ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណាត់ ផ្លូវជាតិលេខ ២ ចាប់ពីចំហៀងសាលាខេត្តចាស់មកមាត់ស្ទឹងព្រែកត្នោត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចុះពិនិត្យការងាររំដោះទឹកចេញពីកំណាត់ផ្លូវជាតិលេខ ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ដែលតែងតែមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ក្រោយមានការណែនាំពី លោក គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្ដាល។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការងាររំដោះទឹកចេញពីកំណាត់ផ្លូវជាតិលេខ ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត។

លោក បូរី វង្សសានិត្យ មានប្រសាសន៍ថា កន្លងមក ឲ្យតែមានភ្លៀងធ្លាក់ តែងតែឃើញថា មានទឹកដក់ និងជន់លិចនៅតាមផ្លូវ និងចំហៀងសាលាខេត្តជាប្រចាំ ដោយសារទីនេះមានប្រព័ន្ធលូចាស់ ដែលមានអាយុកាល ២៥ ឆ្នាំ មកហើយ ហើយលូនេះថែមទាំងមានមុខកាត់តូចតែ ៦ តឹក។ បើគិតមកដល់ពេលនេះ សម្រាប់ការអភិវឌ្ឍ និងចំនួនប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ មានការលក់ដូរក៏ច្រើន ទើបធ្វើឲ្យប្រព័ន្ធលូនេះមានលក្ខណៈមិនសមស្រប បើប្រៀបជាមួយការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ។

លោកប្រធានមន្ទីរសាធារណការ បានបន្ថែមថា ចំពោះបញ្ហារំដោះទឹកនេះ រដ្ឋបាលខេត្ត ក៏បានគិតគូរដាក់លូថ្មីផងដែរ តែក្នុងពេលចំពោះមុខ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ មន្ទីរសាធារណការ បានធ្វើការកែសម្រួលច្រកចេញប្រវែង ២៤ ម៉ែត្រ ចាប់ផ្ដើមចេញពីរីហ្គែរធំធ្វើបណ្ដាញថ្មីដែលមានមុខកាត់ ១ ម៉ែត្រ និងធ្វើមាត់ឈ្នាងចេញទៅស្ទឹង ហើយថែមទាំងកែសម្រួលគម្របលូ និងទបង្ហូរទឹកតាមបណ្ដោយផ្លូវជាតិលេខ ២ ចំហៀងសាលាខេត្តចាស់ ដែលជាទីតាំងមានការលក់ដូរប្រកបអាជីវកម្មច្រើន ជាហេតុធ្វើឲ្យបិទមុខទឹកមិនឲ្យចូលក្នុងរីហ្គែរ។ ដូច្នេះត្រូវការកាយស្ដារឡើងវិញ រៀបចំទបង្ហូរទឹកថ្មី និងរៀបចំក្បាលរីហ្គែរថ្មី ប្រមាណ ៤០ ក្បាលវីហ្គែរ បន្ថែមទៀត។ សំដៅជួយពន្លឿនការបង្ហូរទឹកចូលលូឆាប់អស់ពីតួថ្នល់ កុំឲ្យមានការលិចលង់បន្ទាប់ពីភ្លៀងធ្លាក់រួច។

លោកប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា ការងារចំពោះមុខនេះ គឺធ្វើការតិចតួចទេ តែជាការងារសំខាន់ដែលអាចជួយដោះស្រាយបញ្ហាជន់លិចក្នុងពេលរដូវវស្សានេះបាន។ ការងារបន្ទាប់ទៀតនោះ មន្ទីរ នឹងរៀបចំផែនការសិក្សាឲ្យបានជាក់លាក់ ក្នុងការដូរលូចាស់ចេញ ហើយដាក់លូថ្មីដែលមានទំហំធំស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន។ ការងារនេះ មន្ទីរ បានសិក្សាមួយជំហានរួចហើយ គ្រោងដាក់សំណើនេះជូន លោកអភិបាលខេត្ត ដើម្បីពិនិត្យ និងណែនាំបន្ថែមតែប៉ុណ្ណោះ។

លោកប្រធានមន្ទីរសាធារណការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែលមានប្រព័ន្ធបណ្ដាញលូ សូមមេត្តាជួយសហការសម្អាត កុំបោះចោលសំរាម ឬ ថង់ប្លាស្ទិក ចូលក្នុងបណ្ដាញលូ។ សូមជួយសម្អាតដី ក៏ដូចជាសំរាមនៅតាមមាត់លូជាប្រចាំ។ ជៀសវាងដាច់ខាត់ កុំយកសំរាមទម្លាក់ចូលក្នុងមាត់លូ ដែលជាហេតុបណ្ដាលឲ្យមានការជន់លិចបន្តទៀត មានតែការចូលរួមសម្អាតទាំងអស់គ្នាទេ ទើបធ្វើឲ្យទីក្រុងមានអនាម័យ និងបរិស្ថានល្អ៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អភិបាលរាជធានី ៖ យើងត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បីដឹកពលរដ្ឋនិងពលករ ពីព្រំដែនថៃ