Connect with us

ព័ត៌មានអន្ដរជាតិ

Toyota ព្យាករពីផលប៉ះពាល់ជិត ១០ ប៊ីលាន​ដុល្លារ ពីពន្ធ ត្រាំ

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តយក្ស​ Toyota រំពឹងពីផលប៉ះពាល់ ៩,៥ ប៊ីលាន​ដុល្លារ ពីការដំឡើងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនេះគឺជាការ​ព្យាករនៃការខាតបង់​ដ៏ធំជាងគេធៀប​នឹង​ក្រុមហ៊ុនផ្សេងៗ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាន​ចេញការព្យាករនេះ នៅក្នុងរបាយការណ៍​ទស្សនវិស័យប្រចាំឆ្នាំ ដែលត្រូវបានធ្វើបច្ចុប្បន្ន និងចេញផ្សាយកាលពី​​ថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនតូយ៉ូតា ក៏បានកាត់បន្ថយការព្យាករ​ប្រាក់ចំណេញប្រតិបត្តិការពេញមួយឆ្នាំសារពើពន្ធ (គិតត្រឹមខែមីនា ២០២៦) ​ចំនួន ១៦ ភាគរយ ផងដែរ មកត្រឹម ២១,៧ ប៊ីលាន​ដុល្លារ​ ​ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមដែលក្រុមហ៊ុនផលិតទូទាំងពិភពលោកប្រឈមមុខនឹងការដំឡើងពន្ធរបស់ ត្រាំ លើ រថយន្ត គ្រឿងបន្លាស់ ដែកថែប​ និងអាលុយមីញ៉ូម នាំចូលទៅសហរដ្ឋអាមេរិក​។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Toyota លោក Takanori Azuma បានប្រាប់សន្និសីទកាសែត​ខ្លីមួយថា៖ «និយាយដោយត្រង់ចុះ វាពិតជាពិបាកណាស់សម្រាប់ពួកយើង ក្នុងការព្យាករពីអ្វីដែលនឹង​កើតឡើង ជុំវិញ​បរិយាកាសទីផ្សារ​»។ យ៉ាងណាមិញ លោកបន្ថែមថា Toyota នៅតែប្ដេជ្ញាផលិតរថយន្ត​សម្រាប់អតិថិជននៅអាមេរិក ទោះបីជា​រងផលប៉ះពាល់ក៏ដោយក្ដី។

លោក Azuma បាននិយាយថា ការប៉ាន់ប្រមាណ​ពីការខាតបង់ ៩,៥ ប៊ីលានដុល្លារ ​ក៏រួមបញ្ចូលផងដែរនូវផលប៉ះពាល់លើក្រុមហ៊ុន​ផ្គត់ផ្គង់ ជាពិសេសក្រុមហ៊ុន​​នៅ​អាមេរិកដែលនាំចូលគ្រឿងបន្លាស់ពី​ជប៉ុន។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា អាជីវកម្មនាំចូលទៅអាមេរិក​របស់ Toyota ពីប្រទេសផ្សេងៗ រួមទាំងម៉ិកស៊ិក និងកាណាដា ក៏រងផលប៉ះពាល់ធ្ងន់ផងដែរ ខណៈត្រាំ ដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត និងគ្រឿងបន្លាស់នាំចូល​។ ​កាលពីសប្តាហ៍មុន ក្រុមហ៊ុនបាននិយាយថា ខ្លួនផលិតរថយន្ត Toyota និង Lexus ប្រហែល ១,១ លាន​គ្រឿង ​នៅអាមេរិកខាងជើងក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០២៥ រួមទាំងជាង ៧០០ ០០០ គ្រឿង នៅសហរដ្ឋអាមេរិក៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម