ព័ត៌មានជាតិ
យោធិនកម្ពុជាបន្តសិក្សាយោធាជាន់ខ្ពស់នៅជប៉ុន មានមហិច្ឆិតាក្លាយជាមេទ័ពការពារជាតិដូចឪពុក
នាយឯក ហែម រតនា ដែលជានាយទាហាននៃក្រសួងការពារជាតិ នឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅបណ្ឌិត្យសភាការពារជាតិជប៉ុន និងកម្មវិធីអប់រំយោធាជាន់ខ្ពស់ ដោយមានគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកយោធាឲ្យកាន់តែខ្ពង់ខ្ពស់។ រតនា គឺជាបេក្ខភាពបន្តការសិក្សាផ្នែកយោធានៅប្រទេសជប៉ុនរយៈពេល ៥ ចាប់ពីខែមេសា ឆ្នាំ ២០២៦ ផ្នែកកងរាជអាវុធហត្ថ កងទ័ពជើងគោក។

លោកបានថ្លែងប្រាប់កម្ពុជាថ្មី ទាំងទឹកមុខញញឹមដោយបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានកិត្តិយសយ៉ាងខ្លាំងចំពោះឱកាសសិក្សានៅប្រទេសជប៉ុន ដែលមានប្រព័ន្ធបណ្តុះបណ្តាលយោធាទំនើប និងវិន័យតឹងរឹង។ លោកក៏មានបំណងសិក្សា និងស្វែងយល់ពីរបៀបគ្រប់គ្រង និងបណ្តុះបណ្តាលយោធា ដើម្បីយកមកអនុវត្តនៅកម្ពុជា។
មូលហេតុសំខាន់ដែលជំរុញឲ្យលោកជ្រើសរើសផ្លូវយោធានេះ គឺដោយសារតែឪពុករបស់លោក ដែលជាមេទ័ពប្រចាំទិសនៅខេត្តបាត់ដំបង ជាគំរូនៃភាពក្លាហាន វិន័យ និងការលះបង់ដើម្បីជាតិ។ ដោយមើលឃើញការលះបង់របស់ឪពុក លោក រតនា បានបញ្ជាក់ថា ខ្លួនមានបំណងដើរតាមជំហានឪពុក ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។
លោកថ្លែងប្រាប់ថា៖«ខ្ញុំចង់ធ្វើជាមេទ័ពយកគំរូតាមប៉ា ដោយសារប៉ាខ្ញុំគាត់បម្រើការងារនៅខេត្តបាត់ដំបង ខ្ញុំចង់បន្តពីគាត់ដើម្បីជួយដល់ប្រទេសជាតិ ជាពិសេសនៅទិសខេត្តបាត់ដំបង។ ដោយសារប៉ាគាត់ជាមនុស្សដែលច្បាស់លាស់ ហ្មត់ចត់ហើយគាត់ខ្លាំង និងបានជួយប្រទេសជាតិច្រើន ដូច្នេះពេលត្រឡប់មកពីប្រទេសជប៉ុនវិញ ខ្ញុំចង់យកគំរូតាមគាត់ដោយសារគាត់លះបង់ដើម្បីប្រទេសយើង»។

នៅថ្ងៃអនាគត បន្ទាប់ពីបញ្ចប់ការសិក្សា លោក ហែម រតនា មានគោលដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីប្រទេសជប៉ុន មកចូលរួមអភិវឌ្ឍវិស័យយោធានៅកម្ពុជា ព្រមទាំងចែករំលែកចំណេះដឹងទៅកាន់សិស្សប្អូនជំនាន់ក្រោយ ដើម្បីបង្កើនសមត្ថភាពកម្លាំងការពារជាតិឲ្យកាន់តែរឹងមាំ។ លោកក៏បានប្តេជ្ញាថា នឹងប្រើប្រាស់ជំនាញដែលបានសិក្សាដើម្បីបម្រើជាតិ និងត្រៀមខ្លួនរួចជាស្រេចក្នុងការការពារប្រទេស ប្រសិនបើមានការគំរាមកំហែងពីសត្រូវឈ្លានពាន។
ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ឱកាស ក៏ដូចជាក្រសួងការពារជាតិដែលបានអនុញ្ញាតឱ្យលោកទៅសិក្សានៅប្រទេសជប៉ុន។ អំឡុងពេលសិក្សា លោកប្តេជ្ញាចិត្តក្នុងការពង្រឹងចំណេះដឹង និងក្លាយជាបុគ្គលដែលមានសមត្ថភាពជាងមុនរួមចំណែកដល់សង្គម និងវិស័យការពារជាតិ និងប្រទេសជាតិ។

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀងជូនដំណើរយោធិនកម្ពុជាចំនួន៤រូប រួមមាន នាយឯក ហែម រតនា និងយោធិន៣រូបទៀត ដែលនឹងបន្តការសិក្សានៅបណ្ឌិត្យសភាការពារជាតិប្រទេសជប៉ុន និងកម្មវិធីអប់រំយោធាជាន់ខ្ពស់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


