Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​ខេត្ត​កោះកុង ចុះ​ពិនិត្យ​និង​ព្យាបាល​កុមារ​កំព្រា ខណៈ​ពួក​គេ​កង្វះ​អនាម័យ​រស់​នៅ

បានផុស

នៅ

កោះកុង ៖ ក្រុម​គ្រូពទេ្យមន្ទីរពេទ្យបង្អែកខេត្ត បានចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជា​លក្ខណៈ​បឋម​ដល់​កុមារ​កំព្រា​ចំនួន១៥នាក់ ស្របពេលពួកគេកង្វះការយល់ដឹងអំពីអនាម័យ និង​លើក​កម្ពស់​ផ្នែក​មនុស្សធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់ ក៏​មាន​កុមារ​កំព្រា​ចំនួន១៥នាក់ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​បង្អែក​ខេត្ត​កោះកុង​ចុះ​បេសកកម្ម​ពិគ្រោះ និង​ព្យាបាល​នៅ​នឹង​កន្លែង​ផ្ទាល់​តែម្តង ក្រោមរូបភាពមនុស្សធម៌ និង​ការ​ណែនាំ​របស់​រដ្ឋបាលខេត្ត។

លោក​វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរបង្អែកខេត្តកោះកុង បានឱ្យដឹង​នៅ​រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះថា សកម្មភាព​ពិនិត្យ​ព្យាបាល​ជូន​កុមារ​កំព្រា​នៅ​ពេល​នេះ ដោយសារ​តែ​ពួក​គេ​មាន​កង្វះ​អនាម័យ​ថែទាំ​ខ្លួន​ប្រាណ និងជាបេសកម្មប្រចាំរបស់មន្ទីរពេទ្យលើផ្នែកមនុស្សធម៌។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន គូសបញ្ជាក់ទៀត​ថា កុមារ​នៅ​មណ្ឌលកំព្រា មាន​ជំងឺ​សើ​ស្បែក​មួយ​ចំនួន និងជំងឺមាត់ធ្មេញដោយក្រុមគ្រូពេទ្យនឹងអប់រំណែនាំបន្ថែមអំពីវិធីសាស្រ្តការពារជំងឺដល់ពួកគេ ដើម្បីជៀសផុតនៃការរីករាលដាលជំងឺផ្សេងៗបន្ត។

លោក សែម វ៉ាន់នី ជាអ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រាខេត្តកោះកុង និយាយថា មណ្ឌល​កុមារ​កំព្រា​ក្នុងខេត្ត សព្វថ្ងៃ​មាន​កុមារ​ចំនួន១៥នាក់​ដែល​កំពុង​ស្នាក់នៅរៀនសូត្រ ដែល​ពួក​គេ​ត្រូវ​បាន​ម្តាយ​ឪពុក​បោះចោល និង​ខ្លះ​ទៀត​ជាប់​ពន្ធនាការ។

បើ​តាម​លោក សែម វ៉ាន់នី សម្តែង​ក្តី​រីករាយ​ដែល​មាន​ក្រុម​គ្រូពេទ្យ​ចុះ​មក​ព្យាបាលជំងឺទូទៅដល់កុមារនៅមណ្ឌលរបស់លោក ព្រោះ​នៅ​មាន​ចំណុច​ខ្វះខាត និង​តម្រូវ​ការ​ជា​ច្រើន​ទៀត​បម្រើ​ការ​ដល់​ជួយ​ផ្គត់ផ្គង់​យកចិត្តទុកដាក់។

ដោយឡែក​លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក៏​សូម​ថ្លែង​អំណអរ​គុណ​យ៉ាងជ្រោល​ជ្រៅ​ជូន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​បង្អែកខេត្តដែល​បាន​ដឹក​នាំ​គ្រូ​ពេទ្យ​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​កុមារ​នៅមណ្ឌល​កំព្រា​ផ្ទាល់​តែម្តង គ្រា​យក​ចិត្ត​ទុកដាក់​នេះ​មិន​អាច​កាត់​ថ្លៃ​បាន​ទេ​សំដៅ​ដល់​លើក​កម្ពស់សុខភាពរស់នៅរបស់កុមារប្រចំាថ្ងៃ។

លោកស្រី ឈី វ៉ា រំលេចដែរថា កន្លងទៅ និងបច្ចុប្បន្នរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងសប្បុរសជិតឆ្ងាយនានា បានជួយគាំទ្រទំនុកបម្រុងអាហារ កសាងបន្ទប់ស្នាក់នៅ ធ្វើសួនច្បារ និងបំពេញរាល់តម្រូវការផ្សេងៗបន្ថែមជូនមណ្ឌលកុមារកំព្រា ក្រៅ​ពី​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ផ្នែកអនាម័យសុខភាព៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម