ព័ត៌មានជាតិ
តើការដំឡើងកម្រិតទំនាក់ទំនងកម្ពុជា-បារាំងជា«ដៃគូយុទ្ធសាស្ត្រ»ផ្ដល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
កម្ពុជានិងបារាំងបានរៀបចំផែនទីបង្ហាញផ្លូវដើម្បីឈានដល់ការលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រ នាពេលខាងមុន។ ការសម្រេចជំហានថ្មីនៃទំនាក់ទំនងកម្ពុជានិងប្រទេសមហាអំណាចមួយនេះកើតឡើងក្នុងពេលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដចធិបតី ហ៊ុន ម៉ាណែត បានចេញទៅបំពេញការងារនិងជួបជាមួយប្រធានាធិបតីបារាំងលោក អេម៉ាញូអ៊ែល ម៉ាក្រុង នៅទីក្រុងនីស ប្រទេសបារាំងកាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅ។

តើការតម្លើងកម្រិតទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ» នឹងផ្ដល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
«ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រនេះគឺលើសពីចំណងការទូតធម្មតារវាងប្រទេសមួយនិងប្រទេសមួយ» នេះជាការលើកឡើងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច។
លោកបណ្ឌិតបានពន្យល់ថា កម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គឺជាការបន្ស៊ីចូលគ្នានូវគោលនយោបាយ ការចែករំលែកធនធាន សម្របសម្រួលភូមិសាស្ត្រនយោបាយក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការដែលមានភាពយូរអង្វែងទៅលើវិស័យសំខាន់រវាងប្រទេសនិងប្រទេសដែលមានដូចជា ពាណិជ្ជកម្ម ការពារជាតិ សន្ដិសុខ វប្បធម៌ និងទេសចរណ៍ជាដើម។
លោកយល់ថាការតម្លើងកម្រិតទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តជាមួយបារាំងនឹងផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជាជាពិសេសគឺបានតភ្ជាប់ពង្រឹងទំនាក់ទំនងកម្ពុជាកាន់តែខ្លាំងជាមួយនឹងសហភាពអឺរ៉ុប ព្រមទាំងរក្សាបាននូវតុល្យភាពនៃទំនាក់ទំនងការបរទេស និងភូមិសាស្ត្រនយោបាយ។
លោកបណ្ឌិត ជ័យ តិច៖ «ពិសេសនឹងជួយរួមចំណែកឱ្យកម្ពុជាអាចនឹងធ្វើពិពិធកម្មសេដ្ឋកិច្ចនិងពង្រឹងនូវពាណិជ្ជកម្មជាមួយហ្នឹងសហគមន៍អឺរ៉ុបដោយសារតែបារាំងគឺជាបងធំមួយនៅអឺរ៉ុប»។

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់ថាជារឿងល្អដែលកម្ពុជានិងបារាំងព្រមព្រៀងគ្នាក្នុងការដំឡើងកម្រិតទំនាក់ទំនងនេះដែលបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសនិងប្រទេស។ លោកបន្ថែមថាគឺជារឿងត្រឹមត្រូវបំផុតដែលកម្ពុជានិងបារាំងអាចឈានដល់ការតម្លើងកម្រិតដៃគូរយុត្តិសាស្ត្រនេះ។
លោកថា៖ «ប្រទេសទាំងពីរនេះមានប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធគ្នារាប់រយឆ្នាំមកហើយពោលគឺចាប់ពីសម័យអាណានិគមបារាំងតាំងពីចុងសតវត្សទី១៩តរហូតមកជាង១០០ឆ្នាំ។ ការតម្លើងជាដៃគូយុទ្ធសាស្ត្រគឺជារឿងត្រឹមត្រូវបំផុតសម្រាប់ប្រវត្តិទំនាក់ទំនងក៏ដូចជាស្ថានការណ៍បច្ចុប្បន្ន»។
លោកបណ្ឌិត យង់ ពៅ បន្ថែមថាការតម្លើងកម្រិតដៃគូយុទ្ធសាស្ត្រនឹងជួយដល់នយោបាយការទូតកម្ពុជា ព្រមទាំងវិស័យផ្សេងទៀតដែលប្រទេសទាំងពីរអាចនឹងតម្លើងកម្រិតទំនាក់ទំនង។
លោកថា៖ «ចំណេញទី១គឺការទូតហ្នឹងហើយ! រូបភាពនយោបាយនិងការទូត និងចំណេញផ្សេងទៀតទៅលើវិស័យផ្សេងៗដែលយើងតម្លើងកម្រិតហ្នឹង។ [..] ហើយបើយើងផ្អែកលើសេដ្ឋកិច្ចពាណិជកម្មនោះមានន័យថាពេលដែលយើងដំឡើងកម្រិតទំនាក់ទំនងទៅការដោះដូរសេដ្ឋកិច្ចពាណិជ្ជកម្មនិងកាន់តែប្រសើរជាងមុន ជំរុញឱ្យមានការវិនិយោគទៅវិញទៅមកកាន់តែប្រសើរជាងមុន ជាពិសេសការវិនិយោគបារាំងមកកម្ពុជាជាដើម្បី និងការទទួលទិញទំនិញពីកម្ពុជា»។

លោកបណ្ឌិតបន្ថែមថាអ្វីដែលសំខាន់នៅពេលនេះគឺការរៀបចំផែនទីបង្ហាញផ្លូវក្នុងដៃគូយុទ្ធសាស្ត្រដែលជ្រើសរើសចំណុចអទិភាពណាខ្លះក្នុងការតម្លើងភាពជាដៃគូរនេះ។
កម្ពុជានិងបារាំងមានទំនាក់ទំនងប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅតាំងពីសម័យអាណានិគមបារាំង (១៨៦៣-១៩៥៣)។ នៅខែឧសភា ឆ្នាំ១៩៧៥ បារាំងបានបិទស្ថានទូតរបស់ខ្លួនចេញពីកម្ពុជា ដោយសាររបបខ្មែរក្រហម និងចាប់បង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ប្រទេសបារាំងបានជួយដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ វប្បធម៌ និងអភិបាលកិច្ច។ បច្ចុប្បន្នបារាំងបានក្លាយជាដៃគូមួយដ៏សំខាន់របស់កម្ពុជាក្នុងចំណោមប្រទេសក្នុងសហភាពអឺរ៉ុបទាំងអស់៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


