Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ

បានផុស

នៅ

តាមការឲ្យដឹងពីមន្ត្រីក្នុងរង្វង់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ ABC News នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥, បន្ទាប់ពីកិច្ចប្រជុំពីសេសនៅក្នុងបន្ទប់ស្ថានការណ៍ លោកត្រាំ បានប្រាប់ទីប្រឹក្សាកំពូលថា លោកយល់ព្រមលើផែនការវាយអ៊ីរ៉ង់ ប៉ុន្តែមិនទាន់អនុវត្តទេ ដោយរង់ចាំមើលសិនថាតើ អ៊ីរ៉ង់មានឆន្ទៈមកពិភាក្សាអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេឬក៏អត់។ 

ក្រោយមក ឆ្លើយតបសំណួរអ្នកសារព័ត៌មានអំពីការវាយអ៊ីរ៉ង់នេះ លោកត្រាំ លើកឡើងថា «ខ្ញុំមិនទាន់អាចនិយាយបានឡើយ។ ខ្ញុំអាចវាយឬមិនវាយ គ្មាននរណាដឹងឡើយថាខ្ញុំចង់ធ្វើអ្វី ប៉ុន្តែខ្ញុំអាចនិយាយរឿងមួយថា អ៊ីរ៉ង់បង្កបញ្ហាច្រើនពេកហើយ ហើយចង់មានការចរចា»។

រឿងនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនកម្លាំងយោធាទៅកាន់តំបន់មជ្ឈិមបូព៌ារួចហើយ ជាពិសេសយន្តហោះចម្បាំង F-16, F-22 និង F-35 តែម្តង។

(រូបថត៖ Instagram)

យន្តហោះទាំងនេះ បានចាកចេញពីមូលដ្ឋានទ័ពអាកាស Lakenheath ភាគខាងកើតចក្រភពអង់គ្លេសកាលពីថ្ងៃពុធ ដើម្បីជួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធជាមួយអ៊ីរ៉ង់។

ក្រោយការបញ្ជូននោះមិនបានប៉ុន្មានផង ស្រាប់តែមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ព្រ​មានខ្លាំងៗទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ។ យើងត្រូវតែឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតចំពោះរបប Zionist របស់ពួកភេរវករ»។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះប្រទេសនេះ កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម