ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច ធ្វើសិក្ខាសាលាវិភាគមុខងារដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួងកាន់តែល្អ
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងចូលរួមពី លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងវិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត។

ក្នុងសិក្ខាសាលានេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងថា “ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវការប្តេជ្ញាចិត្ត គាំទ្រ និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខណ្ឌបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។” ជាក់ស្តែង ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារនិរចនាសម្ព័ន្ធរបស់ក្រសួងអធិការកិច្ច ដោយមានកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឆ្នាំ២០២៥ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយបានបំពេញទិន្នន័យ និងផ្ញើឯកសារពាក់ព័ន្ធចប់សព្វគ្រប់ជូនក្រសួងមុខងារសាធារណៈ។

លោកបន្ថែមថា តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ដោយមានការពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័នជាច្រើន ក្រសួងអធិការកិច្ច ជាអធិការកិច្ចរាជរដ្ឋាភិបាល មានសមត្ថកិច្ចធ្វើអធិការកិច្ចលើគ្រប់វិស័យ ដោយមានចែកក្នុងព្រះរាជក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច» មានមុខងារស្នូលចំនួន៤ រួមមាន៖ ១.ការងារអធិការកិច្ច ២.ការងារដោះស្រាយបណ្តឹង ៣.ការងារតាមដានការអនុវត្តច្បាប់ និង ៤.ការងារផ្សព្វផ្សាយច្បាប់ និងវេទិការសាធារណៈ។” “ក្រសួងអធិការកិច្ច បាន និងកំពុងបន្តការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ដោយឈរលើអភិក្រមការពង្រឹងរដ្ឋបាលសាធារណៈ «ការពង្រឹងជាជាងពង្រីក» ដើម្បីរៀបចំឡើងវិញ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួងអធិការកិច្ច និងមន្ទីរថ្នាក់ក្រោមជាតិ សំដៅធានាប្រសិទ្ធភាពការងារ និងជៀសវាងការស្ទួនតួនាទី ភារកិច្ច រវាងអង្គភាពនីមួយៗចំណុះក្រសួងអធិការកិច្ច” នេះបើតាម លោក សុខ សូកេន។
សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំង ២រូប ឱ្យកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ និងតម្រង់ទិសដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីជំរុញ និងពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមទៀត៕




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


