Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ច្រានចោលសំណើបង្កើត​តំបន់​គ្មាន​យោធា​ដូច​កូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានច្រានចោលសំណើ​បង្កើត​តំបន់គ្មាន​យោធា​ចម្ងាយ ៤០​គីឡូម៉ែត្រ ដើម្បីបំបែកកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ដោយលើកហេតុផលថា គំនិតបែបនេះមិន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ឡើយ ខណៈ​ការ​ពិត​នៃ​ការប្រយុទ្ធសម័យទំនើប​គឺ​រុស្ស៊ី​ប្រើប្រាស់​តែ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប៉ុណ្ណោះ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ​ទី​២៩​ខែ​សីហា​ លោក ហ្សេលេនស្គី បានពន្យល់​ថា សង្គ្រាម​សម័យ​ថ្មី​ពឹង​ផ្អែក​ខ្លាំង​លើ​យន្តហោះគ្មានមនុស្សបើក ដែល​វា​បានបង្កើត​រួច​មក​ហើយ​នូវ «តំបន់មរណៈ» ​សម្រាប់​​ជួរមុខ​អ៊ុយក្រែន។ លោក​បាន​បន្ត​ថា​៖ «​មាន​តែ​អ្នក​ដែល​មិន​យល់​ពី​ស្ថានភាព​បច្ចេកវិទ្យា​នៃ​សង្គ្រាម​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ​ដែល​ស្នើ​​ឲ្យ​​មាន​តំបន់​គ្មាន​យោធា។ អាវុធធុនធ្ងន់របស់យើងនៅ​ចម្ងាយ​​ដល់​ជាង ១០​គីឡូម៉ែត្រ​ឯណោះ ពីព្រោះអ្វីៗត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ​​តំបន់​គ្មាន​យោធា​នេះមានរួចហើយ»។

សំណើដែល​លើក​ឡើង​ដោយមន្ត្រីអឺរ៉ុប នឹងពាក់ព័ន្ធនឹងការ​វាត​ទី​ទឹក​ដីអ៊ុយក្រែន​ទៅ​ជាតំបន់​គ្មានយោធា ស្រដៀងទៅនឹង​តំបន់​គ្មាន​យោធា​របស់កូរ៉េ​ខាង​ជើង​ និង​កូរ៉េ​ខាង​ត្បូង។ យ៉ាង​ណា លោក ហ្សេលេនស្គី បានបដិសេធ ដោយ​​ប្រាប់​ថា «បើរុស្ស៊ីចង់នៅ​​​កាន់តែ​ឆ្ងាយ​​ពីពួកយើង ពួកគេអាចដកថយយ៉ាងជ្រៅទៅក្នុងទឹកដីដែល​ខ្លួន​កាន់កាប់បណ្តោះអាសន្នបាន»។

យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​ដែល​ត្រូវ​អ៊ុយក្រែន​បាញ់​ទម្លាក់ (រូបថត៖ Reuters)

ការ​អត្ថាធិប្បាយ​របស់​មេ​ដឹកនាំ​អ៊ុយក្រែន​ បានធ្វើ​​ឡើង​នៅ​ពេល​ដែលកំពុង​​​មាន​ការ​ជំរុញ​ផ្នែក​ការទូត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ​ដើម្បី​បញ្ចប់​​សង្រ្គាម។ ក្តីសង្ឃឹមសម្រាប់កិច្ចប្រជុំកំពូលហ្សេលេនស្គី-ពូទីន បាន​រលាយ​រូបរាង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ Friedrich Merz បានប្រកាសថា លោក ពូទីន «មិនមានបំណង» ដើម្បីចរចានោះ​ឡើយ។ ចំណែក​ឯ​ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ទីក្រុងមូស្គូ មានពេលរហូតដល់ថ្ងៃចន្ទ​សប្ដាហ៍​ក្រោយ ដើម្បីទទួលយកកិច្ចពិភាក្សាថ្មី ឬ​ការ​ប្រថុយប្រថាន​នឹង​ការ​ដែលបង្ហាញថា ពូទីន «បានលេងសើច​» ជាមួយ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

សូម​ជម្រាប​ថា ប្រទេសរុស្ស៊ី កំពុងបើក​​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​បំផុត​មួយក្នុងសង្គ្រាម​នា​សប្តាហ៍នេះ ដោយបានប្រើ​យន្តហោះគ្មានមនុស្សបើក និងមីស៊ីល​ចំនួន ៦២៩គ្រឿង/គ្រាប់ វាយ​ប្រហារ​​ទីក្រុង​កៀវ និង​ឆក់​យក​ជីវិត​មនុស្ស​អស់ ២៣​នាក់។ ការ​វាយ​ប្រហារ​ជាច្រើន​លើក​ជាប់ៗ​គ្នា បានកើតឡើងនៅជិតការិយាល័យរបស់សហភាពអឺរ៉ុបនៅកណ្តាលរដ្ឋធានី​អ៊ុយក្រែន ដោយទាញការថ្កោលទោសពីមេដឹកនាំអឺរ៉ុប។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kaja Kallas បានហៅការវាយប្រហារនេះថាជា «ការកើនឡើងដោយចេតនា» ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

ប្រធានបុគ្គលិករបស់ ហ្សេលេនស្គី លោក Andriy Yermak បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កជាមួយនឹងបេសកជនរបស់លោក ត្រាំ គឺ​ លោក Steve Witkoff ព្រម​ទាំង​រដ្ឋមន្ត្រី​ការបរទេស Marco Rubio និងអនុប្រធានាធិបតី JD Vance ដោយសង្កត់ធ្ងន់ថា ខណៈពេលដែលអ៊ុយក្រែនស្វាគមន៍គំនិតផ្តួចផ្តើមសន្តិភាពរបស់សហរដ្ឋអាមេរិក «ម្នាក់ៗសុទ្ធ​តែ​ត្រូវបានរារាំង​ដោយរុស្ស៊ី»។

រដ្ឋមន្ត្រីសហភាពអឺរ៉ុបឥឡូវនេះកំពុងថ្លឹងថ្លែងលើការធានាសន្តិសុខ​ឲ្យ​ដូចអង្គការណាតូ សម្រាប់អ៊ុយក្រែនក្នុងព្រឹត្តិការណ៍នៃដំណោះស្រាយនាពេលអនាគត ទោះបីជាទីក្រុងមូស្គូទទូចថា កិច្ចព្រមព្រៀងណាមួយក៏ត្រូវតែឆ្លុះបញ្ចាំងពីផលប្រយោជន៍សន្តិសុខរបស់ខ្លួនផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម