ព័ត៌មានជាតិ
ដំណើរការជួសជុលផ្សារអូរឫស្សីឈានដល់ដំណាក់កាលទី ៣ សម្រេចលទ្ធផលជិត ៤០ ភាគរយ
ដំណើរការ នៃការជួសជុលផ្សារអូរឫស្សី នាពេលបច្ចុប្បន្ន បានឈានចូលដល់ដំណាក់កាលទី ៣ ដោយក្នុងដំណាក់កាលថ្មីៗនេះ ក៏បានសម្រេចលទ្ធផលជិត ៤០ ភាគរយហើយដែរ។



លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ ថា ផ្សារអូរឫស្សី ក៏ជាផ្សារមានវ័យចំណាស់មួយក្នុងរាជធានីភ្នំពេញផងដែរ ដោយសំណង់អគារមានអាយុកាលជាង ២០ ឆ្នាំហើយ ប៉ុន្តែដោយរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ ៧ មករា និងគណៈកម្មការផ្សារពិនិត្យឃើញថា ផ្នែកមួយចំនួន នៃអគារផ្សារមានសភាពចាស់ទ្រុឌទ្រោម ទើបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សម្រេចឱ្យក្រុមការងារជំនាញដំណើរការធ្វើការជួសជុលជាដំណាក់កាលតាំងពីដើមឆ្នាំ ២០២៤ មកម្ល៉េះ។

លោក ឡយ ស៊ាងអាង បន្ថែមថា កិច្ចការងាជួសជុលកែសម្រួលអគារផ្សារនេះ អាចដំណើរការទៅបាន ដោយសារមានការចូលរួមសហការល្អពីសំណាក់អាជីវករលក់ដូរដែលប្រឈមប៉ះពាល់ទាំងអស់ ដោយពួកគាត់យល់ព្រមទទួលយកការដោះដូរទីតាំងទៅលក់ដូរនៅតូបបណ្ដោះអាសន្ននៅជាន់ផ្ទាល់ដីក្នុងមួយរយៈពេល។ ពិសេសក្រោមការតាមដានយកចិត្តទុកដាក់ពិនិត្យជាបន្តបន្ទាប់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា ផងដែរ។

លោកប្រធានផ្សារបញ្ជាក់ថា ការគិតគូរពីសំណាក់ថ្នាក់ដឹកនាំដល់អាជីវកគឺធ្វើយ៉ាងណាឱ្យអំឡុងពេលកំពុងដំណើរការជួសជុល អាជីវករនៅតែអាចដំណើរការប្រកបមុខរបរលក់ដូររបស់ពួកគាត់បាន កុំឱ្យបាត់ចំណូល។

អាជីវករលក់ដូរដែលបានចូលទៅប្រកបរបររកស៊ីវិញ នៅក្នុងដំណាក់កាលទី ១ និងទី ២ នៃការជួសជុល បានសម្តែងក្តីសប្បាយចិត្ត ត្បិតកន្លងទៅមានការប៉ះពាល់បន្តិចមែនលើការដោះដូរទីតាំងបណ្ដោះអាសន្ន ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់អាចលក់ដូរដោយរីករាយ មិនមានការព្រួយបារម្ភពីដំបូល ឬ ធ្នឹម នៃអគារប្រឈមនឹងការពុកផុយស្រួយ ដែលប្រឈមនឹងគ្រោះថ្នាក់បានគ្រប់ពេល ដូចកាលពីពេលមុនទៀតនោះឡើយ។


សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អាជីវករមួយចំនួន បាននិងកំពុងបន្តការលក់ដូរនៅតូបបណ្ដោះអាសន្នដដែល ដែលបានរៀបចំឡើងសាងសង់បណ្ដោះអាសន្ននៅលើដងផ្លូវលេខ ១៤១ (ជាប់ផ្សារទិសខាងលិច)។ មុនមានការសង់តូបបណ្ដោះអាសន្ននេះដែរ ក្រុមអាជ្ញាធរ ក៏បានធ្វើសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្បែរ និងជុំវិញតំបន់នោះ ហើយក្នុងនោះដែរ គណៈគ្រប់គ្រងផ្សារ ក៏បានដាក់កម្លាំងសន្តិសុខរបស់ខ្លួន សហការជាមួយនគរបាលប្រចាំការនៅតំបន់នោះ ដើម្បីឈរសម្រួលដល់លំហូរចរាចរណ៍ ដើម្បីជួយកាត់បន្ថយការកកស្ទះបានមួយកម្រិតផងដែរ ខណៈផ្លូវលេខ ១៤១ ត្រូវបានសង់រោងតូបបណ្ដោះអាសន្ន ២ ភាគ ៣ នៃផ្លូវទាំងមូល៕
អត្ថបទ ៖ សុភា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


