ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីសិង្ហបុរី ឡ រ៉េនវ៉ុង ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការប្ដេជ្ញានេះ គឺក្នុងជំនួបទ្វេភាគី នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តីសិង្ហបុរីដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃពុធ ទី០២ ខែកក្កដា នេះ។

ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា។ សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជំនះរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងអំណរគុណសម្តេចបវរធិបតី យ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលខួបទី៦០ នៃការបង្កេីតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងបានឆ្លុះបញ្ចាំង អំពីភាពជាដៃគូយូរអង្វែង និងរឹងមាំ រវាងប្រទេសយើងទាំងពីរ ក្នុងពេលបច្ចុប្បន្ន និង តទៅអនាគត។

ថ្នាក់ដឹកកម្ពុជា -សិង្ហបុរី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និង សិង្ហបុរី ព្រមទាំងសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០នៃការបង្កេីតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់កម្រិត និងគ្រប់វិស័យ, ព្រមទាំងប្ដេជ្ញាបន្តជំរុញពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងក្របខ័ណ្ឌទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និង ការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ។

ក្នុងក្របខ័ណ្ឌពហុភាគី, ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


