ព័ត៌មានអន្ដរជាតិ
ស្រ្តីអាមេរិករងរបួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ
មុខរបស់ Jacqueline ត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីសត្វឆ្កែដ៏កាចសាហាវចំនួន ២ ក្បាលបានហក់ទៅខាំលើនាងចំនួន ៨០០កន្លែង។ នាងបានចែករំលែកដំណើរការសង្គ្រោះនិងទទួលការវះកាត់ចំនួន ២៨ដង ព្រមទាំងបានប្រើពេលព្យាបាលជិត៤ឆ្នាំមកហើយ។
រម្លឹកទៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ត្រឹមតែពីរថ្ងៃមុនបុណ្យណូអែល និងមួយសប្តាហ៍មុនថ្ងៃខួបកំណើតអាយុ ២២ ឆ្នាំរបស់នាង Jacqueline Durand (ឥឡូវមានអាយុ ២៥ ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិក) ត្រូវបានវាយប្រហារដោយសត្វឆ្កែពីរក្បាលដែលនៅកៀកផ្ទះ។

មួយគឺប្រភេទឆ្កែអាល្លឺម៉ង់ឈ្មោះ Lucy ហើយមួយទៀតគឺប្រភេទឆ្កែ Pit Bull ឈ្មោះ Bender។ ពួកវាទាំងពីរតែងតែគួរឲ្យស្រលាញ់ពេលជួបមនុស្សចម្លែកជាលើកដំបូង។ ម្ចាស់ផ្ទះតែងតែចាក់សោរនៅក្នុងទ្រុងនៅពេលដែល Jacqueline មកដល់។ ប៉ុន្តែ ពេលនាងចូលមកចំពេកឆ្កែកំពុងមានសេរីក្នុងផ្ទះ។
ភ្លាមៗទ្វារស្រាប់តែបើក Jacqueline ត្រូវបានឆ្កែពីរក្បាលរុញទូរស័ព្ទធ្លាក់ដល់ដី។ បន្ទាប់មក នាងត្រូវបានពួកវាអូសចូលក្នុងបន្ទប់ ហើយរងរបួសជាង ៨០០ កន្លែងដោយសារតែឆ្កែខាំ។ ពួកវាបានខាំច្រមុះ ត្រចៀក បបូរមាត់ ថ្ពាល់របស់ Jacqueline ហើយថែមទាំងដោះសម្លៀកបំពាក់របស់នាងទៀតផង។
Jacqueline បានបាត់បង់ឈាមប្រហែល ៣០% ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នាងត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីសំឡេងរោទ៍របស់ផ្ទះបានរលត់។ វាត្រូវចំណាយពេល ៣៧ នាទី ក្រុមអ្នកជួយសង្គ្រោះដើម្បីទៅដល់ជនរងគ្រោះ ដោយសារតែសត្វឆ្កែទាំងពីរក្បាលនេះ សាហាវណាស់។
នៅមន្ទីរពេទ្យ នាងបានទទួលការវះកាត់សង្គ្រោះបន្ទាន់ដែលមានរយៈពេលប្រាំពីរម៉ោង។ ក្នុងអំឡុងពេលសប្តាហ៍ដំបូង Jacqueline ស្ថិតក្នុងស្ថានភាពសន្លប់។ វេជ្ជបណ្ឌិតបានពិពណ៌នាថា ការវះកាត់នេះមានភាពស្មុគស្មាញខ្លាំង ដោយច្រមុះត្រូវបានបង្កើតឡើងវិញដោយប្រើស្បែកពីតំបន់ក្បែរសរសៃសក់ ហើយបបូរមាត់ត្រូវបានស្ដារឡើងវិញដោយប្រើស្បែកពីភ្លៅឆ្វេង។ ត្រចៀក ថ្ពាល់ និងច្រមុះរបស់នាង ត្រូវកែទម្រង់ដោយប្រើស្បែកពីគូទ និងថ្ងាស។
គិតត្រឹមឆ្នាំ ២០២៥ Jacqueline បានទទួលការវះកាត់ចំនួន ២៨ ដង ហើយ នៅតែជាសះស្បើយ។ រាល់ជំហានគឺជាការខិតខំប្រឹងប្រែងមិនធម្មតាមួយដើម្បីទទួលបានរូបរាង និងជីវិតឡើងវិញ។ នៅលើ TikTok និង Instagram នាងតែងតែអាប់ដេតរូបថត និងចែករំលែកអារម្មណ៍របស់នាងក្នុងដំណើរនៃការជាសះស្បើយ។
ថ្មីៗនេះ Jacqueline បានចែករំលែករូបថតមួយទៀត បន្ទាប់ពីការវះកាត់ ដោយនិយាយថា ភ្នែករបស់នាងនៅតែហើម ប៉ុន្តែនៅតែដំណើរការល្អ។ អ្នកតាមដានមានការសរសើរយ៉ាងពេញទំហឹង ដោយហៅការជាសះស្បើយរបស់នាងថាជាអព្ភូតហេតុ និងអស្ចារ្យ។
ទោះបីជាមានរបួសក៏ដោយ Jacqueline មិនបានលះបង់ការស្រឡាញ់របស់នាងចំពោះសត្វទេ។ នាងរស់នៅជាមួយឆ្កែរបស់នាង Luna ដែលជាមិត្តកំដរអផ្សុកកំឡុងពេលនាងព្យបាលរបួសថែមទៀតផង។ ជាពិសេស នាហមិនខ្លាចក្នុងការចែករំលែកមុខមាត់ពិតទេ។ នាងបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា វាដល់ពេលដែលត្រូវបង្ហាញថា ខ្លួនជានរណា។

ក្រោយពេលកើតហេតុ Jacqueline បានប្តឹងម្ចាស់សត្វឆ្កែ គឺលោកវេជ្ជបណ្ឌិត Bishop និងប្រពន្ធរបស់គាត់ ដោយចោទប្រកាន់ថា ពួកគេបានធ្វេសប្រហែសក្នុងការបណ្តុះបណ្តាល និងគ្រប់គ្រងសត្វ។ ពាក្យបណ្តឹងនេះបានចោទប្រកាន់ថាប្តីប្រពន្ធនេះបានដឹងពីទំនោរឈ្លានពានរបស់សត្វចិញ្ចឹមនេះ, ដូចដែលបានបង្ហាញដោយសញ្ញាឆ្កែឆ្កួត ដែលបានបង្ហោះនៅលើទ្វារខាងមុខ។
រឿងរ៉ាវរបស់ Jacqueline គឺជាការដាស់តឿនដល់សហគមន៍អំពីការយល់ដឹង និងការគ្រប់គ្រងសត្វចិញ្ចឹម។ ទោះបីជានាងមានបទពិសោធន៍ និងស្រឡាញ់សត្វក៏ដោយ ក៏នាងបានក្លាយជាជនរងគ្រោះដោយសារការមិនទទួលខុសត្រូវរបស់ម្ចាស់ឆ្កែ។
យោងតាមស្ថិតិពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់ចំនួន ៤៣៣ នាក់ដោយសារតែការខាំពីសត្វឆ្កែ។ ប្រភេទឆ្កែ Pit Bulls បានបង្កឧប្បត្តិហេតុចំនួន ២៨៤ បន្ទាប់មក ប្រភេទឆ្កែ Rottweilers ដែលមាន ៤៥ដង។ Jacqueline កំពុងប្រើរឿងរបស់នាងដើម្បីលើកកម្ពស់ការយល់ដឹងថា «ខ្ញុំចង់ឲ្យម្ចាស់សត្វចិញ្ចឹមយល់ពីសត្វចិញ្ចឹមរបស់ពួកគេ ហើយត្រូវប្រាកដថាអ្នកថែទាំដឹងពីស្ថានភាព និងអាកប្បកិរិយារបស់ពួកគេ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


