ព័ត៌មានជាតិ
បរិមាណទឹកក្នុងអាងទន្លេបាទី ពេញស្មើ១០០%មន្ត្រីជំនាញបើកទ្វារទឹកទាំងអស់ដើម្បីរំដោះទឹកចេញ
គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បរិមាណទឹកក្នុងអាងទន្លេបាទីដែលស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានប្រមាណ ៧,៩លានម៉ែត្រគូប ស្មើនឹង ១០០% នៃបរិមាណស្ដុកទឹកសរុប ៧,៩លានម៉ែត្រគូប មន្ត្រីជំនាញបានបើកទ្វារទឹកទាំងអស់ដើម្បីរំដោះទឹកចេញ។ តាមមន្ត្រីជំនាញ បរិមាណទឹកក្នុងអាងទន្លេបាទីនាពេលនេះ មានកម្ពស់ ៧,៥ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ៨ម៉ែត្រ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧តុលានេះ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ និងអមដំណើរដោយមន្ត្រីពាក់ព័ន្ធបានមានប្រសាសន៍ថា ពេលនេះទ្វារទឹកប្រឡាយ៧៨ ដែលហូរចូលអាងទន្លេបាទីបើកទាំងអស់ ដោយសារមានលំហូរទឹកពីផ្នែកខាងលើតំបន់ទំនប់៧មករា ចំណែកទ្វារទឹកនៅទីតាំងស្ថានីយបូមទឹក ហ៊ុន សែនទី២២ និងទី២៣ និងប្រឡាយហនុមាន គឺបើកទាំងអស់ដូចគ្នា ដើម្បីរំដោះទឹកចេញពីអាងទន្លេបាទី។

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បានណែនាំបន្ថែមដល់ក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល ក៏ដូចជារដ្ឋបាលស្រុកបាទី ឱ្យបន្តកិច្ចសហការជិតស្និទ្ធជាមួយឆ្មាំទ្វារទឹកនៅទំនប់៧មករា ក្នុងការផ្លាស់ប្តូរព័ត៌មាន និងត្រៀមបិទទ្វារទឹក ដើម្បីរក្សាទឹកទុកក្នុងអាងឱ្យបានពេញ សម្រាប់បម្រើដល់ការប្រើប្រាស់នៅរដូវប្រាំងខាងមុខ។

ក្នុងថ្ងៃដដែល លោករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៦៥%៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


