ព័ត៌មានជាតិ
កុមារ និងគ្រួសារភៀសសឹកជាង ១ម៉ឺននាក់ ទទួលបានជំនួយសម្ភារ ពីសហភាពអឺរ៉ុប និងយូនីសេហ្វ
កុមារ និងគ្រួសារភៀសសឹក ដោយសារវិបត្តិនៅតាមព្រំដែនក្នុងប្រទេសកម្ពុជា ១៥ ០០០នាក់ ទទួលបានជំនួយជាសម្ភារប្រមាណ ៣០តោន ពីសហភាពអឺរ៉ុប និងយូនីសេហ្វ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូនីសេហ្វប្រចាំកម្ពុជា ដើម្បីប្រគល់សម្ភារសង្គ្រោះបន្ទាន់ជានិមិត្តរូបជូនដល់គ្រួសារភៀសសឹកនៅជំរំភៀសសឹក វត្តកណ្តោល។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ សម្ភារទាំងនោះរួមមាន តង់ និងកៅស៊ូតង់សម្រាប់ប្រើប្រាស់ជាកន្លែងសិក្សាបណ្តោះអាសន្ន និងទីកន្លែងកុមារមេត្រី ដើម្បីធានាថាកុមារអាចបន្តការសិក្សារបស់ពួកគេក្នុងបរិយាកាសដែលមានសុវត្ថិភាព។ ការផ្តល់ជូននេះក៏រួមបញ្ចូលផងដែរនូវកញ្ចប់អនាម័យ អំពូលសូឡា សម្ភារសុខភាព អនាម័យ និងទឹកស្អាតផ្សេងទៀត ដើម្បីជួយឱ្យគ្រួសារនីមួយៗអាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ ក្នុងអំឡុងពេលស្នាក់នៅជំរំបណ្តោះអាសន្នទាំងនោះ។

លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ថ្ងៃនេះ យើងមានមោទកភាពក្នុងការផ្តល់ជូនសម្ភារចាំបាច់តាមរយៈភាពជាដៃគូជាមួយយូនីសេហ្វប្រចាំកម្ពុជា បន្ថែមពីលើការគាំទ្រផ្នែកសុខភាពផ្លូវចិត្តដែលកំពុងអនុវត្តដោយអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) ដើម្បីផ្តល់សេវាកម្មប្រឹក្សាផ្លូវចិត្តដែលបង្កដោយជម្លោះប្រដាប់អាវុធដល់ប្រជាជនភៀសសឹក«។ លោកបន្តថា សហភាពអឺរ៉ុបប្តេជ្ញាគាំទ្រកម្ពុជា និងដៃគូក្នុងការការពារសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់កុមារ និងគ្រួសារភៀសសឹកគ្រប់រូប។
ចំណែក លោកវេជ្ជបណ្ឌិត Anirban Chatterjee នាយករងយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ការគាំទ្រដល់កុមារ និងគ្រួសារជនភៀសសឹកក្នុងអំឡុងពេលមានវិបត្តិនេះ ដែលផ្តល់ឱ្យពួកគេទទួលបាននូវសេវាចាំបាច់នានា និងឱកាសក្នុងការកសាងអនាគតឡើងវិញ។ លោកថា «ការគាំទ្រនេះនឹងជួយធានាថាកុមារតូចៗនៅតែអាចបន្តការរៀនសូត្រ គ្រួសារសម្ភារបរិក្ខាទឹកស្អាត និងអនាម័យប្រើប្រាស់ ហើយសហគមន៍អាចរក្សាបាននូវសុខភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងអំឡុងពេលដែលពួកគេកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ»។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ទៀតថា សហភាពអឺរ៉ុប និងយូនីសេហ្វ នៅតែបន្តប្តេជ្ញាចិត្តក្នុងការធានាថាកុមារ និងគ្រួសាររបស់ពួកគេទទួលបានជំនួយចាំបាច់ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងការស្តារឡើងវិញសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិនៅតាមព្រំដែននេះ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


