ព័ត៌មានអន្ដរជាតិ
តើឃ្លា« Don’t Thai to Me » ដែលកំពុងពេញនិយម មានន័យដូចម្ដេច?
ថ្មីៗនេះមានឃ្លាថ្មីមួយដែលគេកំពុងពេញនិយមប្រើដើម្បីជាការនិយាយលេងសើច ឌឺដងដាក់គ្នា ជាពិសេសនៅលើបណ្ដាញសង្គមគឺឃ្លា «Don’t Thai to Me» សូម្បីអ្នកមានមុខមាត់ មានឋានៈខ្ពស់ក្នុងសង្គម ក៏មានប្រើប្រាស់ឃ្លានេះក្នុងបរិបទដែលកម្ពុជានិងថៃមានភាពតានតឹងយ៉ាងខ្លាំងក្នុងវិវាទព្រំដែន រហូតដល់ជះឥទ្ធិពលដល់វិស័យផ្សេងៗជាច្រើនទៀត។
តាមពិតទៅឃ្លានេះបានក្លាយជាការពាក្យពេញនិយមនៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាក្នុងប្រទេស ម៉ាឡេស៊ី ហុងកុង និងសិង្ហបុរី តាំងពីឆ្នាំចន្លោះឆ្នាំ២០១៣-២០១៤ មកម្លេះ។ ទោះបីឃ្លានេះជាញឹកញាប់ប្រើក្នុងន័យលេងសើចក៏ដោយ តែបានបង្គប់អត្ថន័យមែនទែននិងនាំឲ្យផ្ទុះការវែកញែកជាច្រើនអំពីអត្ថន័យរបស់វាទៅនឹងសង្គមនិងវប្បធម៌របស់ប្រទេសថៃ។
តើអ្វីជាអត្ថន័យពិតប្រាកដនៃឃ្លា “Don’t Thai To Me”?

តាមពិត ឃ្លា «Don’t Thai To Me» ត្រូវបានគេប្រើប្រាស់ក្នុងន័យទូទៅថា «កុំកុហកខ្ញុំ» ឬ «កុំបោកប្រាស់ខ្ញុំ»។
បើទោះបីឃ្លានេះមិនត្រឹមត្រូវតាមវេយ្យាករណ៍អង់គ្លេសក៏ដោយ អត្ថន័យរបស់វាត្រូវបានយល់យ៉ាងទូលំទូលាយនៅក្នុងបរិបទនៃពាក្យជាក្រៀមភាសា។ វាត្រូវបានគេប្រើជាញឹកញាប់នៅក្នុងស្ថានភាពដែលនរណាម្នាក់សង្ស័យថាអ្នកផ្សេងទៀតមានភាពមិនស្មោះត្រង់ ឬមានល្បិចកល។
យោងតាមអត្ថបទមួយដែលចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីឆ្នាំ២០១៣ មនុស្សមួយចំនួននៅក្នុងប្រទេសថៃតូចចិត្តដោយសារឃ្លានេះបង្ហាញថាប្រជាជនថៃមិនមានភាពស្មោះត្រង់ និងខ្សោយភាសាអង់គ្លេស។ ប៉ុន្តែប្រជាជនថៃជាច្រើនពិតជាយល់ស្របនឹងអត្ថន័យឃ្លានេះ ហើយនិយាយថាវាឆ្លុះបញ្ចាំងពីបញ្ហាពិតប្រាកដនៅក្នុងប្រទេសដែលសម្បូរទៅដោយមនុស្សនិយាយកុហក និងសង្គមពុករលួយ។
ក្នុងវប្បធម៌ថៃ មនុស្សច្រើនតែកុហក ដើម្បីយកមុខ ឬជួយកុហកអ្នកណាម្នាក់ឲ្យរួចខ្លួនពីច្បាប់ ភាគច្រើនសំដៅទៅលើអំពើពុករលួយ ឬការកុហកបោកប្រាស់នៅក្នុងជួរអ្នកដឹកនាំថៃ ដែលទាំងនេះឆ្លុះបញ្ចាំងពីទម្លាប់នៅក្នុងសង្គមថៃ។ អត្ថបទនេះក៏បានបង្ហាញដែរថា ដើម្បីឈប់បន្ទោសអ្នកដទៃកុំឲ្យនិយាយពាក្យ «Don’t Thai to Me» ប្រជាជនថៃខ្លួនឯងគ្រប់រូបគួរតែមានភាពស្មោះត្រង់ និងអនុវត្តតាមច្បាប់ក្នុងជីវិតប្រចាំថ្ងៃ។
ឃ្លានេះក៏បានធ្វើឱ្យមានប្រតិកម្មចម្រុះនៅក្នុងប្រទេសថៃផងដែរ ដោយអ្នករិះគន់ខ្លះនិយាយថា ការប្រើពាក្យសញ្ជាតិក្នុងឃ្លាបែបនេះអាចជាការប្រកាន់ពូជសាសន៍ ខណៈមនុស្សមួយចំនួនមានអារម្មណ៍វាជាការប្រមាថ និងជាអយុត្តិធម៌របស់ប្រជាជនថៃដែលត្រូវបានចោទថាមិនស្មោះត្រង់។ ប៉ុន្តែអ្នកខ្លះទៀតជឿថាវាជាការដាស់តឿនមួយដែលជំរុញឱ្យប្រជាជនមានភាពស្មោះត្រង់និងតម្លាភាពមិនត្រឹមតែក្នុងរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក្នុងជីវិតប្រចាំថ្ងៃ។

ជាមួយគ្នានោះបើយោងតាមអត្ថបទមួយទៀតនៅក្នុងគេហទំព័រដែលមានឈ្មោះថា Richard Barrow in Thailand របស់អ្នកបង្កើតមាតិកាជនជាតិអង់គ្លេសម្នាក់រស់នៅក្នុងប្រទេសថៃ ក៏បានបញ្ចេញមតិទៅលើឃ្លានេះដែរថា ជាក់ស្តែង ឃ្លានេះមានន័យអវិជ្ជមាន ហើយទំនងជាធ្វើឱ្យប្រជាជនថៃមួយចំនួនកាន់តែតូចចិត្ត ពីព្រោះលោកថាកាលពីលោកមកនៅប្រទេសថៃដំបូងក៏មានរឿងចលាចលអំពីការបញ្ចូលក្នុងវចនានុក្រម Longman ដែលពិពណ៌នាថាទីក្រុងបាងកកថាជា «កន្លែងដែលមានស្រីពេស្យាច្រើន»។
អត្ថបទរបស់លោកបន្ថែមថា ប្រជាជនថៃក៏មានការខកចិត្តយ៉ាងខ្លាំងដែលទីក្រុងបាងកកត្រូវបានគេដាក់ឈ្មោះជាផ្លូវការថាជា «រាជធានីផ្លូវភេទនៃពិភពលោក» ខណៈពេលនេះប្រជាជនថៃរឹតតែអន់ចិត្តថែមទៀត ដោយសារត្រូវបានគេហៅពួកគេថាពុករលួយ ឬជាប្រទេសកុហក។ ជាការពិតណាស់ ទីក្រុងបាងកកមិនមែនជាទីក្រុងតែមួយគត់នៅលើពិភពលោកដែលមានស្រីពេស្យាទេ ហើយប្រទេសថៃក៏មិនមែនជាប្រទេសតែមួយគត់ដែលមន្ត្រីរដ្ឋាភិបាលពុករលួយដែរ។ ប៉ុន្តែជំនួសឱ្យការខឹងនឹងរឿងនេះ ពួកគេគួរតែធ្វើអ្វីបញ្ឈប់អំពើពុករលួយ ហើយដើម្បីប្រយោជន៍ល្អ លោក Richard បន្ថែមថា «សូមឲ្យប្រជាជនថៃបញ្ឈប់រាល់ការឈ្លោះប្រកែកគ្នានៅតាមដងផ្លូវមួយទៀត» និងបានចោទជាសំនូរថាហេតុអ្វីបានជាប្រជាជនថៃមិនអាចត្រឡប់មកស្រលាញ់គ្នាដូចកាលដែលលោកមកប្រទេសថៃដំបូង?
សរុបមកទោះបីឃ្លានេះមានភាពចម្រូងចម្រាសខ្លាំងក៏ដោយ ក៏ «Don’t Thai to Me» នៅតែបន្តប្រើតាមអ៊ីនធឺណិត និងនៅក្នុងការសន្ទនាជាប្រចាំ។ ឃ្លានេះនៅតែជំរុញឱ្យមានការពិភាក្សាពិតប្រាកដអំពីភាពស្មោះត្រង់ ទម្លាប់ក្នុងសង្គម និងការផ្លាស់ប្តូរវប្បធម៌នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ