Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញវិធានការ ៦ចំណុច ដើម្បីបង្កើនអត្រាចូលរៀនឱ្យមាននិរន្តរភាព

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានដាក់ចេញវិធានការចំនួន ៦ចំណុច ដើម្បីបង្កើនអាត្រាចូលរៀនឱ្យមាននិរន្តរភាព។ នេះ បើតាមការផុសរបស់ក្រសួងលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ ខែកញ្ញា។

រូបភាពពី៖ អង្គការយូនីសេហ្វ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យកំណើននៃការចូលរៀនមាននិរន្តរភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដាក់ចេញវិធានការដូចជា ទី១.វិនិយោគបន្ថែមលើការសាងសង់អគារ និងការជ្រើសរើសគ្រូបន្ថែម។ ទី២.ត្រូវបង្កើនប្រសិទ្ធភាពនៃការអប់រំ ដោយត្រូវដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការបោះបង់ និងអត្រាគ្រោះថ្នាក់។ ទី៣ ការពង្រឹងអភិបាលកិច្ចសាលារៀន និងកំណែទម្រង់សាលារៀនតាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ។ ទី៤. ការពង្រឹងគុណភាពបង្រៀន តាមយៈការកែលម្អជាប្រចាំគុណភាពនៃការបណ្ដុះបណ្ដាលគ្រូ ជាពិសេសធ្វើកំណែទម្រង់សាលាគរុកោសល្យ ទី៥.ការបង្កើនម៉ោងសិក្សា ការផ្តល់ការគាំទ្រដល់សិស្ស ដែលមានតម្រូវការ ដូចជាការផ្តល់អាហារូបករណ៍ អាហារូបត្ថម្ភ វិនិយោគលើកុមារតូច បឋមសិក្សា និងវិនិយោគលើសុខភាពសិក្សា។ ទី៦.ការលើកទឹកចិត្តឱ្យមាតាបិតាចូលរួម និងគាំទ្រដល់ការសិក្សារបស់សិស្ស។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនិងកែលម្អឯកសារយុទ្ធសាស្រ្តពង្រីកសេវាការអប់រំមធ្យមសិក្សាឆ្នាំ២០៣០ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

បន្ទាប់ពីពិនិត្យរបាយការណ៍ស្តីពីយុទ្ធសាស្ត្រពង្រីកសេវាការអប់រំមធ្យមសិក្សាឆ្នាំ ២០៣០ រួចមក កិច្ចប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលបន្ថែម និងគណនាពីការព្យាករណ៍តម្រូវការធនធាន ឆ្លើយតបនឹងយុទ្ធសាស្ត្រពង្រីកការអប់រំមធ្យមសិក្សាក្នុងរយៈពេលមធ្យម និងរយៈពេលវែង ។ បន្ថែមពីនេះ រដ្ឋមន្ត្រីអប់រំ ក៏បានណែនាំឱ្យក្រុមការងារចុះទៅពិនិត្យជាក់ស្តែងដល់តំបន់ត្រូវពង្រីកការផ្តល់សេវាអប់រំមធ្យមសិក្សា និងរៀបចំបង្កើតជានិយាម ព្យាករណ៍អត្រាកំណើនសិស្ស និងព្យាករណ៍តម្រូវការគ្រូ , សូមធ្វើផែនការ ដោយផ្អែកលើគំរូនៃការអនុវត្តជាក់ស្តែងនៅសាលារៀនបច្ចុប្បន្ន និងរៀបចំបញ្ជីតម្រូវការធនធានសម្រាប់ពង្រីកមធ្យមសិក្សា។ ក្រសួងគ្រោងនឹងអនុវត្តសាកល្បងនូវយុទ្ធសាស្ត្រប្រែក្លាយសាលារៀនបឋមទៅអនុវិទ្យាល័យ និងប្រែអនុវិទ្យាល័យទៅជាវិទ្យាល័យ នៅសាលាគំរូមួយចំនួន ដើម្បីស្វែងយល់ និងបន្តកែលម្អយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើរ។ នេះ បើតាមក្រសួងអប់រំ។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រីកការផ្តល់សេវាអប់រំមធ្យមសិក្សា ដែលមានគោលដៅបង្កើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ព្រមទាំងផ្តល់ដល់យុវជនកម្ពុជានូវចំណេះដឹងមុខវិជ្ជា ជំនាញ និងសមត្ថភាពសតវត្សទី២១ ដោយផ្អែកលើគោលនយោបាយ និងសមិទ្ធផលការងារ ១០ឆ្នាំកន្លងមក, យុទ្ធសាស្ត្រកម្ពុជា (SDG 4) ឆ្នាំ២០៣០, ផែនការយុទ្ធសាស្ត្រវិស័យអប់រំ (ESP) ឆ្នាំ២០២៤-២០២៨, ផែនទីបង្ហាញផ្លូវ ការអប់រំមធ្យមសិក្សា (CAMSEB) ឆ្នាំ២០៣០ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម