Connect with us

ព័ត៌មានអន្ដរជាតិ

វេណេស៊ុយអេឡា៖ អាមេរិកបង្កហេតុ ដោយដាក់​​ពង្រាយ​យន្តហោះចម្បាំងជិតឆ្នេរសមុទ្រការ៉ាប៊ីន

បានផុស

នៅ

ប្រទេសវេណេស៊ុយអេឡា បាន​ឲ្យ​ដឹង​​កាលពីថ្ងៃព្រហស្បតិ៍​ទី​២​ខែ​តុលា​ឆ្នាំ​២០២៥​ថា ខ្លួនបានរកឃើញយន្តហោះចម្បាំង F-35 របស់អាមេរិកចំនួន​៥​គ្រឿង ដែលកំពុងហោះហើរនៅជិតឆ្នេរសមុទ្រការ៉ាប៊ីនរបស់ខ្លួន ដោយហៅឧបទ្ទវហេតុនេះថាជា«ការបង្កហេតុ» និងការគំរាមកំហែងដល់សន្តិសុខជាតិ។

លោក Vladimir Padrino (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino បានប្រាប់ទូរទស្សន៍រដ្ឋថា យន្តហោះដែលហោះហើរក្នុងកម្ពស់ប្រហែល ១០​គីឡូម៉ែត្រ​ និង​ក្នុង​ល្បឿន​ប្រមាណ ៧៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ត្រូវបានតាមដាន​ឃើញ​ដោយប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់ Maiquetía ដែលគ្របដណ្តប់លើដែនអាកាសវេណេស៊ុយអេឡា និងលាតសន្ធឹងលើផ្ទៃមេឃអន្តរជាតិ។

លោក Padrino បាននិយាយថា «ពួកគេគឺជាយន្តហោះប្រយុទ្ធ។ យន្តហោះប្រយុទ្ធដែលចក្រពត្តិនិយមអាមេរិកបានហ៊ានចូលទៅជិតឆ្នេរសមុទ្រវេណេស៊ុយអេឡា»។ លោក​បាន​បន្ថែម​ថា​ នាវិក​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ក្នុង​តំបន់​ក៏​រាយការណ៍​ថា​បាន​ឃើញ​យន្តហោះ​ទាំង​នោះ​ដែរ។

យោងតាមរដ្ឋាភិបាល​ យន្តហោះទាំងនោះត្រូវបានគេរកឃើញចម្ងាយប្រហែល ៧៥​គីឡូម៉ែត្រ​ពីឆ្នេរ​សមុទ្ររបស់ប្រទេសវេណេស៊ុយអេឡា។

ក្រសួងការពារជាតិ​វេណេស៊ុយអេឡា បាន​ប្រាប់​ថា យន្តហោះចម្បាំង F-35 ទំនងជាមានមូលដ្ឋាននៅព័រតូរីកូ ជាកន្លែងដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមយន្តហោះនាពេលថ្មីៗនេះ។ យ៉ាងហោចណាស់ យន្តហោះ​ចម្បាំង​អាមេរិក ៥​គ្រឿង​បានទៅដល់ទីនោះនៅពាក់កណ្តាលខែកញ្ញា ហើយទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីផែនការដាក់​ពង្រាយ​ឲ្យ​ដល់ ១០​គ្រឿង​សម្រាប់ការបណ្តុះបណ្តាល និងប្រតិបត្តិការក្នុងតំបន់។

ការ​ប្រទះ​ឃើញនេះ កើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងការ៉ាកាស ​និង​ទីក្រុង​វ៉ាស៊ីនតោន​ បន្ទាប់ពីការដាក់ពង្រាយនាវាចម្បាំងអាមេរិកជាច្រើនគ្រឿងនៅតំបន់​ការ៉ាប៊ីន។ សហរដ្ឋ​អាមេរិក​និយាយ​ថា បេសកកម្ម​នេះ​មាន​គោលដៅ​លើ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ប៉ុន្តែ​មន្ត្រី​វេណេស៊ុយអេឡា​អះអាង​ថា អាមេរិក​មាន​គោល​បំណង​ផ្លាស់​ប្តូរ​របប។

កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រឆាំងនឹងទូកចំនួន​៤​​គ្រឿង​​នៅក្នុងតំបន់ ដោយបានសម្លាប់ជន​សង្ស័យ​ជា​អ្នកជួញដូរ​គ្រឿងញៀន​ជាង​១០​នាក់។ យ៉ាង​ណា​មិញ វេណេស៊ុយអេឡា បានច្រានចោលយុត្តិកម្មរបស់​អាមេរិក ដោយ​លើក​ឡើង​ថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ព័ស្តុតាងដែលថា គោលដៅគឺពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម