Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋធានី​ប្រទេស​ស៊ីរី ប្រឈមនឹងវិបត្តិខ្វះ​ខាត​ទឹកដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ឆ្នាំ

បានផុស

នៅ

រដ្ឋធានី​ដាម៉ាស (Damascus) ​របស់​ប្រទេសស៊ីរី​​ កំពុងប្រឈមមុខនឹងវិបត្តិ​ខ្វះ​ខាត​​ទឹកដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេលជិត ៧០ ឆ្នាំ​ ខណៈប្រភពទឹកដ៏សំខាន់កំពុងរីងស្ងួត​​គ្មានសល់​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២១ខែឧសភានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពទឹកសំខាន់សម្រាប់រដ្ឋធានី​នៃ​ប្រទេសដែល​ទើប​​​ប្តូរ​របប​ដឹកនាំ​​នៅ​ដើមឆ្នាំនេះ គឺស្ថិតនៅក្រុង Ein al-Fijeh ដែលពេលនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត​គួរ​ឲ្យ​ព្រួយបារម្ភ​។ ប្រភពទឹកនេះមានទីតាំងនៅជ្រលង Barada ខាងក្នុងប្រាសាទ​ Roman មួយហើយបានផ្តល់ទឹកសាបដល់ទីក្រុងដាម៉ាសរាប់ពាន់ឆ្នាំមកហើយ។

ជាធម្មតា ក្នុងរដូវរងា ជ្រលងប្រភពទឹកនេះពោរពេញដោយទឹក​ដែលទទួលបាន​ពី​របប​​ទឹក​ភ្លៀង និងព្រិលរលាយពីភ្នំក្បែរនោះ។ ប៉ុន្តែនៅឆ្នាំនេះ ទឹកភ្លៀងមានកម្រិតទាបខ្លាំងនិងអាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៥៦។ ប្រភពទឹកនេះផ្គត់ផ្គង់ទឹក ៧០% នៃទីក្រុងដាម៉ាស បម្រើប្រជាជនប្រហែល ៥លាននាក់។ ឥឡូវនេះ ទាំងតំបន់ប្រភពទឹកនេះនិងទឹកទន្លេ ជិតរីងស្ងួត​អស់​ហើយ។

ប្រជាជន​នៅ​ក្រុង​ដាម៉ាស​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ធ្ងន់ធ្ងរ។ តំបន់ខ្លះទទួលបានទឹកត្រឹមតែ ៩០នាទីក្នុងមួយថ្ងៃ។ នៅកន្លែងដែលមានការដាច់ចរន្តអគ្គិសនី អ្នកស្រុកមិនអាចបូមទឹកបានទេ។ មនុស្សជាច្រើនត្រូវទិញទឹកថ្លៃពីឡានដឹកប្រេងឯកជន ដែលជាបន្ទុកចំណាយ​ដ៏ធំមួយសម្រាប់ប្រជាជនភាគច្រើនដែលមានចំណូលទាបនៅក្នុងប្រទេសនេះ។

លោក Ahmad Darwish ប្រធាន​អាជ្ញាធរ​ទឹក​របស់​ទីក្រុង​ បាន​និយាយ​ថា បញ្ហា​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​រដូវក្តៅ។ លោក​បាន​សុំប្រជាជនឱ្យ​សន្សំ​ទឹក​គ្រប់​ពេល​ដែល​អាច​ធ្វើ​ទៅ​បានមិនថា ពេល​ងូតទឹក លាង​ចាន ឬ​សម្អាត ខណៈមានផ្ទះចំនួន ១.១ លានខ្នងអាស្រ័យលើប្រភពទឹកនេះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម