ព័ត៌មានជាតិ
ក្រោយស្រាវជ្រាវអស់ជាង ១០ ឆ្នាំ អាជ្ញាធរទន្លេសាបចេញផ្សាយសៀវភៅសិក្សាពីប្រភេទត្រី និងជីវចម្រុះបឹងទន្លេសាប
អាជ្ញាធរទន្លេសាប បានបោះពុម្ពចេញផ្សាយសៀវភៅសិក្សាពីប្រភេទត្រីនៅទន្លេសាបនាចុងរដូវវស្សា និងអំពីប្រព័ន្ធជីពចរទឹកជំនន់តំបន់ទំនាបត្រូពិកបឹងទន្លេសាបក្នុងប្រទេសកម្ពុជា។
លោក សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាបបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទថា គោលដៅនៃការចេញផ្សាយសៀវភៅនេះ គឺដើម្បីផ្សព្វផ្សាយចំណេះដឹងពីសក្ដានុពលនៃធនធានធម្មជាតិ និងជីវចម្រុះបឹងទន្លេសាបរបស់ប្រទេសកម្ពុជា។
«សៀវភៅស្រាវជ្រាវនេះមានតម្លៃសម្រាប់ការសិក្សា ដោយសារវាជួយឲ្យយើងដឹងថាតើត្រីណាដែលសម្បូរ ត្រីណាអាចធ្វើអីបាន និងប្រភេទត្រីដែលជិតផុតពូជ ឬក៏ត្រូវអភិរក្ស»។

ការចងក្រងសៀវភៅដែលបង្ហាញពីភាពសំបូរបែបនៃធនធានធម្មជាតិនៃបឹងទន្លេសាប កើតឡើងពីការស្រាវជ្រាវអស់រយៈពេលជាង ១០ ឆ្នាំ និងមានការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលផល ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
លោក សរ គឹមសាន្ត បានបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះគ្រាន់តែជាជំហានដំបូង មិនទាន់ដាក់ឲ្យប្រើប្រាស់ទូលំទូលាយនោះទេ ព្រោះត្រូវការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់បន្ថែមទៀតដើម្បីធានាថាឈ្មោះ (ឈ្មោះបច្ចេកទេស ឈ្មោះវិទ្យាសាស្ត្រ) និងការកំណត់អត្តសញ្ញាណ (ត្រីសម្បូរ ឬត្រីជិតផុតពូជ) គឺត្រឹមត្រូវឥតខ្ចោះមុននឹងចែកចាយដល់សាធារណជន។
តាមរយៈសៀវភៅសិក្សាទាំងពីរក្បាល លោក សរ គឹមសាន្ត បានអះអាងថា នឹងដើរតួនាទីយ៉ាងសំខាន់ជាឯកសារគោល និងជំនួយសម្រាប់ឲ្យក្រសួងស្ថាប័នជំនាញ អ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធនានា អាចយកទៅធ្វើជាអំណះអំណាង និងប្រើប្រាស់តាមតម្រូវការផ្សេងៗ។


សៀវភៅស្រាវជ្រាវដ៏សំខាន់ចំនួន ២ ដែលអាជ្ញាធរទន្លេសាបទើបតែបោះពុម្ពផ្សព្វផ្សាយដែលសៀវភៅទី ១៖ រៀបរាប់ពីការសិក្សាប្រភេទត្រីនាចុងរដូវវស្សានៅទន្លេសាបមានកម្រាស់ ២៥០ ទំព័រ។ វាគឺជាឯកសារចំណេះដឹងមូលដ្ឋានដែលបង្ហាញពីប្រភេទត្រីចំនួន ១២១ ប្រភេទ។
សៀវភៅនេះផ្តោតលើប្រភេទត្រីទឹកសាបដែលធ្វើការផ្លាស់ប្ដូរទីតាំងពីបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធតាមដងទន្លេនាចុងរដូវវស្សា ដែលការស្រាវជ្រាវប្រមូលទិន្នន័យបានធ្វើឡើងចាប់ពីរដូវនេសាទឆ្នាំ ២០១១-២០១២ រហូតដល់រដូវនេសាទឆ្នាំ ២០២២-២០២៣។
ក្នុងសៀវភៅមានពិពណ៌នាពីរូបរាង លក្ខណៈសម្គាល់ ប្រភេទ អំបូរ និងឈ្មោះវិទ្យាសាស្ត្ររបស់ត្រី ទៅតាមលំដាប់ចំណាត់ថ្នាក់របស់ត្រីនីមួយៗ។
ដោយឡែកសៀវភៅស្រាវជ្រាវទី ២ បង្ហាញអំពីប្រព័ន្ធជីពចរទឹកជំនន់តំបន់ទំនាបត្រូពិកបឹងទន្លេសាបប្រទេសកម្ពុជា។ សៀវភៅនេះមានកម្រាស់ ២៤៣ ទំព័រ បែងចែកជា ៧ ជំពូក ដែលនិយាយពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងភាពងាយរងគ្រោះនៃប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ខណៈជំពូកបន្តបន្ទាប់ក៏បានរំលេចពីទិដ្ឋភាពទូទៅនៃបឹងទន្លេសាប គុណភាពទឹក លក្ខណៈជីវភូមិសាស្ត្រនៃបរិស្ថានទឹក និងការគ្រប់គ្រងបរិយាកាសជាដើម៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


