ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសថ្មី របស់វៀតណាមប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើបញ្ហាព្រំដែន សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ…
ការប្តេជ្ញារបស់រដ្ឋមន្ត្រីការបរទេសថ្មីវៀតណាមនេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ រវាងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរប្រទេសវៀតណាម ដែលទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ លោកក៏បានសម្តែងនូវជំនឿជឿជាក់ផងដែរថា ជាមួយនឹងបទពិសោធន៍ការទូត និងជំនាញដ៏ទូលំទូលាយរបស់លោក ប៊ូយ ថាញ់សឺន ប្រទេសវៀតណាម នឹងដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
ជាការឆ្លើយតប លោក ប៊ូយ ថាញ់សឺន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ប្រាក់ សុខុន សម្រាប់សារអបអរសាទរ និងសាធុការពរ ដែលជាការលើកទឹកចិត្តសម្រាប់លោកក្នុងការបំពេញភារកិច្ចថ្មី។
ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និងភាតរភាព អំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងជាលំដាប់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើវិស័យជាច្រើន រួមមាន វិស័យ អប់រំ ពាណិជ្ជកម្ម វិនិយោគ ថាមពល ការតភ្ជាប់ និងសន្តិសុខ ស្របពេលជាមួយការផ្ទុះឡើងនូវជំងឺ កូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរឹងមាំ ក្នុងការធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានឡើងខ្ពស់មួយកម្រិតថែមទៀត តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងការសម្រេចចិត្តនានា របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដែលរួមមាន ការគ្រប់គ្រងព្រំដែន ការការពារសន្តិសុខ នៅតាមបណ្តោយព្រំដែន ការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ និងការឆ្លងកាត់របស់ប្រជាជន និងទំនិញនៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរចំពោះវិធានការ និងកិច្ចសហការរវាងភាគីទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្នុងន័យនេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់សម្ភារៈវេជ្ជសាស្ត្រ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។ ក្នុងបរិបទនេះ លោករដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏ពេញលេញរបស់ប្រទេសវៀតណាម ចំពោះប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅចុងឆ្នាំ២០២១ និងធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។
នៅចុងបញ្ចប់នៃការសន្ទនា លោកប្រាក់ សុខុន បានអញ្ជើញលោក ប៊ូយ ថាញ់សឺន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប និងធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩ ដែលគ្រោងនឹងរៀបចំនៅកម្ពុជា នាចុងឆ្នាំ២០២១ នេះ។
ចំណែកលោក ប៊ូយ ថាញ់សឺន ក៏បានអញ្ជើញ លោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្របផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានទទួលយកការអញ្ជើញនេះដោយសេចក្តីសោមនស្សរីករាយ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ រដ្ឋាភិបាល នឹងបង់ថ្លៃទឹកភ្លើង និងជំនួយដល់គ្រួសារនៅតំបន់បិទ និងគ្រួសារអ្នកជំងឺកូវីដ-១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


