Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​អនុម័ត​លក់អាវុធ និងកញ្ចប់ថែទាំយោធា ឲ្យ​អារ៉ាប៊ី​សាអូឌីត និងគុយវ៉ែត ក្នុងតម្លៃ​ជាង​២​ពាន់លានដុល្លារ

បានផុស

នៅ

ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃទី១៥ ខែកក្កដា ថា ខ្លួនបានអនុម័តលើលទ្ធភាពលក់ប្រព័ន្ធអាវុធ ទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត​ស្ថិតនៅ​តំបន់​មជ្ឈិមបូព៌ា​ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃទឹកប្រាក់រហូតដល់ ១.៩៦ ប៊ីលានដុល្លារ និងកញ្ចប់ថែទាំសម្ភារយោធាមួយផ្សេងទៀតតម្លៃ ៤៨៤ លានដុល្លារ ឲ្យទៅគុយវ៉ែត។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារ Anadolu

រូបភាព៖ក្រសួងការពារជាតិអាមេរិក (DVIDS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការបរទេសអាមេរិក, ប្រទេសអារ៉ាប៊ីសាអូឌីត បានស្នើសុំទិញក្បាលនាំផ្លូវពីអាកាសទៅអាកាសប្រភេទ APKWS-II រហូតដល់ ១០.០០០ គ្រាប់​ និងក្បាលនាំផ្លូវពីអាកាសទៅដីប្រភេទ APKWS-II ចំនួន ១០.០០០ គ្រាប់​បន្ថែមទៀត។

ក្រសួងការបរទេស​អាមេរិក បានគូសបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់​គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់អាមេរិក តាមរយៈការលើកកម្ពស់សន្តិសុខរបស់សម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ ដែលជាកម្លាំងចលករសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឈូងសមុទ្រ។

ក្រសួងការបរទេសបានបន្ថែមថា ការលក់នេះក៏នឹងជួយពង្រឹងសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីត ក្នុងការទប់ស្កាត់ការគំរាមកំហែងនាពេលបច្ចុប្បន្ន និងទៅអនាគត ដោយការពង្រឹងប្រព័ន្ធការពារទឹកដីរបស់ខ្លួន ក៏ដូចជាបង្កើនអន្តរប្រតិបត្តិការ (សមត្ថភាពធ្វើការរួមគ្នា) ជាមួយកងកម្លាំងអាមេរិក កងកម្លាំងក្នុងតំបន់ និងកងកម្លាំងណាតូផ្សេងទៀត។ ការលក់ដែលបានស្នើឡើងនេះ ក៏នឹងជួយបង្កើនសមត្ថភាពប្រតិបត្តិការយន្តហោះរបស់អារ៉ាប៊ីសាអូឌីត និងពង្រឹងសមត្ថភាពការពារខ្លួនពីអាកាសទៅអាកាស និងពីអាកាសទៅដីផងដែរ។

ដោយឡែក ទីក្រុងវ៉ាស៊ីនតោនក៏បានអនុម័តលទ្ធភាពលក់អាវុធបរទេស (FMS) ក្នុងតម្លៃ ៤៨៤ លានដុល្លារ ទៅឲ្យប្រទេសគុយវ៉ែត សម្រាប់កម្មវិធីថែទាំយន្តហោះដឹកជញ្ជូនធុន C-17 និងបរិក្ខារពាក់ព័ន្ធ។

កញ្ចប់គាំទ្ររបស់ប្រទេសគុយវ៉ែតនេះ រួមមានគ្រឿងបន្លាស់​យន្តហោះ គ្រឿងបន្លាស់និងគ្រឿងបន្សំ ឧបករណ៍កែច្នៃនិងគាំទ្រ គ្រឿងបន្លាស់និងឧបករណ៍ជួសជុល ឧបករណ៍ចល័តនៅលើដី ឧបករណ៍ទំនាក់ទំនង ប្រព័ន្ធគាំទ្រកម្មវិធីកុំព្យូទ័រ (Software) ឯកសារបច្ចេកទេស ព្រមទាំងសេវាកម្មបណ្តុះបណ្តាល និងភស្តុភារផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម