ព័ត៌មានជាតិ
កម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ក្នុងដំណើរនាំផលជលផលកម្ពុជាទៅទីផ្សារអឺរ៉ុប
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ខណៈកំពុងបោះជំហានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ បានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើតនិងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារដ៏រឹងមាំមួយផ្តើមចេញពីវិស័យជលផល។
ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការ UNIDO គម្រោងនេះមានសុខុមុមនីយកម្មទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ដែលជាការត្រួសត្រាយផ្លូវឱ្យផលផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ និងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងសម្រាប់លទ្ធផលទី១ ដែលរៀបចំកាលពីម្សិលមិញនេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញអំពីសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់គម្រោង និងតួនាទីរបស់គម្រោងក្នុងការជម្រុញការផ្លាស់ប្តូរក្នុងវិស័យជលផលនៅកម្ពុជា។
លោកថា ខណៈដែលគម្រោងនឹងបិទបញ្ចប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចាក់ពីការប្តេជាចិត្តរបស់ក្រសួងចំពោះសន្តិសុខស្បៀង សុខមាលភាពសហគមន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសវនកម្មពី DG SANTE នាពេលខាងមុខថា «ឆ្លងកាត់សវនកម្មនេះដោយជោគជ័យនឹងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលជលផល និងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាជាប្រទេសផ្គត់ផ្គង់ផល ផលិតផលជលផលមានគុណភាព និងសុវត្ថិភាព»។

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានគាំទ្រលើការរៀបចំបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់ផលផលិតផលជលផលកម្ពុជា រួមទាំងគោលការណ៍ណែនាំបច្ចេកទេសមួយចំនួនផ្សេងទៀត ដើម្បីលើកកម្ពស់ការធានាគុណភាពសម្រាប់ឧស្សាហកម្មនេះ។
ជាលទ្ធផល សហគ្រាសជលផលកម្ពុជាចំនួន ២២ បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលបង្កើនជំនឿទុកចិត្តរបស់អ្នកបរិភោគសម្រាប់ទីផ្សារទាំងក្នុង និងក្រៅស្រុក។ លើសពីនេះ សហគ្រាសចំនួនប្រាំបួន កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារអង្កេតដានអន្តរជាតិ។


អង្គការ UNIDO នៅតែប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការបំពេញតាមស្តង់ដារពិភពលោក និងការពង្រីកទីផ្សារទូលំទូលាយ។
លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO នៅកម្ពុជាមានប្រសាសន៍ថា «ការរីកចម្រើនរបស់កម្ពុជាឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត។ យើងកំពុងកសាងវិស័យជលផលមួយដែលមានភាពធន់ ហើយអាចរីកចម្រើន ឈានចូលនៅក្នុងទីផ្សារអន្តរជាតិពោរពេញដោយភាពប្រកួតប្រជែង ឈរលើស្មារតីសាមគ្គីជាធ្លុងមួយ»។

ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានមើលឃើញថានឹងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។ តួយ៉ាងច្បាប់ស្តីពីជលផលថ្មី ដែលទើបអនុម័តកាលពីខែមិថុនា ឆ្នាំ២០២៥។ ច្បាប់នេះមានគោលបំណង ពង្រឹងការនេសាទប្រកបដោយ
និរន្តរភាព និងការការពារធនធានសមុទ្រ។
កិច្ចការសំខាន់ចំពោះមុខនាពេលនេះ គឺការត្រៀមលក្ខណៈសម្រាប់សវនកម្មពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជីសហគ្រាសជលផលកម្ពុជា ក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។ FiA ក៏កំពុងបន្តពិភាក្សាលើការចុះហត្ថលេខាសម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល (FiA) បានមានប្រសាសន៍ថា សមិទិ្ធផលគម្រោងនេះ មានតម្លៃលើសពីប្រព័ន្ធវិញ្ញាបនបត្រ ដែលនឹងបន្សល់ទុកនូវកេរដំណែលនៃការផ្លាស់ប្តូរ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតដ៏រុងរឿងសម្រាប់វិស័យជលផលនៅកម្ពុជា។
ទោះបីជាគម្រោងបញ្ចប់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួនសម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជាអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផលប្រកបដោយទំនួលខុសត្រូវ។ លោក ពុំ សុថា បន្ថែម៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


