Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងពិព័រណ៍ CISMEF របស់ចិន

បានផុស

នៅ

នៅ​ក្នុង​ពិព័រណ៍​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​អន្តរជាតិ​របស់​ប្រទេស​ចិន (CISMEF) នៅថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២៥ កម្ពុជា​ បាន​ស្នើ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​នៅ​ទូទាំង​តំបន់​អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​គណៈប្រតិភូ​កម្ពុជា លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើកឡើង​ពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងរីកចម្រើន និង​បាន​ស្នើ​គំនិត​ផ្ដួចផ្ដើម​រួម​ថ្នាក់​តំបន់​មួយ​ចំនួន​ផង​ដែរ​។

លោក​បាន​លើក​​ឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជា​តួអង្គ​សំខាន់​ក្នុង​ការ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ជា​ពិសេស​លើក​កម្ពស់ការងារសមរម្យ កំណើនសេដ្ឋកិច្ច នវានុវត្តន៍ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោក​ក៏បាន​គូស​បញ្ជាក់​ពីការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបន្ថែមថា យើងជឿជាក់យ៉ាងមុតមាំថា កម្ពុជា​បាន​ត្រៀម​លក្ខណៈ​ល្អប្រសើរ ក្នុង​ការរួម​ចំណែក​សំខាន់​សម្រាប់ដំណាក់កាលថ្មីនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។

ក្នុង​ឱកាស​ដដែល​លោក លោក ញឹម ខេមរា ក៏បាន​ស្នើ​គំនិត​ផ្តួចផ្តើមដូចជា “កម្មវិធីផ្លាស់​ប្តូរ​នវានុវត្តន៍​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យមក្នុងតំបន់” និង “កម្មវិធីពង្រឹងខ្សែច្រវាក់តម្លៃសហគ្រាសធុនមីក្រូ តូច និង​​មធ្យម កម្ពុជា-ចិន” ដើម្បី​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា ការ​កសាង​សមត្ថភាព និង​ការ​ឈាន​ចូល​ទីផ្សារ​អន្តរជាតិ។

ជាក់ស្តែង សំណើ​ទាំង​​នេះ​ធ្វើឡើង​ស្របពេល​ដែល​កម្ពុជាប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី ២ និង​កំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនចំនួន ៣៧ ដែលត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​ដំណើរ​​ទស្សនកិច្ច​របស់​ប្រធានាធិបតី ស៊ី ជីនពីង មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មេសា ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម