Connect with us

ព័ត៌មានជាតិ

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

បានផុស

នៅ

រដ្ឋសហព័ន្ធ​រុស្ស៊ីនឹង​បញ្ជូនប្រតិភូកង​ការពារ​ដែន​អាកាស​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការថ្មី​មួយ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ។ ដំណើរទស្ស​នកិច្ច​នេះ​អាច​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ​កញ្ញា ឬ​ខែ​តុលាខាងមុខ នេះ​បើតាម​ការ​បញ្ជាក់​របស់​អនុព័ន្ធយោធារុស្ស៊ីប្រចាំ​កម្ពុជា​លោក Ivan Stadchenko នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទសារព័ត៌មានអំពីគោលនយោបាយការបរទេស​រុស្ស៊ីនៅស្ថានទូតរុស្ស៊ី ព្រឹក​ថ្ងៃទី​១០ ខែ​កក្កដានេះ លោក Ivan Stadchenko បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​និង​រុស្ស៊ីមាន​កិច្ចសហប្រតិបត្តិការណ៍​កងទ័ពជើង​គោករួច​ហើយ និងសម្លឹងទៅ​រក​កិច្ចសហប្រតិបត្តិការណ៍​ផ្សេង​ទៀតដូច​ជា​ការ​ការពារ​ដែន​អាកាស​ជា​ដើម​​ ដោយលោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមានបន្ទាប់ពី​ដំណើរទស្សនកិច្ច​នាពេលខាងមុខ។

លោក​ថា៖ «នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជាលើក​ដំបូង​នៅព្រះរាជាណាចក្រកម្ពុជា ដូច្នេះ​នេះ​ជា​ដំណើរ​ការ​នៃ​កិច្ចសហប្រតិបត្តិការក្នុង​វិស័យ​នេះ។ ខ្ញុំ​អត់​ទាន់​អាច​និយាយ​ពី​លទ្ធផល​បាន​ទេ តែ​លោក​អ្នក​ដឹង​ច្បាស់​ហើយ​ថា​ប្រព័ន្ធ​ការ​ពារ​អាកាស​នេះ​គឺ​ជា​អ្វី? នេះ​គឺ​ជា​កិច្ចចាប់​ផ្ដើម​អន្តរកម្ម​របស់​យើង​ក្នុង​វិស័យ​នេះ​»។

ការ​បញ្ជូន​កងការពារ​ដែនអាកាស​មកក្នុងបំណង​បង្កើត​កិច្ចសហប្រតិបត្តិការជាមួយ​កម្ពុជា​ពេលនេះ​ស្របពេល​ដែល​កម្ពុជា​និង​ថៃ​កំពុង​មាន​បញ្ហា​ព្រំដែន ហើយកម្ពុជា​បាន​លើក​ឡើង​ពី​ប្រសិទ្ធភាព និង​ពង្រឹង​ខែលការពារ​អាកាស​របស់​ខ្លួន​ផងដែរ។ ទោះជា​យ៉ាង​ណា​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ីប្រចាំ​កម្ពុជា​លោក Anatoly Borovik បញ្ជាក់ថារុស្ស៊ីមិន​ជ្រែតជ្រែកកិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេសណាមួយ​ទេ ដោយ​​លោក​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​នឹង​រក​បាន​នូវ​ដំណោះស្រាយ​សន្ដិភាព​ចំពោះ​បញ្ហា​នេះ។

គួរឱ្យដឹង​ផងដែរថា រុស្ស៊ី ឬអតីតសហភាពសូវៀត ជា​ប្រទេស​មួយ​ដែល​គាំទ្រ​ដល់​កម្ពុជា​តាំង​ពី​ការ​ដួលរលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យឆ្នាំ​១៩៧៩មក​ម្លេះ។ សម្ភារៈសឹក​សង្គ្រាម​ជា​ច្រើន​ដែល​ជា​របស់សហភាព​សូវៀត និង​រុស្ស៊ី​នៅ​តែ​មាន​ចំនួន​ច្រើនក្នុង​យោធាកម្ពុជា ដោយ​បែប​នេះហើយទើប ​អនុព័ន្ធ​យោធារុស្ស៊ីបាន​ឱ្យ​ដឹងក្នុងសន្នីសិទសារព័ត៌មានព្រឹកនេះថា ​រុស្ស៊ី​រីក​រាយ​ក្នុង​ការ​ជួយធ្វើ​ទំនើប​កម្មអាវុធកម្ពុជា​ឱ្យ​កាន់​តែ​ទំនើបនៅពេលដែលមានសំណើរពីកម្ពុជា។

កាលពី​ដើមឆ្នាំ២០២២ កម្ពុជា​បាន​សម្រេច​បង្កើតកង​កាំជ្រួច​ការពារ​អាកាស​រយៈចំងាយ​មធ្យមចំណុះ​ឱ្យ​បញ្ជាការ​ដ្ឋាន​ការពារ​អាកាស​នៃ​អគ្គ​បញ្ជាការដ្ឋាន។ ការ​បង្កើតនេះគឺ​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ពង្រឹង​សំណាញ់​មេឃ ដោយ​ថាតាម​បទ​ពិសោធន៍​របស់​សម្ដេចយន្ត​ហោះ​ចម្បាំង​មាន​ចំណុច​ខ្សោយ​ច្រើនណាស់​ ដែល​ទ័ព​ការពារ​អាកាស​អាច​ត្រៀម​ដើម្បី​ទប់​ទល់​ការ​វាយ​ប្រហារ​បាន៕



អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម