Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ការ​ចាប់​អារម្មណ៍​លើ​​ស្ត្រី​«ចិត្តដែក​​»​ ដែលស្ថិតលើ​ផ្លូវ​​​​ក្លាយ​ជានាយករដ្ឋមន្ត្រី​ជប៉ុន​

បានផុស

នៅ

​​ប្រហែល​១សប្តាហ៍​ទៀត​ប៉ុណ្ណោះ ប្រទេស​ជប៉ុន​​​អាច​​​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ លោក Shigeru Ishiba ដែលបាន​កាន់​អំណាច​រយៈពេល​១ឆ្នាំ និង​​​បាន​​ប្រកាស​លាលែង​​ពីប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) បន្ទាប់​ពី​ការ​ចាញ់​ឆ្នោត​​​នៅ​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​​កាល​ពីខែ​កក្កដា។

លោកស្រី​ ​សាណាអេ តាកៃ​ឈី (Sanae Takaichi)​ អបអរជ័យជម្នះក្នុងបក្ស​​ជាមួយ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពីអំណាច លោក Shigeru Ishiba។​ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្វីដែល​​គួ​រឲ្យ​ចាប់​អារម្មណ៍​​​នោះ គឺ​ ​នាយករដ្ឋមន្ត្រី​បន្ទាប់របស់​ប្រទេសជប៉ុន​ជា​ស្ត្រី​ដែល​មានប្រវត្តិតស៊ូ​​ដ៏ស្វិត​ស្វាញ​​ក្នុង​វិស័យ​នយោបាយ​ ដើម្បី​ឈរ​នៅ​លំដាប់​កំពូល​​​​នៃ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​រីក​​​​​​ធំលំបាប់លេខរៀង​ទី​បី​​ បន្ទាប់​ពី​ចិន និង​ ឥណ្ឌា។ ​​

​បន្ទាប់​ពី​ការ​ចាញ់ឆ្នោត​ក្នុងការ​បោះឆ្នោត​​​ព្រឹទ្ធ​សភា​​ពាក់​កណ្តាលចំនួន​​១២៤​អាសនៈនៃ​​​២៤៨ កាល​ពី​ខែ​​កក្កដា ដែល​ធ្វើ​ឲ្យ​គណបក្ស​​ប្រជាធិបតេយ្យសេរីធ្លាក់​ប្រជាប្រិយភាព ​នាយរដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba​ បាន​ប្រកាស​​លាង​លែង​ពី​ប្រមុខ​បក្ស​នេះ ដោយ​បើក​ផ្លូវ​​ឲ្យ​មាន​​ការ​ប្រកួត​ប្រជែង​​​សម្រាប់​បេក្ខភាព​ថ្មី​​​​សម្រាប់​តំណែងប្រធាន​គណបក្ស​ផង និង ​សម្រាប់​​តំណែង​នាយករដ្ឋមន្ត្រី​ផង។

​កាល​ពីថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ ​​​សមាជិក​គណបក្ស​​ប្រជាធិបតេយ្យសេរី (LDP) បានបោះឆ្នោត​​​​​ជ្រើស​រើស​​ លោកស្រី​ ​សាណាអេ តាកៃ​ឈី (Sanae Takaichi)​ ឲ្យ​ឡើង​​ធ្វើ​ជា​ប្រ​ធានគណបក្ស​​ដែល​កំពុង​កាន់​ដំណាច​នេះ ហើយ​បើ​គ្មាន​អ្វី​ប្រែប្រួល​ ​លោក​ស្រី​ក៏​នឹងត្រូវ​បោះឆ្នោត​​​ឲ្យ​ក្លាយ​ជា​​នាយករដ្ឋមន្ត្រី​​​​​ជប៉ុននៅ​ក្នុងការ​បោះឆ្នោត​​​រួម​គ្នា​រវាង​​​​​តំណាងសភា​ និង​ព្រឹទ្ធសភា​ដែល​ត្រូវ​អង្គុយ​ប្រជុំ​រួម​គ្នា​នៅថ្ងៃទី​​១៥ខែ​តុលា​ខាងមុខ​នេះ​។

​អ្វីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយអន្តរជាតិ​​នានាចាប់​អារម្មណ៍​​​ចំពោះ លោកស្រី​ ​សាណាអេ តាកៃ​ឈី ​ក្នុង​​​នយោបាយ​ជប៉ុន​​ចុងក្រោយ​នេះ ដោយសារតែលោកស្រី ទំនង​ជា​ស្រ្តី​​​ដំបូង​គេ​​ ដែល​នឹង​​កាន់តួនាទី​នាយករដ្ឋមន្ត្រី​ជប៉ុន​ចាប់​តាំងពីឆ្នាំ​១៨៨៥ ដោយ​ឆ្លង​កាត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ ១០៣​ដង​រួច​​មក​​​ហើយ។

តើ​លោកស្រី​ ​សាណាអេ តាកៃ​ឈី មាន​ប្រវត្តិ​​គួរ​ចាប់​អារម្មណ៍​អ្វីខ្លះ?

ដោយ​មាន​កំណើត​កើត​ជា​នៅ​​ខេត្ត ណា​រ៉ា (Nara) ភាគ​ខាង​ត្បូង​ប្រទេសជប៉ុន លោកស្រី សាណាអេ តាកៃ​ឈី ​កើតនៅឆ្នាំ​​១៩៦១ ដែលមាន​​ឪពុក​ជា​​​​មន្ត្រីស៊ីវិល និង​មានម្តាយ​​​ជា​​មន្ត្រី​ប៉ូលិស។

​​យោង​តាម​​ការ​ចេញ​ផ្សាយ​របស់​ BBC ​​​លោកស្រី សាណាអេ បាន​ជក់​ចិត្ត​ក្នុងកិច្ច​ការ​នយោបាយ​បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០​ កំឡុងពេលមានការកើនឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងជប៉ុន។ ដោយបានកំណត់ដើម្បីយល់ពីការយល់ឃើញរបស់ជនជាតិអាមេរិកចំពោះប្រទេសជប៉ុន លោកស្រី បានធ្វើការនៅក្នុងការិយាល័យរបស់គណបក្សប្រជាធិបតេយ្យ Patricia Schroeder ដែលជាសមាជិកសភាដែលត្រូវបានគេស្គាល់ចំពោះការរិះគន់របស់នាងចំពោះប្រទេសជប៉ុន។ នៅ​ក្នុងឆ្នាំ​១៩៩២ ​​នាង​បាន​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ដំបូង​ក្នុងរដ្ឋសភា ជា​តំណាង​រាស្រ្ត​ឯករាជ្យ ប៉ុន្តែ​មិនបាន​ជា​ប់ឆ្នោត​នោះទេ​។​

​រហូតដល់​ឆ្នាំ​ ១៩៩៦ លោកស្រី បាន​ចូលរួម​ជាមួយគណបក្សប្រជាធិបតេយ្យ​សេរី LDP ​ហើយ​ចាប់​តាំងពី​ពេលនោះមក លោកស្រីបាន​ជា​ប់ឆ្នោត​ជាតំណាងរាស្រ្ត​រហូតដល់​១០​ដង ដោយ​មានតែ​ម្តង​ទេ​ដែលមិនជាប់ ហើយ លោកស្រី ក៏​កសាង​បាន​នូវ​កេរ្តិ៍ឈ្មោះជា​​​តំណាងរាស្រ្ត​​និយាយមិនសំ​ចៃមាត់​​ពីខាងគណបក្ស​អភិរក្សនិយមមួយនេះ​។​

​ក្នុងការងារ​ក្នុង​ជួររដ្ឋាភិបាល​វិញ ​​លោកស្រី​ធ្លាប់​បាន​កាន់​តួនាទី​​​ជាន់ខ្ពស់ជាច្រើន រួម​ទាំង​​​ តំណែង​រដ្ឋមន្ត្រី​សន្តិសុខ​​​សេដ្ឋកិច្ច រដ្ឋមន្ត្រី​​​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម ​និង​​ជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង ផងដែរ។

លោកស្រី បានហក់​ចូល​​ប្រកួត​ប្រជែង​តំណែង​កំពូលសម្រាប់​ការ​ដឹកនាំ​​​​គណបក្ស LDP ​បាន​ក៏​បាន​ចាញ់​បេក្ខ​​ភាព​បុរស​ ដូចជា​នៅឆ្នាំ​​ ២០២១ លោកស្រី បាន​ចាញ់​ការ​បោះឆ្នោត​ក្នុង​បក្ស ទៅ​លោក Fumio Kishida ​ហើយ នៅ​ក្នុងឆ្នាំ​ ​២០២៤ លោកស្រី បាន​ចាញ់​ម្តងទៀត​ទៅលោក Shigeru Ishiba ​ដែល​បាន​ប្រកាសចុះ​ចេញ​ពីអំណាច​​ក្រោយ​​ធ្លាក់​ចុះ​ការ​គាំទ្រ​ក្នុងការ​បោះឆ្នោត​​កាលខែ​កក្កដា​នោះ​។

ការ​ប៉ុន​ប៉ង​របស់​លោកស្រី​បាន​សម្រេច​នៅ​ក្នុង​​ការ​ប្រជែង​​​ជា​​លើក​ទី​៣ សម្រាប់​តំណែង​ប្រធានបក្ស​នេះ​​​ ហើយ​ក៏​ជា​ផ្លូវ​​សម្រាប់​​ទៅកាន់​តំណែងនាយករដ្ឋមន្ត្រី​​ ជប៉ុន​ផង​ដែ​រ។​

យោង​តាម​ការ​ស្រង់សម្តី​ផ្ទាល់​របស់ BBC លោកស្រី និយាយថា៖«គោលបំណង​របស់ខ្ញុំគឺចង់ក្លាយជា​ស្ត្រី​ចិត្តដែក (Iron Lady) ដោយ​​ស្រង់​ពី​ការ​ថ្លែង​របស់​លោកស្រី ប្រាប់ក្រុមក្មេងៗក្នុងសាលាក្នុងអំឡុងពេលយុទ្ធនាការថ្មីៗ​បោះឆ្នោត​។

បើ​គ្មានអ្វី​ប្រែប្រួល កិច្ច​ប្រជុំ​​រួម​គ្នា​«Diet»​ ដែល​មាន​​ ​​តំណាង​សមាជិក​សភា​ជាន់ទាប និង ព្រឹទ្ធសភា ដែល​គ្រោង​​កោះប្រជុំ​វិសាមញ្ញ ដែលរំពឹងទុកនៅថ្ងៃទី១៥​​ខែតុលា​ខាង​មុខ​នេះ​​ នឹង​បោះឆ្នោត​​សម្រាប់​ បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី ដោយសារ​តែ​ការ​លាលែង​របស់លោក Shigeru Ishiba ​ហើយ ច្បាស់​ណាស់គឺ​លោកស្រី ​សាណាអេ តាកៃ​ឈី (Sanae Takaichi)​ ជាបេក្ខភាព​​លេច​ធ្លោ​បំផុត​ពេលនេះ​៕

រ៉ាន់ រើយ​

This image has an empty alt attribute; its file name is 2025-09-19T061455Z_1629967636_RC2TUGADEDQC_RTRMADP_3_JAPAN-POLITICS-1024x701.jpg
លោកស្រី Sanae Takaichi។ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម