ព័ត៌មានជាតិ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចវឌ្ឍនភាព ៥៥,៧៩%
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្តថា ត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម) ប្រវែង ៤៥,៥០៤គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម៥៥,៧៩%ហើយ។

លោក ផន រឹម បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់ ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ។
លោកអ្នកនាំពាក្យក្រសួងសាធារណការ បានបន្ថែមថា ផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។

លោកបានបន្ថែមទៀតថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទ AC (Asphalt concrete) កម្រាស់ ៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ (៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ (ចាស់) ចំនួន ៧ស្ពាន (ស្មើប្រវែងសរុប ១១៦ម៉ែត្រ), លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។
លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
លោកបានបញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ៧ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប…។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
លោក ផន រឹម បានបន្តទៀតថា កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦, ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ។
ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង លោកអ្នកនាំពាក្យក្រសួងសាធារណការ បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
លោក ផន រឹម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


