Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម និងចិន​​​លុបចោលជើងហោះហើរ ខណៈព្យុះទីហ្វុង​វីពផា បន្តបក់បោក

បានផុស

នៅ

អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម និងភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង លុបចោល​ជើងហោះហើររាប់រយចាប់តាំងពីម្សិលមិញ មកទល់ព្រឹកថ្ងៃចន្ទនេះ ខណៈព្យុះទីហ្វុងវីពផា កំពុង​បក់បោកចេញពីចិន​ ឆ្ពោះទៅកាន់ភាគខាងជើងនៃប្រទេសវៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Vietnam Plus បាន​រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines Group ដែលរួមបញ្ចូលទាំង​ក្រុមហ៊ុន Vietnam Airlines, Pacific Airlines និង Vasco បានប្រកាសពី​ការលុបចោលជើងហោះហើរបណ្ដោះអាសន្នសម្រាប់ថ្ងៃទី ២១ ខែកក្កដា នេះ​ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និង​បុគ្គលិកយន្តហោះ​។ ការលុបចោលសកម្មភាព​អាកាសចរណ៍នេះ ប៉ះពាល់ជាទូទៅ​ទាំងសម្រាប់ជើង​ហោះ​ហើរក្នុងស្រុក និងអន្តរជាតិ ពោលគឺសម្រាប់ជើង​ហោះហើរ ដែលពាក់ព័ន្ធ ឬនៅក្នុងតំបន់ភាគខាងជើងវៀតណាម​ ដូចជាក្រុងហាណូយ និង​កំពង់ផែ​​ហៃហ្វុង ជាដើម​។

Vietnam Airlines Group បាន​និយាយថា ប្រតិបត្តិការហោះហើរ អាច​នឹង​ដំណើរការឡើងវិញ ដោយអាស្រ័យទៅលើស្ថានភាព​របស់ព្យុះវីពផា ខណៈអាជ្ញាធររំពឹងពីផលប៉ះពាល់ផ្នែកអាកាសចរណ៍ដល់ថ្ងៃស្អែក ២២ កក្កដា បន្តទៀត​។

គួរគូសបញ្ជាក់ថា ព្យុះវីពផា បាន​វិវត្តក្លាយជាព្យុះទីហ្វុងកាលពីព្រឹកថ្ងៃអាទិត្យ ជាមួយ​នឹង​កម្លាំងខ្យល់កន្រ្តាក់ ១២០ គីឡូម៉ែត្រ/ម៉ោង ដោយ​វាយប្រហារនៅភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុង​ហុងកុង ក្រុងម៉ាកាវ ខេត្តក្វាងទុង រួចបន្តបក់បោកមកភាគខាងត្បូងខេត្តក្វាងស៊ី ហើយរំកិលខ្លួន​ចូលក្នុងឈូងសមុទ្រតុងកឹងព្រឹកថ្ងៃចន្ទនេះ ដោយ​រំពឹង​ថានឹង​ឆ្ពោះទៅភាគខាងជើងនៃវៀតណាម​បន្ទាប់ ក្នុងកម្រិតជាព្យុះត្រូពិក​។

យ៉ាងណាមិញ វិសាលភាព និងឥទ្ធិពល​នៃព្យុះ​វីពផា ដែលជាព្យុះទី៦ បាន​គ្រប់ដណ្ដប់ទូទាំងតំបន់រួចហើយ រួមទាំង​កោះហៃណាន់ វៀតណាម ​និង​បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដីគោក​ផ្សេង​ៗ​ ចាប់តាំងពីម្សិលមិញ មកទល់ថ្ងៃនេះ និងបន្តទៅមុខ​ទៀត ដោយ​បង្កជាខ្យល់កន្រ្តាក់បក់បោក និង​ភ្លៀងធ្លាក់ខ្លាំងដ៏ជោគជាំ​ ដែល​បណ្ដាលជាការព្រមាន​ពីអាជ្ញាធរក្នុងតំបន់​​ពីជំនោរទឹក​សមុទ្រ ទឹកជំនន់ និងការរអិលបាក់ដីជាដើម​។

មែនទែនទៀត ព្យុះវីពផាមិនតែបង្កការលុបជើងហោះហើរនៅវៀតណាមប៉ុណ្ណោះទេ អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសផ្សេងៗ រួមមាន​ទាំងថៃ ក៏បាន​ប្រកាសលុបចោលជើងហោះហើរបណ្ដោះអាសន្នទៅកាន់ ឬមកពីតំបន់ប៉ះពាល់នៅចិន​។ តួយ៉ាង ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ​បានប្រកាសលុបចោលជើងហោះហើរជាច្រើនទៅ និងមកពីហុងកុង និងខេត្តក្វាងចូវ នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២៥។

គន្លងរបស់ព្យុះទីហ្វុង/ត្រូពិក វីពផា

នៅឯក្រុងហុងកុងឯណោះវិញ អាជ្ញាធរ​បាន​ចេញការព្រមានកម្រិតខ្ពស់បំផុត ដោយសារតែព្យុះវីពផា មុនដកចេញការព្រមានទាំងអស់នៅព្រឹកថ្ងៃចន្ទនេះ​ ក្រោយពេលវីពផារំកិលខ្លួន​ផុត។ ដោយសារឥទ្ធិពលនៃព្យុះ អាកាសយានដ្ឋានអន្តរជាតិហុងកុងកាលពីថ្ងៃអាទិត្យ បាន​លុបចោលជើងហើរប្រមាណ ៥០០ ជើង ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ១០០ ០០០ នាក់ ហើយកំពុង​បែងចែក​ប្រតិបត្តិការ​​ជើងហោះហើរឡើងវិញ​ ​ចំពេល​អ្នកដំណើរសម្រុកទៅព្រលាន​យន្តហោះ នាព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។ ​

អាកាសយានដ្ឋានអន្តរជាតិម៉ាកាវឯណោះវិញ ក៏បានលុបចោល​ជើងហោះហើរជិត ២០០ ​ជើងផងដែរ។ នេះ​បើតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ ខណៈអាជ្ញាធរ​នៅបណ្ដាទីក្រុងភាគខាងត្បូងប្រទេសចិនផ្សេងទៀត​​ បានបិទកន្លែងធ្វើការ និង​សាលារៀន​ ​ផ្អាក​ប្រតិបត្តិការកំពង់ផែ​ ​និងផ្លូវរថភ្លើង​ ​ក៏ដោយ​ជាលុបចោល​ហោះហើរ​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម