ព័ត៌មានជាតិ
ពលករខ្មែរមកពីថៃ ប្ដេជ្ញាចិត្តមិនទៅធ្វើការក្រៅប្រទេសទៀតទេ ដោយរកការងារក្នុងស្រុកក្បែរក្រុមគ្រួសារវិញ
ក្រុមពលករខ្មែរដែលវិលត្រឡប់មកពីថៃ បានប្ដេជ្ញាចិត្តរួមគ្នាថា ពួកគេ នឹងមិនវិលត្រឡប់ទៅធ្វើការនៅថៃទៀតឡើយ ទោះតម្លៃណាក៏ដោយ ដោយសុខចិត្តរកការងារធ្វើក្នុងប្រទេស រួមរស់ក្បែរក្រុមគ្រួសារវិញ។

ព្រោះតែមើលឃើញពីភាពលំបាក និងអំពើឃោរឃៅរបស់រាជរដ្ឋាភិបាល និងយោធាថៃ ដែលធ្វើមកលើជាតិសាសន៍ខ្លួនគ្រប់រូបភាព កលល្បិច និងឈ្លានពានរំលោភដែនដីរបស់ខ្លួន ទាំងក្តីឈឺចាប់បំផុត នៅពេលនេះ ក្រុមពលករខ្មែរមកពីថៃចូលមកស្រុកកំណើតវិញតាមរយៈព្រំដែនចាំយាម និយាយថា ពួកគាត់លែងទៅធ្វើការនៅថៃទៀតហើយ។

ពលករខ្មែរដែលវិលត្រឡប់មកកម្ពុជានៅតំបន់ច្រកទ្វារព្រំដែនចាំយាម អ្នកស្រី ចាន់ធា រស់នៅខេត្តកំពត និង លោក យ៉ូត រស់នៅខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី ៤ ខែសីហា នេះថា កាលដែលពួកគាត់ទើបតែសម្រេចចិត្តមកកម្ពុជាវិញនាពេលនេះ ក៏ព្រោះតែថៅកែមិនទាន់បានបើកប្រាក់ខែឱ្យថ្នូរនឹងកម្លាំងពលកម្មកន្លងទៅ។

តំណាងក្រុមពលករដដែល បន្តទៀតថា ពួកគាត់បម្រើការងារចុះទូកនេសាទ បេះផ្លែឈើ ធ្វើសំណង់ និងសេវាកម្មស្នាក់នៅក្នុងខេត្តត្រាត មកទល់ពេលនេះថៅកែមិនធ្វើបាបអ្វីទេ ប៉ុន្តែបារម្ភពីសុវត្ថិភាពខ្លាចយោធាថៃធ្វើបាប ក៏នាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញតែម្ដង។ ទោះបីជាស្ថានភាពបញ្ហាព្រំដែនធូរស្រាលយ៉ាងណា ក៏ពួកគាត់ប្តេជ្ញាចិត្តថា មិនវិលត្រឡប់ធ្វើការងារនៅថៃទៀតទេ សុខចិត្តរស់នៅជួបជុំគ្រួសារ និងរកការងារធ្វើនៅប្រទេសកម្ពុជា។

ក្រុមពលករ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុង ដែលបានផ្តល់ជារថយន្តដឹកជញ្ជូនពួកគាត់ពីព្រំដែនដោយឥតគិតថ្លៃមកកាន់មណ្ឌលសុំចតជាបណ្តោះអាសន្ននៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងន័យសម្រួល កាត់បន្ថយចំណាយថវិកា និងចំណេញពេលវេលា។

កន្លងទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កន្លែង ដោយមានឱកាសការងារជាង ៧ ពាន់កន្លែង សម្រាប់ទទួលពលករ ពលរដ្ឋ និងយុវជនកម្ពុជា ចូលបម្រើការងារតាមផ្នែកជំនាញនីមួយៗ ដើម្បីកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសទាំងប្រថុយប្រថានបន្តទៀត។

លោកស្រីអភិបាលខេត្ត បានបន្តថា គិតមកទល់ម៉ោងនេះ ស្ថានភាពក្នុងភូមិសាស្ត្រខេត្តមានសភាពប្រក្រតីភាពល្អធម្មតានោះទេ ពុំមានការផ្ទុះអាវុធដូចការបង្ហោះតាមបណ្ដាញសង្គមនោះទេ។ លោកស្រី នៅតែអំពាវនាវដល់ពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងតាមដានព័ត៌មានផ្លូវការតាមផេកហ្វេសប៊ុករបស់លោកស្រី និងផេករដ្ឋបាលខេត្តកោះកុង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


