Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ខេត្តចំនួន៤នៅកម្ពុជាជួបគ្រោះរាំងស្ងួតប៉ះពាល់ដំណាំស្រូវជាង៤ម៉ឺនហិកតា

បានផុស

នៅ

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩កក្កដានេះថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា រហូតដល់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦មានខេត្តចំនួន៤រួមមានខេត្តកំពង់ធំ, បន្ទាយមានជ័យ,បាត់ដំបងនិងខេត្តសៀមរាបបានរងគ្រោះដោយគ្រោះរាំងស្ងួតបានបណ្តាលឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន  ៤៤៤៥៣ ហិកតាដោយសារខ្វះទឹកស្រោចស្រព្វ ព្រោះពុំមានភ្លៀងគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ក្នុងនោះខេត្តកំពង់ធំប៉ះពាល់១៥២ហិកតា និងផ្ទៃដីប្រឈម ៧,៧៨៨ហិកតា។ចំពោះផ្ទៃដីកសិកម្ម ៧,៧៨៨ ហិកតាត្រូវបានជួយសង្គ្រោះដោយលោកអភិបាលខេត្តកំពង់ធំបានដឹកនាំមន្ទីរជំនាញ ដាក់ម៉ាស៊ីនបូបទឹកចំនួន ៦ កន្លែង និងមានភ្លៀងធ្លាក់បណ្តើរៗ។  ខេត្តសៀមរាបប៉ះពាល់១៩,៥០៣ហិកតានិងមានភ្លៀងធ្លាក់បណ្តើរៗដែរ។,ខេត្តបន្ទាយមានជ័យប៉ះពាល់៦៤៣៦ហិកតា,បិងខេត្តបាត់ដំបងប៉ះពាល់១៨៣៦២ហិកតាសរុបចំនួន៤៤,៤៥៣ ហិកតា ។

លោកបានបន្តទៀតថា រហូតដល់ពេលនេះ ដំណាំស្រូវដែលរងការប៉ះពាល់ដោយគ្រោះរាំងស្ងួតពុំទាន់មានការខូចខាត និងបាត់បង់នៅឡើយទេ។

លោកបានបន្ថែមថា គ្រោះរាំងស្ងួតនេះដោយសារកម្ពុជាក៏បានទទួលរងផលប៉ះពាល់ពីបាតុភូតុអ៊ែលនីណូដូចនៅលើពិភពលោលដែរប៉ុន្តែមិនធ្ងន់ធ្ងទេគ្រាន់តែធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតតិចហើយមិនបានធ្លាក់រាយប៉ាយគ្រប់កន្លែង ។

លោកបានបន្ថែមទៀតថា« បញ្ហានេះប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតីហ៊ុនមាណែតជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានយកចិត្តទុកដាក់ខ្ពស់ដោយបានណែនាំដល់ស្ថាប័នពាក់ព័ន្ធពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នាសម្របសម្រួលនិងត្រៀមលក្ខណៈអន្តរាគមន៍ដល់ប្រជាកសិករ ។ ជាក់ស្តែង លោក គន់ គីម ជាអនុប្រធានបានណែនាំដល់ក្រសួងស្ថាប័នយកចិត្តទុកដាក់និងតាមដាននិងចុះទៅដល់តំបន់ដែលប្រឈមនឹងការខ្វះខាតទឹកដែលមកដល់ពេលនេះមិនទាន់មានស្រូវរងការខូចខាតទេតែអាចប្រឈមនឹងខូចខាតប្រសិនបើមិនមានការអន្តរាគមន៍ទឹកបានទាន់ពេលទេនោះ»។

លោកបានបញ្ជាក់បន្ថែមថា«អ្វីដែលជាការព្រួយបារម្ភនោះគឺថាបាតុភូតអ៊ែលនីណូអាចនឹងអូសបន្លាយយូរធ្វើឱ្យមិនមានភ្ញៀងធ្លាក់បង្កឱ្យខ្វះទឹកស្រោចស្រពស្រែប្រជាកសិករ»។

យ៉ាងណាក៏ដោយ លោកសុទ្ធគឹម កុលមុនី បានលើកឡើងទៀតថាក្រសួងស្ថាប័នពាក់ព័ន្ធបានត្រៀមស្រូវពូជនិងពូជបន្លែរួចរាល់ដើម្បីជួយដល់ប្រជាកសិកររងគ្រោះដោយសារភាពរាំងស្ងួតឬគ្រោះទឹកជំនន់នាខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម