ព័ត៌មានជាតិ
អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
អង្គការអុកស្វាម សហការជាមួយអង្គការក្រុមទ្រទ្រង់ភូមិដែលជាដៃគូអនុវត្តគម្រោងភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា បានអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់បន្ទាន់មួយនៅដើមខែតុលា ដើម្បីគាំទ្រដល់គ្រួសារភៀសសឹកងាយរងគ្រោះចំនួន ២០០ គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។ គំនិតផ្តួចផ្តើមនេះ ឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់របស់សហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិនៅក្នុងស្រុកអង្លង់វែង ស្រុកបន្ទាយអំពិល សង្កាត់សំរោង និងតំបន់ការពារផ្សេងៗទៀតដែលនៅជុំវិញនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអង្គការអុកស្វាម ចេញផ្សាយនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥។

អង្គការក្រុមទ្រទ្រង់ភូមិបានចុះធ្វើការវាយតម្លៃផលប៉ះពាល់រួមគ្នាមួយនៅក្នុងភូមិចំនួន ១៩ នៃឃុំចំនួន ៤ និងស្រុកចំនួន ៣ ក្នុងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ។ ក្រុមការងារបានធ្វើការស្ទង់មតិគ្រួសារចំនួន ៤៩៩ តាមរយៈការសម្ភាសន៍ ការចុះសួរសុខទុក្ខគ្រួសារ និងការសង្កេតជាក់ស្តែង ដោយបានកំណត់អត្តសញ្ញាណគ្រួសារចំនួន ៤១៥ ដែលត្រូវការជំនួយបន្ទាន់។ អាទិភាពត្រូវបានផ្តល់ទៅឱ្យគ្រួសារដែលងាយរងគ្រោះបំផុតដែលមានបណ្ណសមធម៌ (ប័ណ្ណក្រីក្រ បណ្ណជនមានពិការភាព និងបណ្ណចាស់ជរា) ស្ត្រីមេម៉ាយ និងគ្រួសារដែលប្រឈមនឹងភាពងាយរងគ្រោះខ្លាំង ដូចជាអ្នកដែលមានផ្ទះខូចខាតដោយសារសង្គ្រាម ដីស្រែដែលមិនអាចប្រើប្រាស់បានដោយសារតែការគំរាមកំហែងពីយោធាថៃ ការបាត់បង់ប្រាក់ចំណូល កង្វះមធ្យោបាយធ្វើដំណើរ លទ្ធភាពទទួលបានសេវាសាធារណៈមានកម្រិត និងសមាជិកដែលមានផ្ទុកវីរុសអេដស៍ជាដើម។
ការវាយតម្លៃបានបង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិ និងដីស្រែចម្ការជាច្រើន ការរំខានដល់ជីវភាពរស់នៅធ្ងន់ធ្ងរ ការទទួលបានសេវាសំខាន់ៗមានកម្រិត និងអនាម័យមិនល្អក្នុងចំណោមគ្រួសារដែលរងផលប៉ះពាល់។ ក្នុងចំណោមគ្រួសារទាំង ៤៩៩ គ្រួសារ ដែលបានសម្ភាសន៍ មានគ្រួសារចំនួន ១៣៨ ដែលបានបាត់បង់ការងារធ្វើភាគច្រើនធ្លាប់ធ្វើការជាកម្មករ។ ទន្ទឹមនឹងនេះផងដែរ គ្រួសារចំនួន ៣៦១ បានបញ្ជាក់ថាមានការងារធ្វើមិនស្ថិតស្ថេរ ឬមិនទៀងទាត់។
នៅថ្ងៃទី២ និង ទី៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រុមការងារអង្គការក្រុមទ្រទ្រង់ភូមិ និងអង្គការអុកស្វាម បានផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់ដោយផ្ទាល់ដល់គ្រួសារដែលខ្វះខាតចំនួន ២០០ គ្រួសារ។ គ្រួសារដែលបានកំណត់អាទិភាពផ្សេងទៀតត្រូវបានគាំទ្រដោយស្ថាប័នផ្សេង។ ក្នុងចំណោមគ្រួសារទាំង ២០០ គ្រួសារនេះ មានស្ត្រី ៤៩% កុមារ៦៨% ចាស់ជរា១៤% និងជនមានពិការភាព១០% ដែលប្រឈមនឹងបញ្ហាចល័តចុះឡើង កង្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ គ្រួសារនីមួយៗទទួលបានសាច់ប្រាក់ចំនួន ៥០ដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ បង្កើនស្ថិរភាពជីវភាព និងចាប់ផ្តើមកសាងជីវិតឡើងវិញ។ គ្រួសារជាច្រើនដែលបានទទួលជំនួយបានបង្ហាញពីចំណាប់អារម្មណ៍ថា នឹងប្រើបា្រស់ថវិកាដែលទទួលបានសម្រាប់ជាទុនក្នុងការស្តារជីវភាពឡើងវិញ បើទោះបីជាពួកគេនៅមានការព្រួយបារម្ភអំពីអស្ថិរភាពដែលកំពុងបន្តក៏ដោយ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា ជំនួយសាច់ប្រាក់នេះទោះបីជាមានចំនួនស្តួចស្តើងក៏ដោយ តែយើងសង្ឃឹមថាអាចជួយបំពេញតម្រូវការបន្ទាន់ និងជាទុនមួយជួយដល់គ្រួសារដែលបានបាត់បង់អ្វីៗគ្រប់យ៉ាងពីជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីជម្រករហូតដល់ជីវភាពរស់នៅរបស់ពួកគេ។ លោកស្រីបន្តថា៖«យើងជឿថា ជំនួយមនុស្សធម៌ត្រូវតែដើរទន្ទឹមគ្នានឹងសន្តិភាព បទឈប់បាញ់នាពេលថ្មីៗនេះ បានផ្តល់ឱកាសដ៏សំខាន់មួយមិនត្រឹមតែបញ្ឈប់អំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែដើម្បីស្តារសេចក្តីថ្លៃថ្នូរ ជីវភាពរស់នៅ និងក្តីសង្ឃឹមឡើងវិញ»។
ជាមួយគ្នានេះ អង្គការអុកស្វាមសូមអំពាវនាវឱ្យគ្រប់ភាគីរក្សាបទឈប់បាញ់ និងផ្តល់អាទិភាពដល់សិទ្ធិ និងសុវត្ថិភាពរបស់ប្រជាជនទូទៅ។ ការប្តេជ្ញាចិត្តរបស់យើងគឺច្បាស់លាស់ ពោលគឺគាំទ្រការស្តារឡើងវិញ ការពារក្រុមងាយរងគ្រោះ និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។”
ចំណែកលោកស្រី រស់ ឆវីវណ្ណ នាយិកាប្រតិបត្តិអង្គការក្រុមទ្រទ្រង់ភូមិ មានប្រសាសន៍ថា ការឆ្លើយតបនេះត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់សហគមន៍ផ្ទាល់។ លោកស្រីបន្តថា៖«យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីធានាថា គ្រួសារដែលងាយរងគ្រោះបំផុតត្រូវបានគាំទ្រមិនត្រឹមតែតាមរយៈសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទឹកស្អាត និងអនាម័យផងដែរ»។
លោក រស់ ផល្លី ប្រធានសហគមន៍ព្រៃឈើរលុះធំ បានថ្លែងអំណរគុណដល់អង្គការអុកស្វាម និងអង្គការក្រុមទ្រទ្រង់ភូមិ សម្រាប់ជំនួយជាសាច់ប្រាក់ និងប្រព័ន្ធទឹកស្អាត ដែលបានជួយសហគមន៍នៅទីនេះឲ្យមានទឹកហូបស្អាតដាំស្លក៏បាន។ លោកថា៖«ពីមុនពួកខ្ញុំទៅដួសទឹកស្រះក្បែរនេះ ទឹកមិនស្អាតទេហើយសុទ្ធតែសំរាម តែកាលនោះមិនមានជម្រើស។ ឥឡូវបានធុងទឹកស្អាតដែលមានប្រព័ន្ធចម្រោះទឹក និងមានបង្គន់ត្រឹមត្រូវ អញ្ជឹងទៅពួកខ្ញុំបានធូរច្រើនជាងមុន»។
ចំណែកលោកស្រី សល់ រតនា ជាស្ត្រីមេម៉ាយដែលត្រូវមើលថែទាំកូនបីនាក់ មកពីភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល និងទើបត្រលប់មកជំរុំ ជនភៀសសឹកវត្តថ្មកំបោរកាលពីថ្ងៃទី២៥ ខែកញ្ញា ដោយសារស្ថានភាពតាមព្រំដែនមិនប្រក្រតី និងទទួលដំណឹងពីអាជ្ញាធរឲ្យត្រលប់មកជំរុំភៀសសឹកវិញ មានប្រសាសន៍ថា ៖«ខ្ញុំទុកលុយដែលឲ្យនេះសម្រាប់កូនខ្ញុំពេលឈឺថ្កាត់។ ខ្ញុំមិនហ៊ានទាន់ត្រលប់ទៅផ្ទះវិញទេ ព្រោះស្ថានភាពមិនទាន់ដូចដើម ខ្លាចមានគ្រាប់ផ្លោងទៀត។ មកនេះចោលអស់ហើយមាន់ ជ្រូក ទ្រុងអីខ្ចេចខ្ទីអស់ហើយ ទៅវិញមិនដឹងរកស៊ីអីទេ»។

កម្មវិធីផ្ទេរសាច់ប្រាក់នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ក្នុងការជួយដល់ពលរដ្ឋភៀសសឹកជាពិសេសជនងាយរងគ្រោះ។ នៅចុងខែកក្កដា ឆ្នាំ ២០២៥ ខណៈដែលសហគមន៍កំពុងប្រមូលផ្តុំនៅជំរុំជនភៀសសឹក អង្គការអុកស្វាម និងអង្គការក្រុមទ្រទ្រង់ភូមិបានដំឡើងបង្គន់ចល័តចំនួន១៣ និងប្រព័ន្ធចម្រោះទឹកស្អាតចំនួនពីរនៅជុំរំវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កូវ ក្នុងខេត្តឧត្តរមានជ័យ។ គ្រឿងបរិក្ខារទាំងនេះបានជួយដល់ប្រជាពលរដ្ឋភៀសសឹកនៅទីនោះចំនួន ៧.៤៣១ គ្រួសារ ដែលសរុបចំនួន ២៥.២៨១នាក់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះអាចធ្វើទៅបានតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សប្បុរសពីរដ្ឋាភិបាលនៃប្រទេសអៀរឡង់ និងមូលនិធិសង្គ្រោះបន្ទាន់ផ្ទាល់របស់អង្គការអុកស្វាម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


