Connect with us

ព័ត៌មានជាតិ

លោកស្រី Alissar Chaker ៖ ២០ ឆ្នាំមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់ សម្គាល់ក្នុងការពង្រឹងគ្រប់គ្រងសកម្មភាពមីន

បានផុស

នៅ

លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)មានប្រសាសន៍ថា ក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងការគ្រប់គ្រងសកម្មភាពមីន ការបង្កើតគោលនយោបាយ ក្របខណ្ឌច្បាប់ ស្តង់ដា និងប្រព័ន្ធព័ត៌មានសម្រាប់ការបោសសម្អាតដីធ្លី។

លោកស្រីបានលើកឡើងបែបនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមស្តីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង UNDP ប្រចាំកម្ពុជា ជាមួយ លោកស្រី ប៊ុត រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC)ដែលមានមូលដ្ឋាននៅភ្នំពេញ កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥។​
នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមធ្វើឡើងជាភាសាអង់គ្លេស ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ០៧ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានលើកឡើងទៀតថា ក្រៅពីបោសសម្អាតមីន ផ្តល់ដីសុវត្ថិភាពជូនប្រជាជន កម្ពុជាក៏បានរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការអប់រំហានិភ័យស្តីពីមីន ក៏ដូចជាផ្តល់ការគាំទ្រជួយដល់ជនរងគ្រោះតាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានស្តារនីតិសម្បទា និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ។ លោកស្រីសង្កត់​ធ្ងន់ថា ការបោសសម្អាតមីន និងការលើកកម្ពស់ការអប់រំហានិភ័យស្តីពីមីន មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសអាស៊ានផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារមីន និងសម្រាប់ការពង្រឹងសន្តិភាព និងសន្តិសុខនៅទូទាំងតំបន់។

លោកស្រីបញ្ជាក់ថា៖« ការងារសកម្មភាពមីនរបស់ UNDP ទាំងនៅទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា នាំមកនូវក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរដល់សហគមន៍ដែលរងផលប៉ះពាល់ និងជនរងគ្រោះដោយសារមីន ដោយភ្ជាប់សកម្មភាពមីនទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ដ៏ទូលំទូលាយ ដើម្បីធានានិរន្តរភាពនៃការបែងចែកការបោសសម្អាត»។

ដោយឡែកពាក់ព័ន្ធការចុះ MoU វិញគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការចែករំលែកចំណេះដឹងលើសកម្មភាពមីន ដែលកិច្ចសហការនេះមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ក្នុងការលើក​កម្ពស់សន្តិភាព សន្តិសុខ និងកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ( ERW) នៅក្នុងប្រទេសសមាជិកអាស៊ានដែលរងផលប៉ះពាល់ តាមរយៈការសម្របសម្រួលក្នុងតំបន់ ការកសាងភាពជាដៃគូ ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរការអនុវត្តល្អក្នុងសកម្មភាពមីន។

គួរជម្រាបថា UNDP បាននិងកំពុងជួយដល់ប្រទេសកម្ពុជាក្នុងសកម្មភាពមីនតាមរយៈគម្រោងបោសសម្អាតដើម្បីលទ្ធផលតាំងពីឆ្នាំ ២០០៦មក។ បច្ចុប្បន្ននៅក្នុងដំណាក់កាលទី ៤ គម្រោងនេះបានរួមចំណែកដល់ការរំដោះផ្ទៃដីជាង ៣៨៤ គីឡូម៉ែត្រការ៉េ ដែលតំណាងឱ្យជាង ១២% នៃដីទាំងអស់ ដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,២ លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម