Connect with us

ព័ត៌មានជាតិ

លោក​ឃួង ស្រេង ស្នើ​អាជ្ញាធរ​សង្កាត់ សហការ​គ្នា​ធ្វើ​យ៉ាង​ណា​ឱ្យ​មូលដ្ឋាន​ស្អាត គ្មាន​សំរាម​និង​មាន​បរិស្ថានល្អ

បានផុស

នៅ

លោកឃួង ស្រេង សមាជិកគណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​រស់​នៅ របៀប​ស៊ីវិល័យ​ ដូច្នេះ​ទេ សូមឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ សហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានយើងទាំងមូលស្អាត គ្មានសំរាមនិងមានបរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក​ឃួង ស្រេង បែបនេះបានធ្វើឡើង ក្នុង​ពិធី​សំណេះសំណាល​ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

លោកឃួង ស្រេង បានលើកឡើងទៀតថា ចង់ឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព មានបរិស្ថានល្អ យើង មិនអាចធ្វើតែឯងបានទេ ដាច់ខាត់ត្រូវតែមានការចូលរួមទាំងអស់គ្នា ពិសេសការចូលរួមពីប្រជាពលរដ្ឋ យើងមានក្រុមហ៊ុន ដឹកសំរាមច្រើន ដូច្នេះទីណាមានសំរាម សូមរាយការណ៍ នោះភ្នាក់ងារអ្នកដឹកជញ្ជូនសំរាមគេនឹងទៅដឹកជញ្ជូនភ្លាម។

ក្នុង​ឱកាស​នោះ លោកឃួង ស្រេង ក៏បានបញ្ជាក់​ថា យុវជន​ជំនន់មុនបានលះបង់​ច្រើនណាស់​ដើម្បីជាតិមាតុភូមិ​និង​ប្រជាពលរដ្ឋកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុន នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។

លោកឃួង ស្រេង បានបន្តថា សមាជិក សមាជិការបស់យើង ជា​ឃោសនិក​ដ៏​ឧត្ថុងឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះ​ត្រូវ​យក​គោល​នយោបាយ​របស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សរបស់យើង ទៅ​ផ្សព្វផ្សាយ​ឱ្យប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប​កាន់តែច្បាស់និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត។

ជាមួយគ្នានោះដែរ លោកឃួង ស្រេង ក៏បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ។

លោកឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ក្នុង​ឱកាសនោះដែរ លោកស្រី ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ ស្រះចក ក៏បានឱ្យដឹងដែរថា៖ សង្កាត់ស្រះចក មានផ្ទៃដីទំហំ ៣២០១ហិចតា ដែលផ្ទៃដីនេះស្មើនិង១ភាគ៣នៃខណ្ឌទាំងមូល មាន២៤ភូមិ ។ សង្កាត់នៅមានសកម្មភាព ក្មេងទំនើង ក្មេងបង្ហោះម៉ូតូ គ្រឿងញៀនតិចតួច តែសកម្មភាពទាំងនេះ គឺ​សុទ្ធតែ​កម្លាំង​យើង​បង្ក្រាប​បាន។ មាន​គម្រោងអភិវឌ្ឍសង្កាត់ ដើម្បីប្រយោជន៍សាធារណៈ។

បាន​ផ្តល់​សេវាសាធារណៈតាមច្រកចេញចូលតែមួយ ទាំងសំបុត្រកំណើត សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានល្អនិងទាន់ពេល។ ចំណែកការងារសង្គម យើងបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្របានទាន់ពេលវេលា រហូតទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសចំពោះសេវាសង្គមនេះ។

លោក ស្រី​បន្ត​ថា សមាជិក សមាជិកា​បក្សនិងប្រជាជននៅក្នុងមូលដ្ឋាន​បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំងចំពោះទន្ឌិត សម រង្ស៊ី ដែលចូលដៃ ចូលជើងជាមួយថៃ ខណៈទាហានថៃឈ្លានពានកម្ពុជា។ បាន​ចុះ​សំណេះសំណាលនិងជួយប្រជាពលរដ្ឋ នៅតាមភូមិជាប់ជាប្រចាំ។ មាន​សាមគ្គីភាពផ្ទៃក្នុងល្អ យើងបានពង្រឹង​កម្លាំង​ទាំង​ប្រជាការពារនិងប៉ូលីស ដើម្បីភាព​សុខសាន្ត​របស់ប្រជាពលរដ្ឋ ពោល​គឺមានបញ្ហាអ្វីមួយ យើងអន្តរាគមន៍ជួយពួកគាត់ភ្លាមៗតែម្តង។ បានពង្រឹងរចនាសម្ព័ន្ធបក្សបានរឹងមាំ ខិតខំរកមូលនិធិនិងចំណូលដើម្បី​ជួយពលរដ្ឋក្រីក្រនៅ​ក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសកម្មជនតាមភូមិ ដើម្បីយកព័ត៌មានពីក្រោមច្បាស់លាស់ អាច​វាយ​បក​បាន​ទាន់ពេល៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម