ព័ត៌មានជាតិ
កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភីស្ព័ត វិលចូលធ្វើការវិញ ក្រោយបញ្ចប់ទាំងស្រុងលើសំណើទាំង១០ចំណុច
ភ្នំពេញ ៖ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងលើសំណើចំនួន១០ចំណុច ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលបងប្អូនកម្មករនិយោជិតភាគច្រើនបានចូលធ្វើការវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកស៊ុន មេសា បានថ្លែងថា «ករណីសំណើរបស់បងប្អូននៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត ត្រូវបានដោះស្រាយបញ្ចប់តាំងពីល្ងាចមិញមកម៉្លេះ គឺទាំងក្រុមហ៊ុន ទាំងកម្មករបានយល់ព្រមសម្របសម្រួលគ្នា បើទោះណាចំណុចខ្លះមានភាពលើស និងខ្វះមួយចំនួនដែលមិនមានចែងក្នុងច្បាប់ក៏ដោយ ប៉ុន្តែការឈរលើប្រយោជន៍រួម ក្រុមការងារបានសម្រេចលទ្ធផលប្រកបដោយផ្លែផ្កា»។

លោកបានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការដោះស្រាយសំណើរបស់បងប្អូនកម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័តដើម្បីធានាថា កម្មករទទួលបានលក្ខខណ្ឌការងារល្អប្រសើរស្របតាមច្បាប់ដែលរដ្ឋាភិបាលបានដាក់ចេញ ហើយភាគីនិយោជកត្រូវអនុវត្តឱ្យបាន១០០% ដើម្បីធានាពីអត្ថប្រយោជន៍របស់កម្មករ។ ជាមួយគ្នានេះ ក្រសួងក៏មិនអនុញ្ញាតឱ្យភាគីណាមួយយកកម្មករធ្វើជាលេស ដើម្បីទាញយកប្រយោជន៍ដែលផ្ទុយពីច្បាប់ផងដែរ។

ចំពោះសំណើ ១០ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើរៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា «ក្រសួងរីករាយណាស់ដែលក្រុមកម្មករ និងម្ចាស់រោងចក្រមានភាពចាស់ទុំក្នុងការដោះស្រាយ និងឈរលើប្រយោជន៍រួម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃបរិយាកាសការងារ និងលក្ខខណ្ឌការងារព្រោះរាជរដ្ឋាភិបាលត្រូវការស្តង់ដាការងារមួយដើម្បីធានាពីសុខុមាលភាពរបស់បងប្អូនកម្មករ និងការធានាបាននូវសង្វាក់ផលិតកម្មនៃរោងចក្រ»។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗជាពិសេសអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ចំនួន ១០ចំណុចដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ដល់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនោះកម្មករនិយោជិត គឺជាអាទិភាពមួយសំខាន់ ដែលរាជរដ្ឋាភិបាលបានគិតគូរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលនៅក្នុងនោះរួមមាន ការបន្តឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ប្រចាំឆ្នាំ ការផ្ដល់ការថែទាំសុខភាពដល់សមាជិកក្នុងបន្ទុក និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រួមទាំងការបណ្តុះបណ្តាលជាដើមដែលនេះគឺសុទ្ធសឹងតែជាយន្តការគន្លឹះសំខាន់ៗដើម្បកែប្រែជីវភាពកម្មករនិយោជិត និងលក្ខខណ្ឌការងារ។

ជាមួយនឹងដំណោះស្រាយដែលបានឯកភាពគ្នាកាលពីម្សិលមិញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង រួមទាំងមន្ត្រីជំនាញរបស់ក្រសួង នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ បានផ្សព្វផ្សាយលទ្ធផលដំណោះស្រាយ ដែលបានឯកភាពទាំងស្រុងដើម្បីឱ្យបងប្អូនកម្មករជឿជាក់ និងទុកចិត្តហើយវិលចូលធ្វើការវិញ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


