ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ណែនាំឱ្យពិនិត្យលទ្ធភាពបើកសាលាឡើងវិញនៅតាមព្រំដែន ករណីតំបន់នោះមានលក្ខខណ្ឌគ្រប់គ្រាន់
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យនាយកសាលានៅតាមព្រំដែនពិនិត្យលទ្ធភាព បើកដំណើរការសាលារៀនឡើងវិញ ក្នុងករណីតំបន់នោះមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់។ ការណែនាំនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ និងសិស្សានុសិស្សនៅវិទ្យាល័យភ្នំដែក ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែសីហា។

ទន្ទឹមនឹងការណែនាំនេះ លោកក៏បានថ្លែងប្រាប់ឪពុកម្តាយ អាណាព្យាបាលថា ការសម្រេចបញ្ជូនកូនៗទៅសាលារៀនគឺជាសិទ្ធិសម្រេចរបស់ក្រុមគ្រួសារ ព្រោះក្រសួងមិនបានបង្ខិតបង្ខំនោះទេក្នុងកាលៈទេសៈនេះ។ យ៉ាងណាមិញ ក្រសួងនៅតែជំរុញសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងស្វ័យសិក្សាឱ្យអស់ពីលទ្ធភាព ជាពិសេស សិស្សដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីទទួលបាននិទ្ទេសល្អបំផុតដែលខ្លួនប្រាថ្នាចង់បាន ឈោងចាប់អនាគតដ៏ភ្លឺស្វាង និងចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គមជាតិកម្ពុជាឱ្យរឹងមាំនិងរីកចម្រើន។
នាឱកាសនោះ លោកបានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាគាំទ្រដល់ការសិក្សារបស់សិស្សក្នុងគ្រាដ៏លំបាកនេះ។ លោកថ្លែងថា៖« ព្រោះក្នុងរយៈពេល៥ថ្ងៃនៃការឈ្លានពានរបស់ថៃនេះ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូចខាត និងសាលារៀនចំនួន ៦០៥បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផលប៉ះពាល់ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៦៥០០នាក់ត្រូវជម្លៀសខ្លួន»។

ឆ្លៀតពេលសំណេះសំណាល ក្រសួងបាននាំយកនូវសម្ភារៈសិក្សាជាច្រើន និងគ្រឿងឧបភោគ បរិភោគមួយចំនួនដែលទទួលបានពីសប្បុរសជន និងជាការឧបត្ថម្ភផ្ទាល់ពីក្រសួងជូនដល់មន្ទីរអប់រំ ដើម្បីបែងចែកបន្តទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាប្រមាណ២០ដែលរងប៉ះពាល់។
ជាមួយគ្នានេះ ក្រសួងបាននាំយកនូវសៀវភៅសិក្សាគោលជូនដល់មន្ទីរ ដើម្បីចែកចាយបន្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលស្នាក់នៅជាមួយឪពុកម្តាយនៅទីតាំងសុវត្ថិភាព អាចបន្តធ្វើស្វ័យសិក្សា ខណៈកំពុងរង់ចាំការដោះស្រាយសម្របសម្រួលនានាពីសំណាក់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាពត្រឡប់ទៅលំនៅដ្ឋានវិញ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាបច្ចុប្បន្នក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងជំរុញការជួសជុលសាងសង់អគារសិក្សា និងសាលារៀនដែលរងការខូតខាតពីសង្គ្រាមឱ្យបានឆាប់រហ័ស ដើម្បីត្រៀមសម្រាប់ការបើកវេសនកាលនៅដើមខែវិច្ឆិកាខាងមុខនេះ និងបន្តផ្តល់ជូនសៀវភៅសិក្សាគោលបន្ថែមទៀត ក៏ដូចជាបន្តកៀរគរស្វែងរកការឧបត្ថម្ភជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។

ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងសម្រេចថានឹងរៀបចំនៅទីរួមខេត្តព្រះវិហារតាមការគ្រោងទុក ដូច្នេះសូមមន្ទីរយកចិត្តទុកដាក់ត្រៀមរៀបចំកន្លែងស្នាក់នៅ និងកន្លែងប្រឡង ហើយចំពោះសិស្សដែលកំពុងភៀសខ្លួនទៅខេត្តផ្សេង ក្រសួងអនុញ្ញាតិឱ្យប្រឡងនៅទីតាំងនោះតែម្តង។
បើតាមលោក កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា យ៉ាងហោចណាស់សាលារៀនចំនួន ៧ នៅតាមបណ្តោយព្រំដែនរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់សត្រូវគឺថៃ ខណៈក្រសួងត្រៀមជួសជុលឡើងវិញឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


