Connect with us

ព័ត៌មានជាតិ

ទោះបិទការនាំចូលពីថៃ ម្ហូបអាហារបន្លែត្រីសាច់ ផ្លែឈើ ជាផលិតផលខ្មែរ ត្រូវបានលក់ដូរយ៉ាងទូលំទូលាយគ្រប់គ្រាន់នៅផ្សារអូរឫស្សី

បានផុស

នៅ

ម្ហូបអាហារ បន្លែ ត្រី សាច់ និង​ផ្លែឈើ​ជាច្រើន​ជា​ផលិតផល​ខ្មែរ​ក្នុង​ស្រុក ត្រូវ​បាន​លក់ដូរ​យ៉ាង​ទូលំ​ទូលាយ​នៅ​ផ្សារ​អូរឫស្សី ទោះបី​បិទ​ការ​នាំ​ចូល​ពី​ថៃ​ក៏ដោយ ក៏​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​អាជីវករ​ក្នុង​ផ្សារ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡយ ស៊ាងអាង ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរឫស្សី បាន​ប្រាប់​ឱ្យ​ដឹង​ថា អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ ក្រោម​ការ​គ្រប់គ្រង​របស់​លោក បាន​លក់ដូរ​យ៉ាង​ទូលំទូលាយ​លើ​ម្ហូបអាហារ បន្លែ ផ្លែឈើ ដោយ​មិន​មាន​ការ​ព្រួយបារម្ភ​ពី​កង្វះខាត​ទំនិញ​ក្នុង​ការ​លក់​នោះ​ទេ ខណៈ​ប្រជាពលរដ្ឋ​ជា​ច្រើន ក៏បាន​បន្ត​អញ្ជើញ​មក​ទិញ​អីវ៉ាន់​របស់​ខ្មែរ​ផង​ដែរ ដោយ​មិន​ផ្តោត​ខ្លាំង​លើ​ទំនិញ​ក្រៅ​ស្រុក ជាពិសេស​កសិករ​ក្នុងស្រុក​ផលិត​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រចាំថ្ងៃ។

ជាមួយ​នេះ អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរឫស្សី ក៏បាន​សម្តែង​ក្តី​ពេញចិត្ត​ក្នុង​ការ​លក់ដូរ​ផលិតផល​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​យក​ទៅ​បរិភោគ ដោយ​ពួកគាត់​យល់​ឃើញ​ថា ការ​គាំទ្រ​ផលិតផល​ខ្មែរ​មក​លក់​ដូរ ជា​ការ​ជួយ​ដល់​សេដ្ឋកិច្ច​ប្រជាជន​ក្នុងស្រុក ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផង​ដែរ។ ជាពិសេស​ប្រជាពលរដ្ឋ​បាន​បរិភោគ បន្លែ ត្រី សាច់ រស់​ធម្មជាតិ របស់​កសិករ​ខ្មែរ និង​ប្រជាកសិករ​ផលិត​ក្នុង​ស្រុក​មាន​ការ​សប្បាយ​ចិត្ត ដោយ​ពុំ​មាន​របស់​ក្រៅ​ស្រុក​ហូរ​ចូល។

សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ពេល​ថ្មីៗ នេះ បាន​សម្រេច​បិទ​ការ​នាំចូល​បន្លែ ផ្លែឈើ ត្រី សាច់ ពី​ប្រទេស​ថៃ ក្រោយ​ភាគី​ថៃ​បាន​បិទ​ច្រក​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង ២ ដោយ​ឯកតោភាគី។

ការ​សម្រេច​បិទ​ការ​នាំ​ចូល​នេះ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ទុក​ពេល ២៤ ម៉ោង ឱ្យ​ភាគី​ថៃ បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង ២ ឱ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ធម្មតា​ដូចដើម​វិញ ប៉ុន្តែ​ភាគី​ថៃ មិន​បាន​ធ្វើតាម​ការ​ដាក់​ឱសានវាទ​របស់​កម្ពុជា​ឡើយ គឺ​បន្ត​ការ​បិទ​ដោយ​ឯកតោភាគី​ដដែល ទើប​កម្ពុជា​សម្រេច​បិទ​ទំនិញ​ខាងលើ​នាំចូល​ពី​ប្រទេស​ថៃ​តែម្ដង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម