ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍នានាជម្លៀសយន្តហោះពីហុងកុង ដោយសារទីហ្វុង រ៉ាហ្កាសា
មុនទីហ្វុង រ៉ាហ្កាសា ដែលជាព្យុះដ៏កំណាចបំផុតប្រចាំឆ្នាំ ២០២៥ បានបក់បោកទៅក្បែរភាគខាងត្បូងចិនដីគោកនៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរក្នុងតំបន់ រួមទាំងក្រុងហុងកុង ក្រុង Shenzhen និងក្រុង Zhuhai នៃខេត្តក្វាងទុក បានបិទប្រតិបត្តិការជើងហោះហើរ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគហោះហើរ និងប្រាក់ចំណូលពីប្រតិបត្តិការ។

អ្វីគួរឱ្យកត់សម្គាល់នោះ គឺថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង បានជម្លៀសយន្តហោះរបស់ខ្លួនចេញពីព្រលាន ដោយសារតែខ្លាចខូចខាត។ ព្យុះទីហ្វុង រ៉ាហ្កាសា បក់បោកទៅក្បែរក្រុងហុងកុងនៅព្រឹកថ្ងៃពុធ ដោយរក្សាកម្លាំងខ្យល់បក់បោករបស់ខ្លួនលើសពី ២០០ គីឡូម៉ែត្រ/ម៉ោង ហើយនាំមកនូវហានិភ័យផ្សេងៗរួមទាំងជំនោរទឹកសមុទ្រដោយសារព្យុះ និងភ្លៀងធ្លាក់កម្រិតធ្ងន់ធ្ងរជាដើម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពីក្រុមហ៊ុនតាមដានចរាចរណ៍យន្តហោះ Flightradar24 មុនឥទ្ធិពលទីហ្វុង រ៉ាហ្កាសា បក់បោកមកដល់ ប្រហែល ៨០ ភាគរយ នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗចំនួន៤នៅហុងកុង ត្រូវបានជម្លៀសចេញពីព្រលាននៃទីក្រុងដ៏មមាញឹកលំដាប់ពិភពលោកនេះ ទៅកាន់ព្រលានយន្តហោះនៅជប៉ុន ចិន កម្ពុជា អឺរ៉ុប អូស្ត្រាលី និងទីតាំងផ្សេងៗទៀត។
ទាក់ទិននឹងបញ្ហាដូចគ្នា មជ្ឈមណ្ឌលអាកាសចរណ៍ធុរកិច្ចហុងកុង បាននិយាយថា ភាគច្រើននៃកងយន្តហោះជំនួញរបស់ក្រុងហុងកុង ក៏បានជម្លៀសចេញពីតំបន់មុនព្យុះបក់បោកមកដល់ផងដែរ។
ការចុះចត និងការចេញដំណើរទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង ត្រូវបានលុបចោលសម្រាប់រយៈពេល ៣៦ ម៉ោង ដោយចាប់ផ្តើមពីល្ងាចថ្ងៃអង្គារតទៅ។
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ក្រុងហុងកុង Cathay Pacific Airways បាននិយាយកាលពីថ្ងៃចន្ទថា ព្យុះទីហ្វុងនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយខ្លួនគ្រោងលុបចោលជើងហោះហើរផ្លូវឆ្ងាយ និងក្នុងតំបន់ ជាង ៥០០ ជើង។
ក្រុមហ៊ុនដែលមានយន្តហោះដឹកអ្នកដំណើរ និងយន្តហោះដឹកទំនិញចំនួន ១៧៩ គ្រឿង មួយនេះបាននិយាយបន្តយ៉ាងដូច្នេះថា៖ «យើងនឹងជម្លៀសយន្តហោះមួយចំនួនរបស់យើងឱ្យឆ្ងាយពីទីក្រុងហុងកុង ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការឡើងវិញបន្តិចម្តងៗតាមកាលវិភាគរបស់យើងរហូតដល់ថ្ងៃព្រហស្បតិ៍ ចូលថ្ងៃសុក្រ»។

ក្នុងនោះផងដែរ Cathay Pacific Airways បានបញ្ជូនយន្តហោះរបស់ខ្លួន ១៣ គ្រឿង មកចុះចតជាបណ្តោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីថ្ងៃអង្គារ ដោយសារតែឥទ្ធិពលព្យុះ រ៉ាហ្កាសា ដដែល។
ក្រៅពីនេះ គេឃើញមានក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលបានជម្លៀសយន្តហោះចេញដូចគ្នា រួមមានក្រុមហ៊៊ុន Greater Bay Airlines, Hong Kong Airlines និង HK Express ជាដើម។
គួរគូសបញ្ជាក់ថា ក្រុងហុងកុងបានចេញការព្រមានទីហ្វុងកម្រិត ១០ នៅព្រឹកថ្ងៃពុធ ដោយបង្កការបិទអាជីវកម្ម និងសេវាកម្មដឹកជញ្ជូន និងសកម្មភាពសាធារណៈផ្សេងៗទៀត។
គិតត្រឹមម៉ោង ៤ រសៀលថ្ងៃពុធនេះ ព្យុះរ៉ាហ្កាហ្សា បានបក់បោកទៅដល់ចិនដីគោក (Make Landfall) នៅភាគខាងត្បូងខេត្តក្វាងទុង ជាមួយនឹងកម្លាំងខ្យល់បក់ ១៩៥ គីឡូម៉ែត្រ/ម៉ោង ឬស្មើនឹងព្យុះសង្ឈរាកម្រិតធំទី៣ (Cat 3 Hurricane) នៅអាត្លង់ទិក ហើយគ្រោងនឹងបន្តឆ្ពោះទៅខេត្តក្វាងស៊ី មុនឈានទៅដល់ភាគខាងជើងវៀតណាម។
គិតត្រឹមយប់ថ្ងៃអង្គារ អាជ្ញាធរខេត្តក្វាងទុងបានជម្លៀសប្រជាជនប្រមាណ ១,៨៩ លាននាក់ ខណៈ រ៉ាហ្កាសា បានឆក់យកជីវិតមនុស្សប្រមាណ ១៤ នាក់ នៅភាគខាងកើតកោះតៃវ៉ាន់ គិតត្រឹមរសៀលថ្ងៃពុធ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC។
រ៉ាហ្គាសា បានវាយប្រហារប្រជុំកោះភាគខាងជើងហ្វីលីពីនកាលពី ២ ថ្ងៃមុន ក្នុងនាមជាព្យុះកម្រិត៥ ឬ Super Typhoon ដែលជាកម្រិតខ្លាំងក្លាបំផុត ជាមួយល្បឿនខ្យល់ ២៧០ គីឡូម៉ែត្រ/ម៉ោង និងល្បឿនខ្យល់កន្រ្តាក់លើសពី ៣០០ គីឡូម៉ែត្រ/ម៉ោង៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


