Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម

បានផុស

នៅ

ម្ចាស់គណនីហ្វេសប៊ុក «ខ្មៃរ ខ្មែរ» ដែលបានបង្កើតរូបភាព AI កាត់រូបក្មេងកំព្រាកម្សត់ និងរូបភាពកងទ័ព ដើម្បីកៀរគរថវិកាលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ខ្លួនបានហើយនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប, កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមានឈ្មោះ ខ្មៃរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន៤ទៀត ដែលមានឈ្មោះ ហុង ភា ម៉េ សៀមរាប Ah Su និងម៉ែសៀមរាប។

បើតាមសមត្ថកិច្ច ក្នុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ខ្មៃរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជនមកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដ តាមរយៈការបរិច្ចាគថវិកា។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បាននិយាយថា កន្លងមក ខ្លួនបានទទួលប្រាក់ពីការបង្ហោះ ឆបោកលើបណ្តាញសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ ដើម្បីដោះស្រាយជីវភាព។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ស្នងការនគរបាលខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងសូមកុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម