ព័ត៌មានជាតិ
អតីតនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនចង់វៃគ្នាទេ តែបើគេបំពាន គឺ«យើងមានសិទ្ធិការពារខ្លួន»
ក្រោយមានការវាយឆ្មក់ពីកងទ័ពថៃមកលើកងទ័ពកម្ពុជា រហូតធ្វើឱ្យយោធិនម្នាក់ត្រូវពលីជីវិតនោះ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានចេញមុខបញ្ជាក់ថា ការប្រឈមមុខដាក់ដោយកម្លាំងប្រដាប់អាវុធ គឺមិនមែនជាជម្រើសរបស់កម្ពុជាចង់បាននោះទេ ក៏ប៉ុន្តែបើភាគីម្ខាងទៀតឈ្លានពាន សម្ដេច ថា កម្ពុជា ត្រូវតែប្រើសិទ្ធិតបតទៅវិញ ក្នុងបុព្វហេតុការពារទឹកដី។

កាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំបី ស្ថិតនៅភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានលបបាញ់ប្រហារកងទ័ពកម្ពុជាលើលេណដ្ឋានតែម្ដង ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ។ តាមការអះអាងរបស់ក្រសួងការពារជាតិកម្ពុជា ហើយសភាពការណ៍ហាក់ស្ងាត់ទៅវិញ ក្រោយមានការជួបជជែកតាមប្រព័ន្ធទូរសព្ទរវាងមេកងទ័ពនៃប្រទេសទាំងពីរ។

ស្ថិតនៅក្នុងសភាពការណ៍តានតឹងបែបនេះ អាវុធធុនធ្ងន់យ៉ាងសន្ធឹកសន្ធាប់ រួមទាំងកងកម្លាំងរបស់បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបញ្ជូនទៅកាន់ខ្សែបន្ទាត់ព្រំដែន ហើយក្នុងនោះក៏មានវត្តមានដឹកនាំដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស។
ព័ត៌មានពាក់ព័ន្ធនឹងការចល័តកម្លាំងកងទ័ព និងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បញ្ជាក់ថា«មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»។

ថ្លែងសារពិសេស ចេញពីសាលប្រជុំពេញអង្គនៃវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភានេះ សម្តេចតេជោ បានបន្តថា«យើងមិនយកអាវុធយុទ្ធភ័ណ្ឌដែលកំពុងបញ្ជូនឡើងដែលបានទៅដល់គោលដៅ និងជិតដល់គោលដៅ ដើម្បីទៅវាយប្រហារទៅកាន់ប្រទេសថៃនោះទេ»។ ប៉ុន្តែត្រូវត្រៀមទុកនូវយថាហេតុអាក្រក់បំផុត ព្រោះថា រឿងនេះជាបទពិសោធដែលបានកើតកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១។
ភ្ជាប់នឹងការបញ្ជាក់នេះ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ក៏ដូចជាជឿជាក់លើលទ្ធភាពនៃការដោះស្រាយលើបញ្ហានេះ តាមរយៈការចរចា ជាជាងការដោះស្រាយ តាមរយៈនៃកម្លាំងប្រដាប់អាវុធ។ បើគ្មានការប្រែប្រួលនោះទេ នៅថ្ងៃនេះ មេកងទ័ពជើងគោកកម្ពុជា-ថៃ នឹងជួបចរចាដោយផ្ទាល់ជុំវិញចំពោះសភាពការណ៍ដ៏តានតឹងចំពោះមុខពេលនេះ។

សម្ដេច ហ៊ុន សែន ក៏បានលើកឡើងផងដែរពីការព្រួយបារម្ភចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីនេះ។ សម្ដេច ថា ព័ត៌មានក្លែងក្លាយ គឺជាចំណុចដែលគួរខ្លាចបំផុត ដោយសម្ដេច សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ ដែលមានចរិតអុជអាល ញុះញង់ នឹងនាំដល់សង្គ្រាមរវាងប្រទេសទាំងពីរ ក៏ដូចជាការសម្អប់ជាតិសាសន៍ ដែលធ្វើឱ្យប្រទេសទាំងពីរ បាត់បង់ផលប្រយោជន៍ ក្នុងទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងប្រទេសជាអ្នកជិតខាងគ្នា៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ