Connect with us

ព័ត៌មានជាតិ

ជួបអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម, នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបន្តរួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

ជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសវៀតណាម, នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានកើតឡើងចំពោះកម្ពុជា​ និងវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ពិសេសគឺភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរតែម្ដង។ សម្តេចធិបតីបានគូសបញ្ជាក់ពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​នៃប្រទេសទាំងពីរ​លើវិស័យសំខាន់ៗផ្សេងទៀត ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​ ជាដើម។

ការលើកឡើងរបស់សម្ដេចធិបតី បានធ្វើឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម​​ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង គូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងយូរអង្វែង​រវាងវៀតណាម និងកម្ពុជា ដោយលោកបានគូសរំលេចថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូល​នៃប្រទេសទាំងពីរ បាន​និងកំពុងជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកាន់តែដ៏ល្អលើគ្រប់វិស័យ។ នាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ក្នុងការរួមចំណែកពូនជ្រំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កងទ័ពវៀតណាមដែលជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា​ក្នុងវិស័យការពារជាតិ ដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជន​នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត​ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន​នៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម