Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃផ្ទុះការបាញ់ប្រហារពីរលើកសម្លាប់មនុស្ស ៤ នាក់ នៅសហរដ្ឋអាមេរិក

បានផុស

នៅ

ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃទី ០៧ ខែកក្កដា មានហេតុការណ៍ផ្ទុះការបាញ់ប្រហារដ៏សាហាវចំនួន២លើក នៅក្នុងរដ្ឋចំនួនពីរ របស់សហរដ្ឋអាមេរិក ​ដោយ​បណ្តាល​ឲ្យ​មនុស្ស៤នាក់ស្លាប់​និងជាង១០នាក់រងរបួស។

មន្ត្រីប៉ូលិសកំពុងធ្វើការក្រោយហេតុការណ៍បាញ់ប្រហារនៅរដ្ឋPennsylvania។ (រូបភាព៖The Philadelphia Inquirer)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ABC មនុស្ស៣ នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅ​ក្នុង​ការបាញ់ប្រហារក្នុងតំបន់ Grays Ferry ទីក្រុង South Philadelphia រដ្ឋ Pennsylvania ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រថ្ងៃចន្ទ ដោយ​មានការ​បាញ់ប្រហារ​ជាច្រើន​ជុំ​នៅ​តាម​បណ្តោយ​ផ្លូវលំ​មួយ​កន្លែង។

ក្រោយការបាញ់ប្រហារនេះ មនុស្ស​ម្នាក់​​ប្រដាប់​ដោយ​អាវុធ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារដ៏សាហាវនេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ដោយប៉ូលិសកំពុងធ្វើការស៉ើបអង្គេត។ ការបាញ់ប្រហារនេះបានបន្ថែមការព្រួយបារម្ភបន្ថែមទៀតដោយសារ កាលពីថ្ងៃទី០៤ខែកក្កដាក៏មានមនុស្ស​៨​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់នៅ​ក្បែរ​ក្លិប​រាត្រី​មួយ ក្នុងទីក្រុង Philadelphia ផងដែរ។

(រូបភាព៖The Philadelphia Inquirer)

ចំណែកបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​BBC ក៏មានការបាញ់ប្រហារមួយទៀតបានកើតឡើង ដោយបុរសអាយុ ២៧ឆ្នាំម្នាក់ឈ្មោះ Ryan Lewis Mosqueda ប្រដាប់​ដោយ​កាំភ្លើងនិងបាន​បាញ់​ប្រហាររាប់​សិប​គ្រាប់​ទៅ​លើ​អគារស្ថានីយ៍ល្បាតព្រំដែនអាមេរិក-ម៉ិកសិក McAllen រដ្ឋ Texasកាលពីព្រឹកថ្ងៃចន្ទ។ ក្រោយមក​ភ្នាក់ងារប៉ូលិស​បាន​បាញ់​តប​វិញ និងបាន​សម្លាប់​បុរសជាខ្មាន់កាំភ្លើង។

នៅក្នុងហេតុការណ៍នេះមានមនុស្ស ៣ នាក់ មន្រ្តីពីរនាក់និងបុគ្គលិកល្បាតព្រំដែនម្នាក់បានរងរបួស ដោយអ្នកទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប៉ូលិស​បាន​រក​ឃើញ​អាវុធ​បន្ថែម​ទៀត​នៅ​ក្នុង​រថយន្ត​របស់ Mosqueda ដែល​មាន​ពាក្យ​ថា «Cordis Die» លាប​លើ​ទ្វារឡាន។ ពាក្យ​នេះ​បាន​មក​ពី​ហ្គេម​វីដេអូ​មួយ ​ទាក់ទង​ទៅ​នឹង​ក្រុម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។ បើតាមប៉ូលិស បុរសរូបនេះ​មិន​មាន​ប្រវត្តិ​បទ​ឧក្រិដ្ឋពីមុនមកទេ ហើយ​ក៏​មិន​ទាន់មាន​មូលហេតុ​ច្បាស់លាស់​ដែរដែលជំរុញឲ្យមានការបាញ់ប្រហារ​ ដោយ FBI កំពុងដឹកនាំការស៊ើបអង្កេតនេះ។

គួរបញ្ជាក់ថាហេតុការណ៍ទាំងពីរដាច់ដោយឡែកពីគ្នានេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារដោយហិង្សាប្រើប្រាស់កាំភ្លើង និងព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈនៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ៕

កន្លែងកើតហេតុនៅស្ថានីយ៍ល្បាតព្រំដែនអាមេរិក- ម៉ិកសិក McAllen រដ្ឋ Texas។ (រូបភាព៖ AP)
(រូបភាព៖ AP)
រថយន្តរបស់ខ្មាន់កាំភ្លើង (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម