Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង នឹង​បញ្ឈប់​សកម្មភាព​ខ្លះ​តាម​ព្រំដែន ដើម្បី​បន្ថយភាពតានតឹងជាមួយ​កូរ៉េ​ខាង​ជើង

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រកាស​នៅ​​ថ្ងៃសុក្រ​ទី​១៥​ខែ​សីហាឆ្នាំ​២០២៥​​អំពីការស្ដារឡើងវិញ​នូវ​ផ្នែកខ្លះ​នៃកិច្ចព្រមព្រៀងយោធាឆ្នាំ​២០១៨ ជាមួយប្រទេសកូរ៉េខាងជើង ដែលមានគោលបំណង​បញ្ឈប់​សកម្មភាព​មួយ​ចំនួន​​នៅតាមព្រំដែន ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​។

លោក Lee Jae Myung (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៨ ដែលត្រូវបានផ្អាកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Yoon Suk Yeol នឹងត្រូវបានស្តារឡើងវិញជាបណ្តើរៗ។ កិច្ច​ព្រម​ព្រៀង​នេះ​ ធ្លាប់​បាន​បញ្ឈប់​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដក​ប៉ុស្តិ៍​យាម​មួយ​ចំនួន និង​បង្កើត​តំបន់​ហាម​ហោះ​ហើរ​នៅ​ជិត​ព្រំដែន។

លោក Lee បាននិយាយ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​ថា «ខ្ញុំសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតប​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់យើង ដើម្បីស្តារទំនុកចិត្ត និងធ្វើ​ឲ្យ​កិច្ចសន្ទនារស់​ឡើងវិញ»។ នា​ពេល​ថ្មីៗ​នេះ ប្រទេសកូរ៉េខាងត្បូងបានបញ្ឈប់រួច​មក​ហើយនូវ​ការចែក​ចាយ​សន្លឹកខិតប័ណ្ណរបស់​សកម្មជនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង និងការផ្សព្វ​ផ្សាយតាមឧបករណ៍បំពងសំឡេង​ឃោសនានៅ​ព្រំដែន។

កូរ៉េទាំងពីរនៅតែមានជម្លោះ​មិនទាន់​ចប់​ដាច់​ស្រេច​​ចាប់តាំងពីបទឈប់បាញ់ឆ្នាំ​១៩៥៣ ហើយភាពតានតឹងចេះតែ​​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ។ កូរ៉េខាងជើង បានបោះបង់ចោលកិច្ចព្រមព្រៀងឆ្នាំ​២០១៨ ក្នុងខែវិច្ឆិកា​ឆ្នាំ​២០២៣ ហើយក្រោយមកបានបង្ហោះ​ប៉េងប៉ោងដែលពោរពេញដោយសំរាមរាប់រយទៅកូរ៉េ​​ខាងត្បូង ដែលជំរុញ​ឲ្យ​ទីក្រុងសេអ៊ូលសម្រេច​ត្រូវ​ផ្អាកកិច្ចព្រមព្រៀងទាំងស្រុងនៅខែមិថុនា​ឆ្នាំ​២០២៤។

ថ្វីត្បិត​រដ្ឋាភិបាល​​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង​ បាន​បង្ហាញ​ពី​បំណង​ចង់​ផ្សះផ្សា​ទំនាក់ទំនង​ឡើង​វិញ​ក៏ដោយ ក៏​កូរ៉េ​ខាង​ជើងនៅតែ​ព្យាយាម​ច្រានចោល​ដដែល។ លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទទូចថា ក្រុង​ព្យុងយ៉ាង​មិន​ចង់​​ធ្វើ​ឲ្យ​ប្រសើរឡើងនូវទំនាក់ទំនងជាមួយ​កូរ៉េ​ខាង​ត្បូង​ឡើយ ហើយនឹងរៀបចំ​បញ្ចូល​ជំហរនេះទៅ​ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនថែម​ទៀត​ផង។ លោកស្រី​បាន​បន្ថែម​ថា កូរ៉េ​ខាង​ជើង​គ្មាន​បំណង​រុះរើឧបករណ៍​បំពងសំឡេង​តាម​ព្រំដែនដូចអ្វី​ដែល​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ឡើយ៕

ព្រំដែនកូរ៉េខាងត្បូង-កូរ៉េខាងជើង (រូបថត៖ Reuters)

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម