Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកលក់ស៊ុតនៅចិន ប្រើ AI ក្លូនបុគ្គលល្បីៗ បង្កឲ្យមហាជនព្រួយបារម្ភការឆបោក​តាមបច្ចេកវិទ្យា​

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន China Central Television បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែសីហាថា មនុស្សចំនួន ៤៧,០០០នាក់បានចាញ់បោកអ្នកលក់ស៊ុត ដែលលួចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីក្លូនបុគ្គលល្បីប្រចាំប្រទេសចិន គឺ Quan Hongchan និងអត្តពលិកកំពូលៗផ្សេងទៀត ដើម្បីលក់ទំនិញរបស់ពួកគេនៅលើអិនធើណេត។

រូបភាព៖Scmp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបញ្ចាក់ទៀតថា ស៊ុត​ត្រូវ​បាន​គេ​លក់​ដោយ​ប្រើ​គណនី​មួយ​ដែល​មាន​អ្នក​តាម​ដាន​ចំនួន ១៤ ០០០​នាក់។ វា​បាន​បង្ហោះ​វីដេអូ​ក្លែងក្លាយ​របស់អត្តពលិកអូឡាំពិក Quan ដែលជួយផ្សព្វផ្សាយ​ពង​មិន​គិតថ្លៃ​ ​ផលិត​នៅ​ក្នុង​កសិដ្ឋាន​របស់​គ្រួសារ​នាងផ្ទាល់តែម្ដង។

វីដេអូ​នោះអត្តពលិកអូឡាំពិក​ Quan និយាយ​ទៅ​កាន់​កាមេរ៉ាដោយ​ពាក់​ម៉ាស​មុខ។ បន្ទាប់មក ក៏បង្ហាញសត្វមាន់នៅក្នុងកសិដ្ឋាន និងផលិតផលស៊ុត ដោយមានសំឡេងរបស់នាងបន្តនៅផ្ទៃខាងក្រោយវីដេអូ។

ជាងនេះទៀតដែរ មនុស្ស AI ដែលមានឈ្មោះ Quan បានបន្តដោយសំដៅលើខ្លួនឯងដោយឈ្មោះហៅក្រៅដែលប្រើដោយអ្នកគាំទ្ររបស់នាងថា Chan Bao ព្រមទាំងនិយាយរឿយៗថា ម្តាយរបស់នាងបានរៀបចំពងចំនួន ៣០០ដោយឥតគិតថ្លៃក្នុងកសិដ្ឋាន។

ដោយឡែក គណនីមួយទៀតក៏បានចម្លងម្ចាស់ជើងឯកកីឡាវាយកូនឃ្លីលើតុចិន Sun Yingsha និងសំឡេង Wang Chuqin ដើម្បីផ្សព្វផ្សាយពងនៅក្នុងកសិដ្ឋានរបស់ពួកគេផងដែរ។

អ្នកបោកប្រាស់បានប្រើរូបភាពក្លែងក្លាយរបស់ Quan ពាក់របាំងមុខ និងកំណែក្លូននៃសំឡេងរបស់នាង។
រូបថត៖ Handout

អ្នកសរសេរប្លុកវីដេអូមួយចំនួនបានចម្លងសំឡេងរបស់តារាល្បីៗ ហើយប្រើវាអំឡុងពេលផ្សាយផ្ទាល់ ដើម្បីទាក់ទាញអ្នកតាមដាន និងលក់ទំនិញឲ្យពួកគេ។ គណនីមួយចំនួនក៏បានផ្សព្វផ្សាយផលិតផល AI voice cloning និងផ្តល់ការបង្រៀនផងដែរ។

កាលពីខែកក្កដា ប៉ូលិសនៅក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិនក៏បានរាយការណ៍ពីករណីដែលអ្នកបោកប្រាស់បានក្លូនសំឡេងរបស់មនុស្សសាមញ្ញ ដើម្បីបោកប្រាស់សមាជិកគ្រួសាររបស់ពួកគេ។ ក្រមរដ្ឋប្បវេណីរបស់ប្រទេសចិនដែលចូលជាធរមានក្នុងឆ្នាំ ២០២១ បានចុះបញ្ជីសំឡេងរបស់ប្រជាជនថាស្ថិតនៅក្រោមការការពារផ្លូវច្បាប់ជាលើកដំបូង។

នៅខែមេសា ឆ្នាំ ២០២៤ តុលាការអ៊ិនធឺណិតទីក្រុងប៉េកាំងបានបញ្ជាឲ្យក្រុមហ៊ុនចំនួនពីរបង់ប្រាក់សំណងចំនួន ២៥០,០០០ យន់ (៣៥,០០០ ដុល្លារអាមេរិក) ដល់តារាសម្តែងសំឡេងសម្រាប់ការក្លូនសំឡេងរបស់គាត់ដោយគ្មានការយល់ព្រម។ នេះ​ជា​ការ​វិនិច្ឆ័យ​ផ្លូវ​ច្បាប់​លើក​ដំបូង​របស់​ប្រទេស​ចិន​ ដែល​ការពារ​សិទ្ធិ​សំឡេង​ពី​ការ​ក្លូន AI។

យ៉ាងណាមិញ អ្នកសង្កេតការណ៍អនឡាញជាច្រើនបាននិយាយថា អ្នកបោកប្រាស់ទាំងនេះបានបោកបញ្ឆោតមនុស្សដោយប្រើសេចក្តីស្រឡាញ់របស់ពួកគេចំពោះកីឡាករ។ ពួកគេគួរតែត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ។ អ្នកផ្សេងទៀតក៏បាននិយាយដែរថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែទទួលខុសត្រូវចំពោះការបោកប្រាស់បែបនេះ ពីព្រោះពួកគេអនុញ្ញាតឲ្យវីដេអូទាំងនោះផ្សព្វផ្សាយ។ ចំពោះករណី​នេះ​ បាន​ធ្វើ​ឲ្យមាន​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ជុំវិញ​ការ​បោកប្រាស់ AI និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​រំលោភ​សិទ្ធិ​របស់​តារា​ល្បីៗផងដែរ៕

រូបភាពដែលបង្កើតឡើងដែលបង្ហាញពីកសិដ្ឋានគ្រួសារ Quan ក៏ត្រូវបានប្រើប្រាស់ក្នុងការបោកប្រាស់ផងដែរ។រូបថត៖ Handout

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីចិន កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ក្រោយអ្នកសម្អាត​បង្អួច​ ឃើញ​នាង​ដេក​ស្រាត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម