Connect with us

ព័ត៌មានជាតិ

សិង្ហបុរីបញ្ជូននាយទាហានពីររូបចូលរួមក្រុមសង្កេតការណ៍អាស៊ាន(AOT)នៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍នាយទាហានបន្តវេនចំនួនពីររូបពីសិង្ហបុរី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយទាហានទាំងពីររូបដែលចូលរួមជាលើកនេះរួមមាន វរសេនីយ៍ត្រី WONG ZHENG, ERNEST និងព្រិន្ទបាលឯក SHASI KUMAR ដែលនឹងបំពេញភារកិច្ចនៅក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា។ បេសកកម្មនេះដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការនានាក្នុងសេចក្តីប្រកាសរួម។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាតែងតែគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ព្រមទាំងវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ។ លោកជំទាវបន្តថា ការចូលរួមនេះសំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការកសាងទំនុកចិត្តទៅវិញទៅមក។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម