមកពិនិត្យ ២ សប្ដាហ៍​ក្រោយ អញ្ចឹងលោកឱ្យគណៈកម្មការដឹកនាំវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានសម្រេចចុងក្រោយពីកាលបរិច្ឆេទជាក់លាក់»។

នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋម​ន្ត្រី​​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យវឌ្ឍនភាព​គម្រោង​​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោ។

អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោ​នៅ​ជួរ​មុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលាន​បច្ចុប្បន្ន។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម