Connect with us

ព័ត៌មានជាតិ

១៣ថ្ងៃហើយដែលទាហានកម្ពុជាត្រូវបានថៃចាប់ទៅ គឺមិនទាន់ដោះលែង

បានផុស

នៅ

រយៈពេល១៣ថ្ងៃមកហើយដែលកងកម្លាំងកម្ពុជាត្រូវបានភាគីថៃចាប់ខ្លួនទៅដោយខុសច្បាប់ គឺមិនទាន់ដោះលែងមកវិញនៅឡើយទេ។ កម្ពុជានៅតែបន្តទាមទារឱ្យភាគីថៃ ត្រូវប្រញាប់បញ្ជូនអ្នកទាំងនោះមកវិញឱ្យបានឆាប់ កុំពន្យារពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងនៅវេលាថ្ងៃត្រង់ទី១១ ខែសីហានេះ ថា គិតតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន កងកម្លាំងកម្ពុជា ដែលត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់ មកទល់ពេលនេះ មានរយៈពេល១៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី១១ ខែសីហានេះ។

ក្នុងន័យនេះ កម្ពុជាបន្តស្នើភាគីថៃឆាប់បញ្ជូនកងកម្លាំងទាំង១៨រូបឱ្យត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវយ៉ាងទទូចរបស់បណ្ដាប្រទេសដៃគូ និងអង្គការអន្តរជាតិជាច្រើន។ លោកស្រី ម៉ាលី សុជាតា បាននិយាយថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា ព្រមទាំងសហគមន៍អន្តរជាតិនៅតែបន្តទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បញ្ជាក់ពីការមិនទុកចោលនូវសមាជិកយោធារបស់ខ្លួនណាម្នាក់ឡើយ ពោលគឺកម្ពុជានៅតែទទូចឱ្យភាគីថៃប្រញាប់បញ្ជូនអ្នកទាំងនោះត្រឡប់មកវិញ។

គួរជម្រាបថា តាមការអះអាងរបស់កាកបាទក្រហមអន្តរជាតិ ដែលបានជួបសួរសុខទុក្ខទាហានកម្ពុជាទាំង១៨នាក់ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាននោះ គឺមានសុវត្ថិភាព។

ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា កាលពីសប្ដាហ៍មុន លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានចែករំលែកព័ត៌មានអំពីការចុះសួរសុខទុក្ខទាហានទាំង១៨នាក់ ដោយលោក Lloyd Gillett បានប្រាប់ថា យោធិននៃកងយោធពលខេមរភូមិន្ទដែលស្ថិតនៅក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម