ព័ត៌មានជាតិ
សភាពការណ៍តាមព្រំដែន រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់កម្លាំងឱ្យបង្កើនការប្រុងប្រយ័ត្នពីការឈ្លានពានរបស់បច្ចាមិត្ត
ថ្លែងចែករំលែកព័ត៌មានជុំវិញនឹងការវិវត្តសភាពការណ៍នៅក្នុងប្រទេសថៃ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បាននិយាយថា ថៃកំពុងព្យាយាមបង្វែរបញ្ហាផ្ទៃក្នុងប្រទេសដ៏រញ៉េរញ៉ៃរបស់ខ្លួន មកភ្ជាប់នឹងរឿងព្រំដែនជាមួយកម្ពុជា ដើម្បីឱ្យមានការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធតាមខ្សែបន្ទាត់ព្រំដែន។ ក្នុងន័យនេះ រដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់ឱ្យកម្លាំងនគរបាលជាតិបង្កើនការប្រុងប្រយ័ត្នពីការឈ្លានពានរបស់បច្ចាមិត្ត។

យោងខ្លឹមសារដែលចេញផ្សាយដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងគ្រាចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែន ក្បែរតំបន់មុំបី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ស សុខា «បានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា»។
ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃបែបនេះ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ថ្លែងចេញពីបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ស សុខា ក៏បាននាំភាពកក់ក្ដៅ និងថាមពលអង់អាចពីសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល ទៅគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ចការពារដែនអធិបតេយ្យភាពជាតិ ជាមួយកម្លាំងកងទ័ពនៃកងយោធពលខេមរភូមិន្ទផងដែរ។
លោក បានថ្លែងចាត់ទុកបេសកកម្មរបស់នគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃ នាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំនៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមថា រាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ រួមទាំងថ្នាក់ដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី ខេត្ត បានសហការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំទ្រជាជំនួយស្បៀងអាហារ សម្ភារៈដល់នគរបាលការពារព្រំដែន។
តំណាងកងកម្លាំងនគរបាលការពារព្រំដែន លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលបានតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅគ្រប់បែបយ៉ាងដល់នគរបាលការពារព្រំដែន៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


