Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ អាន់វ៉ា ទន្ទឹង​​ជួប​ អា​នុទីន​ ដើម្បី​ដោះស្រាយ​បញ្ហា​​​​​នានា​​ រួម​ទាំងជម្លោះ​កម្ពុជា-ថៃ​​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)​ ក្នុង​នាម​ប្រធាន​ប្តូរវេន​អាស៊ាន បាន​​​ទទ្ទឹងជួប​ធ្វើ​ការ​ជាមួយ​ លោក​​ អានុទីន ឆាន​​វីរៈគុល (Anutin Charnvirakul) ​ដែល​ទើប​សភា​​ថៃ​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​​ឲ្យ​ឡើង​ជា​​នាយករដ្ឋមន្ត្រី​ថៃ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​​ទ្វេភាគី​រវាង​​ថៃ​និង​ម៉ាឡេស៊ីផង និង​បញ្ហា​​​ព្រំដែន​កម្ពុជា​និង​ថៃ​ផង និង​​​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​អាស៊ាន​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម​។ FB

​​ស្ថិត​ក្នុងចំណោម​​ប្រទេស​​​តិច​តួច​ដែលចេញសារ​អបអរសាទរ លោក អានុទីន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ី​ប្រាហ៊ីម​ ដែលត្រូវ​បាន​គេ​ទទួលស្គាល់ថា បាន​ប្រឹងប្រែង​​​​ក្នុង​ពន្លឿន​ការ​បញ្ចប់ជម្លោះ​​រវាង​ថៃ​និង​កម្ពុជា​នៅតាមតំបន់​ព្រំដែន ដោយ​មិន​បង្អង់យូរ​​បាន​ហៅ​​​ទូរស័ព្ទ​ទៅកាន់​​ នាយករដ្ឋមន្ត្រី​ជាប់ឆ្នោតថៃ លោក អានុទីន ដើម្បី​សំដែង​ការ​អបអរសាទរ​ បន្ទាប់​ពី​​​​ដឹងថា មហាក្សត្រ​ថៃ​បានចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជាផ្លូវ​ការ​។

​​ក្រោយការ​សន្ទនា​របស់​​​ប្រមុខ​រដ្ឋ​ក្បែរ​ខាងទាំងពីរ ​លោក អាន់វ៉ា បាន​សរសេរ​នៅ​លើ​សារ​បណ្តាញ​សង្គមរបស់​លោក ​បង្ហោះ​នៅ​ថ្ងៃអាទិត្យថា៖​ «នៅរសៀលថ្ងៃនេះ ខ្ញុំបានទាក់ទងទៅលោក អានុទីន ឆាន​​វីរៈគុល ដើម្បីអបអរសាទរចំពោះការតែងតាំងលោកជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ​»​។ ​

នៅ​ក្នុងសារ​នោះ លោក អាន់វ៉ា បាន​ចាត់​ទុក​លោក ​ អានុទីន​​ ជាមិត្ត​ចាស់ ដែល​តែង​តែ​​រួម​សុខ​រួម​ទុក្ខ​​​ជាមួយ​លោក​ក្នុង​ពេលកន្លង​មក​ទាំង​ក្នុងគ្រាអាក្រក់ និង​ក្នុង​គ្រា​​ល្អៗ។ ​ជាមួយ​គ្នា​នោះ លោក​​ អាន់វ៉ា បាន​បញ្ជាក់​អំពី​ការ​អញ្ជើញ​​​​​លោក អនុទីន​​ទៅទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​​ក្នុងពេលឆាប់ៗ​​ខាងមុខ​។

លោក អាន់​វ៉ា បានសរសេរ​ថា​៖​«ខ្ញុំក៏សូមអញ្ជើញគាត់ [​អានុទីន​] ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្រៅពី​បញ្ហា​​នៅព្រំដែនថៃ-កម្ពុជា និងកិច្ចសហប្រតិបត្តិការអាស៊ាន»​​។

​ជាការឆ្លើយ​តប នាយករដ្ឋមន្ត្រីថៃ​ ​អានុទីន បានជូនដំណឹងថា ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ ហើយលោកទន្ទឹងរង់ចាំជួប​លោក អាន់វ៉ា ក្នុងពេលឆាប់ៗនេះ​។

​រហូត​ដល់​ពេលនេះ​ មាន​ត្រឹមតែ​ប្រទេស​ចិន កម្ពុជា និង​ម៉ាឡេស៊ី​ ដែលបាន​​​បង្ហាញ​​​សារ​អបអរ​​សាទរ​ដល់រដ្ឋាភិបាល​របស់​លោក ​អានុទីន ដែល​​​មាន​សិទ្ធិ​កាន់អំណាច​​ត្រឹមតែ​រយៈពេល​៤ខែ​ប៉ុណ្ណោះ ដោយសារ​តែ​​​​ការ​សន្យា​ជាមួយ​គណបក្ស​ប្រជាជន​​ដែល​ទាមទារ​​ឲ្យរំលាយ​សភា​​​​ ដើម្បីរៀបចំ​ការ​បោះឆ្នោតឡើងវិញ​ ជាថ្នូរ​ទទួលបាន​ការ​បោះឆ្នោត​គាំទ្រ​​​​​​​​នៅក្នុងសភា​​​កាលពីថ្ងៃទី៥ខែ​​​កញ្ញា​កន្លងទៅ​​៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម