ព័ត៌មានជាតិ
ពូជអ្នកសាងអង្គរប្រើដៃឆ្លាក់ថ្មជួសជុលប្រាសាទទុកជាកេរដល់មនុស្សរាប់ជំនាន់តទៅមុខទៀត
ជាងចម្លាក់ប្រាសាទភាគច្រើនជាអ្នកស្រុកសៀមរាបបានបំពេញការងារដ៏អស្ចារ្យបន្តស្នាដៃរបស់ដូនតា ជួសជុលប្រាសាទបុរាណ ដោយប្រើប្រាស់វិធីសាស្ត្រឆ្លាក់ថ្មតាមទ្រង់ទ្រាយដើម ដែលសមិទ្ធផលនេះនឹងបន្តទៅមុខរាប់រយឆ្នាំទៅមុខទៀត។

ប្រាសាទមេបុណ្យខាងលិច កសាងឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នៅពាក់កណ្ដាលសតវត្សទី១១ ស្ថិតចំកណ្ដាលបារាយណ៍ទឹកថ្លា បានដួលរលំបាក់បែកខ្លាំងដោយសារអាយុកាល និងការបំផ្លាញដោយធម្មជាតិ កំពុងលេចរូបរាងសាងជាថ្មីក្រោមស្នាដៃរបស់អ្នកអភិរក្សកម្ពុជា។ អស់រយៈពេល៧ឆ្នាំហើយដែលកូនខ្មែរខំប្រឹងជួសជុលប្រាសាទនៃឱ្យងើបឈរឡើងវិញ។
ក្រុមការងារជួសជុលប្រាសាទនេះភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។
ភាពលំអិតនៃចម្លាក់លើប្រាសាទត្រូវបានកូនខ្មែររំលេចឡើងជាថ្មី ដែលការងារនេះទាំងមិនមែនកើតចេញពីម៉ាស៊ីនទំនើបអ្វីនោះទេ គឺចេញពីញញួរ ជាមួយពន្លាកសម្រាប់ដាប់ថ្ម និងការតាំងចិត្តរបស់ពួកគេក្នុងនាមជាអ្នកបន្តវេនលើការងារពីដូនតានេះ។

ជាងចម្លាក់ម្នាក់លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ បានរៀបរាប់និងត្រូវបានយកមកចុះផ្សាយដោយអាជ្ញាធរជាតិអប្សរាថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០០ រៀនជំនាញដាប់ឆ្លាក់លើថ្មថ្មីដែលជំនួសថ្មចាស់ដែលបាត់បង់តាមទ្រង់ទ្រាយដើមឡើងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់ដើមនៅសេសសល់ពីថ្មប្រាសាទជាគំរូផង។ លោក ឈឿង ជ័យ ឱ្យដឹងទៀតថា តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៃការដាប់ឆ្លាក់នៅតាមការដ្ឋានជួសជុលប្រាសាទនានា លោកបានខិតខំអស់ពីសមត្ថភាពក្នុងការដាប់ឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើមរបស់ប្រាសាទមេបុណ្យខាងលិច ដែលផ្នែកខ្លះថ្មចាស់ត្រូវបានបាត់បង់ដើម្បីទុកជាកេរដំណែលរាប់រយឆ្នាំបន្តទៅមុខទៀត។

ចំណែក លោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជំនាញឆ្លាក់ក្បាច់ចម្លាក់នៅសិប្បករអង្គរ (Artisan Angkor) ដែលបានចូលធ្វើការងារជួសជុលប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០១៩ ផ្នែកឆ្លាក់ក្បាច់ បានឱ្យដឹងថា ការងារដាប់ឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់ផ្នែកនៃប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពីកម្លាំងកាយចិត្តក្នុងនាមជាអ្នកបន្តវេនលើការងារដាប់ឆ្លាក់។ លោក ហាំ ហាន់ សប្បាយចិត្ត ដែលបានរួមចំណែកក្នុងការចូលរួមឆ្លាក់ក្បាច់នៅប្រាសាទបុរាណ ពិសេស ប្រាសាទមេបុណ្យខាងលិច ដូចក្តីបំណង ដែលប៉ងប្រាថ្នាជាតាំងពីយូរមកហើយនេះ។
គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលចាប់ផ្ដើមនៅឆ្នាំ២០១៨នេះ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីប្រើប្រាស់ពេល៨ឆ្នាំដើម្បីជួសជុលប្រាសាទនេះឡើងវិញ។ ក្រោយជួសជុលប្រាសាទនេះនឹងឈររឹងមាំរាប់ឆ្នាំទៅមុខទៀត ជាមួយមោទនភាពរបស់អ្នកជួសជុលប្រាសាទទាំងអស់នេះ៕






អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


