Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ អ៊ីស្រាអែល កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ

បានផុស

នៅ

ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងដល់ចំណុចខ្ពស់បំផុត ខណៈសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ កំពុងក្តៅគគុក ហើយពាក់ព័ន្ធរឿងនេះ រុស្ស៊ីបានចេញការព្រមានថា អ៊ីស្រាអែល កំពុងធ្វើឲ្យហានិភ័យបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរហើយ។

ការផ្ទុះនុយក្លេអ៊ែរ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ដោយលោកប្រធានាធិបតី Isaac Herzog បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។

ដោយសារតែការកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់នេះហើយ ទើបទីក្រុងមូស្គូ មានប្រតិកម្មដោយក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ថា ការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កំពុងបង្កការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខអន្តរជាតិ និងបង្កហានិភ័យរុញពិភពលោកឲ្យធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមួយ។

អ៊ីស្រាអែល តែងចោទអ៊ីរ៉ង់ថាកំពុងសំងំផលិតគ្រាប់បែកបរមាណូ ហើយទីក្រុងតេហេរ៉ង់ ជិតទទួលបានជោគជ័យក្នុងការអភិវឌ្ឍអាវុធដ៏សាហាវនេះហើយ។

ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian បាន​អះអាង​សាជាថ្មី​​ថា សាធារណរដ្ឋឥស្លាម​​របស់​លោក ​គ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​អ្វី​នោះទេ ក្រៅ​តែ​ពី​គោល​បំណង​សម្រាប់​បម្រើ​ជា​​ថាមពល​ស៊ីវិលប៉ុណ្ណោះ។

ក្នុងសុន្ទរកថាទៅកាន់សភាកាលពី​ថ្ងៃ​ចន្ទ​ លោក Pezeshkian និយាយថា៖ «ពួកគេកំពុងអង្គុយហើយនិយាយថា អ៊ីរ៉ង់មិនគួរទទួលបានអាវុធនុយក្លេអ៊ែរទេ ខណៈដែលយើងគ្មានចេតនាចង់ទទួលបានអាវុធទាំងនេះទាល់តែសោះ។ យើងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមនេះ ហើយគ្មាននរណាម្នាក់​មាន​អំណាច​អាច​ដក​ហូត​សិទ្ធិនេះ​ចេញ​ទេ»។

តាមរបាយការណ៍ថ្មីៗ​របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA), អ៊ីរ៉ង់បានបង្កើន​ការ​ចម្រាញ់​សារធាតុអ៊ុយរ៉ាញ៉ូម​ដល់​កម្រិត​ភាព​សុទ្ធ ៦០% ដែល​កៀក​ជិតដល់កម្រិត ៩០% ក្នុង​ការ​​ផលិត​អាវុធ​នុយក្លេអ៊ែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ តែយើងនឹងមិនកម្ចាត់គាត់ ឥឡូវនេះទេ» 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម