ព័ត៌មានអន្ដរជាតិ
លោក Anutin គ្រោងដោះស្រាយបញ្ហាកំណើនតម្លៃប្រាក់បាតថៃ ដែលប៉ះពាល់ដល់ការនាំចេញ
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) បានថ្លែងនៅថ្ងៃចន្ទនេះថា ការឡើងថ្លៃនៃប្រាក់បាតថៃ ត្រូវតែដោះស្រាយជាបន្ទាន់ ចំពេលមានការព្រួយបារម្ភថា និន្នាការនេះប៉ះពាល់ដល់ការនាំចេញរបស់ប្រទេស ដែលរងគ្រោះដោយហានិភ័យសកលផ្សេងៗរួចស្រាប់ទៅហើយ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក អានុទីន បានឱ្យដឹងយ៉ាងដូច្នេះ បន្ទាប់ពីលោកបានប្រជុំជាមួយសហព័ន្ធឧស្សាហកម្មថៃ ហើយថា លោកក៏នឹងសុំការអនុម័តពីព្រះមហាក្សត្រ សម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួននៅចុងសប្តាហ៍នេះ។
ប្រាក់បាតថៃ បានជួញដូរនៅតម្លៃ ៣១,៧៤ បាត/ដុល្លារ នៅម៉ោង ១ រសៀលថ្ងៃចន្ទនេះ ក្រោយពីបានកើនឡើងដល់អត្រាខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំកាលពីសប្ដាហ៍មុន ប្រមាណ ៣១,៥៧ បាត/ដុល្លារ។
មែនទែនទៅ ប្រាក់បាតថៃ បានឡើងថ្លៃ ៧,៩ ភាគរយ តាំងពីដើមឆ្នាំមកទល់ពេលនេះ ដោយបង្កក្ដីបារម្ភពីភាគីពាក់ព័ន្ធរួមទាំងអ្នកនាំចេញ និងប្រតិបត្តិករទេសចរណ៍ ដែលជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រាក់បាតរឹងមាំ មានន័យថា ទំនិញ ឬសេវាកម្មថៃឡើងថ្លៃសម្រាប់អ្នកទិញ ឬអ្នកនាំចូល ដែលប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសដទៃ។
សហព័ន្ធឧស្សាហកម្មថៃ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រាក់បាត ៣៤-៣៥ បាត/ដុល្លារ អាចនឹងសមស្របសម្រាប់សេដ្ឋកិច្ចថៃ ដែលគេរំពឹងថានឹងកើនឡើងចន្លោះ ១,៨-២,៣ ភាគរយ ឆ្នាំនេះ ដោយនឹងទាបជាងប្រទេសជាគូប្រជែងជាច្រើនក្នុងតំបន់។

នៅពេលនេះ ការដោះស្រាយបញ្ហាប្រាក់បាតឡើងថ្លៃ គឺអាស្រ័យលើចំណាត់ការរបស់រដ្ឋាភិបាលថៃថ្មីរបស់លោក អានុទីន ដែលប្រឈមមុខសម្ពាធសេដ្ឋកិច្ច ដែលគួបផ្សំទៅដោយបំណុលគ្រួសារខ្ពស់ ពន្ធគយអាមេរិក វិបត្តិទេសចរណ៍ និងកម្សោយតម្រូវការក្នុងស្រុកជាដើម។
លោក អានុទីន ដែលបានឈ្នះការបោះឆ្នោតសភាក្នុងខែនេះ មានពេលកាន់អំណាចត្រឹមតែ ៤ ខែប៉ុណ្ណោះ មុនពេលសម្រេចរៀបចំការបោះឆ្នោតថ្មី តាមកិច្ចព្រមព្រៀងរវាងលោក និងគណបក្សប្រជាជន ដែលជាបក្សមានសម្លេងភាគច្រើនក្នុងសភា។
គណៈរដ្ឋមន្ត្រីថ្មីរបស់លោក អានុទីន រួមមានលោក Ekniti Nitithanprapas ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាប្រធានរៀបចំគោលនយោបាយសេដ្ឋកិច្ច។ បើតាមរ៉យទ័រ លោក អានុទីន បានឱ្យដឹងនៅថ្ងៃចន្ទនេះ ថា លោក Ekniti នឹងពិភាក្សាអំពីកំណើនតម្លៃប្រាក់បាត ជាមួយសហព័ន្ធឧស្សាហកម្មថៃនៅរសៀលថ្ងៃចន្ទនេះ៕
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


